ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ជំរុញអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធពង្រឹងការងារ​​សន្តិសុខ​​កសិកម្ម និងបន្តដោះស្រាយសំណូមពរជូនប្រជាពលរដ្ឋ

ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤ អាណត្តិទី៣របស់​ខ្លួន កាលពីព្រឹកថ្ងៃពុធ ៤កើត ខែអស្សុជ ឆ្នាំកុរ ឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩នេះ ដោយបានជំរុញឱ្យអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងសមត្ថកិច្ចមន្ទីរពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ពង្រឹងការងារសន្តិសុខ ចុះតាមដានត្រួតពិនិត្យលើការងារដាំដុះដំណាំរដូវ​វស្សា និងតំបន់ដែលទទួលរងគ្រោះដោយជំនន់ទឹកភ្លៀងកន្លងមកនេះ ