គណៈប្រតិភូមូលនិធិសម្រាប់អភិរក្សបរិស្ថាននៃប្រទេសប៊ូតានបានមកទស្សនកិច្ចដកពិសោធន៍លើដំណើរការទទួលស្គាល់ជាភ្នាក់ងារអនុវត្តផ្ទាល់នៃមូលនិធិអាកាសធាតុបៃតងរបស់លេខាធិការដ្ឋាន គ.ជ.អ.ប

ខេត្តសៀមរាប៖ គណៈប្រតិភូមូលនិធិសម្រាប់ការអភិរក្សបិរស្ថាននៃប្រទេសប៊ូតាន (Bhutan Trust Fund for Environmental Conservation) ចំនួន ៥រូបដឹកនាំដោយលោកបណ្ឌិត Pema Choephyel នាយកប្រតិបត្តិ បានមកធ្វើទស្សនកិច្ចសិក្សារយៈពេលពីរថ្ងៃនៅលើទឹកដីអង្គរ ខេត្តសៀមរាប ដើម្បីដកពិសោធន៍​លើដំណើរការទទួលស្គាល់ជាភ្នាក់ងារអនុវត្តផ្ទាល់ (Direct Access​ Entity) នៃមូលនិធិអាកាសធាតុបៃតង (Green Climate Fund) របស់លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោម (គ.ជ.អ.ប)។

ក្រុមការងារនៃលេខាធិការដ្ឋាន គ.ជ.អ.ប សហការជាមួយក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព អង្គការ UNCDF រដ្ឋបាលខេត្តសៀមរាប រដ្ឋបាលស្រុកប្រាសាទបាគង និងរដ្ឋបាលឃុំត្រពាំងធំ បានទទួលរៀបចំដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៃមូលនិធិសម្រាប់ការអភិរក្សបរិស្ថាននៃប្រទេសប៊ូតាន ដើម្បីសិក្សាស្វែងយល់អំពីដំណើរឆ្ពោះទៅទទួលស្គាល់ជាស្ថាប័នអនុវត្តដោយផ្ទាល់នៃមូលនិធិអាកាសធាតុបៃតង និងការអនុវត្តគម្រោងបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុនៅថ្នាក់ក្រោមជាតិ។

ប្រធានគណៈប្រតិភូ លោក Pema Choephyel បានមានប្រសាសន៍អំពីគោលបំណងនៃទស្សនិច្ចរបស់គណៈប្រតិភូនៃប្រទេសប៊ូតានមកកាន់ប្រទេសកម្ពុជា និងចំណាប់អារម្មណ៍របស់គណៈប្រតិភូថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូលោកពេលនេះ មានគោលបំណងរួមមាន៖

១. ស្វែងយល់ពីវិធីសាស្រ្ត និងដំណើរការទទួលស្គាល់ជាស្ថាប័នអនុវត្តផ្ទាល់របស់លេខាធិការដ្ឋាន គ.ជ.អប

២. ស្វែងយល់ការដាក់ពាក្យសុំទទួលស្គាល់ជាផ្លូវការឱ្យត្រឹមត្រូវ និងទាន់ពេលវេលា

៣. រៀបចំឯកសារ ផែនការសកម្មភាពក្នុងការអនុវត្តគម្រោងនៅក្នុងសហគមន៍

៤. ការរៀបចំគម្រោងការអនុវត្តការត្រួតពិនិត្យ និងការវាយតម្លៃ

៥. ស្វែងយល់ពីការទទួលខុសត្រូវរបស់ភាគី​ពាក់ព័ន្ធ។

ក្នុងឱកាសនេះដែរ លោក ឈុន ប៊ុនណារ៉ា ប្រធានអង្គភាពគ្រប់គ្រង និងគាំទ្រកម្មវិធី និងជាតំណាង​​លេខាធិការដ្ឋាន គ.ជ.អ.ប បានស្វាគមន៍គណៈប្រតិភូដែលជ្រើសរើសកម្ពុជា ជាប្រទេសដកពិសោធន៍លើ​​ការអនុវត្តគម្រោងបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ និងដំណើរការស្នើសុំជាស្ថាប័នអនុវត្តផ្ទាល់ពីមូលនិធិអាកាសធាតុបៃតង។ ជាមួយគ្នានេះ លោកបានធ្វើបទបង្ហាញស្តីពី ដំណើរការទទួលស្គាល់ជាស្ថាប័នអនុវត្តផ្ទាល់របស់លេខាធិការដ្ឋាន គ.ជ.អ.ប ទៅមូលនិធិអាកាសធាតុបៃតង វឌ្ឍនភាព បញ្ហាប្រឈម និងអនុសាសន៍ ដល់គណៈប្រតិភូប៊ូតានផងដែរ។

គណៈប្រតិភូ និងក្រុមការងារទាំងអស់បានពិភាក្សារួមលើកិច្ចដំណើរការទទួលស្គាល់ជាស្ថាប័នអនុវត្តផ្ទាល់របស់លេខាធិការដ្ឋាន គ.ជ.អ.ប ការគាំទ្រនានា និងលទ្ធភាពដែលអាចជួយពន្លឿននូវកិច្ចដំណើរការទទួលស្គាល់ជាស្ថាប័នអនុវត្តផ្ទាល់របស់ប្រទេសប៊ូតាន។

បន្ទាប់ពីការធ្វើបទបង្ហាញដែលរៀបចំឡើងនាសាលប្រជុំរដ្ឋបាលសាលាខេត្តសៀមរាបរួច តំណាងស្ថាប័នទាំងពីរបានចែករំលែកគំនិតគ្នាទៅវិញទៅមកពាក់ព័ន្ធ​នឹងការងារខាងលើ។ ភាគីទាំងពីរយល់ស្របថា គួរតែមានកិច្ចសហប្រតិបត្តិការកាន់តែញឹកញាប់ជាងមុនបន្ថែមទៀតរវាងស្ថាប័នអនុវត្តមូលនិធិផ្ទាល់ផ្នែកសាធារណៈ ត្បិតខាងផ្នែកឯកជនបានចងក្រងបណ្តាញ និងផ្សារភ្ជាប់ទំនាក់ទំនងកាន់តែច្រើនជាងផ្នែកសារធារណៈ។

បន្ទាប់ពីពិភាក្សារួចមក គណៈប្រតិភូបានធ្វើដំណើរទៅទស្សនកិច្ច នៅទីតាំងអនុវត្តគម្រោងស្ថារស្រះទឹកមួយកន្លែងក្នុងឃុំត្រពាំងធំ ស្រុកប្រាសាទបាគង។ គណៈប្រតិភូបានស្វែងយល់នូវដំណើរការកសាង​ផែនការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ការរៀបចំគម្រោង ការអនុវត្តគម្រោង និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនៅសហគមន៍ ព្រមទាំងបានចូលទស្សនាប្រាសាទអង្គរវត្តដែលជាសម្បត្តិ​បេតិកភណ្ឌពិភពលោក​ និងប្រាសាទអត្តសញ្ញាណជាតិខ្មែរផងដែរ។

ក្រោយពីបញ្ចប់ទស្សនកិច្ចស្វែងយល់ដោយផ្ទាល់រួចមក លោកបណ្ឌិត Pema Choephyel បានថ្លែងអំណរគុណថ្នាក់ដឹកនាំលេខាធិការដ្ឋាន គ.ជ.អ.ប និងរដ្ឋបាលខេត្តសៀមរាបដែលបានរៀបចំស្វាគមន៍ និងទទួលដំណើរទស្សនកិច្ចរបស់គណៈប្រតិភូប៊ូតានបានយ៉ាងកក់ក្តៅ។ ជាងនេះទៀត ប្រធានគណៈប្រតិភូមូលនិធិសម្រាប់ការអភិរក្សបរិស្ថាននៃប្រទេសប៊ូតាន បានអញ្ជើញថ្នាក់ដឹកនាំលេខាធិការដ្ឋាន គ.ជ.អ.ប ទៅទស្សនកិច្ចនៅប្រទេសប៊ូតាន លើយន្តការនៃការរៀបចំ Trust Fund សម្រាប់កិច្ចអភិរក្ស និងការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុនៅថ្ងៃខាងមុខផងដែរ។

សូមជម្រាបជូនថា ព្រះរាជាណាចក្រប៊ូតាន់ គឺជាប្រទេសខ្ពង់រាប ស្ថិតនៅតំបន់អាស៊ីខាងត្បូង ដែលភាគខាងកើតជាប់នឹងភ្នំហេមពាន្ត និងមានព្រំប្រទល់ចន្លោះជ្រលងភ្នំតំបន់ទីប៉េ ប្រទេសចិន និងតំបន់ប៊ែងកាល់ ប្រទេសឥណ្ឌា។ រាជធានីរបស់ប៊ូតាន់ គឺ Thimphu៕

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់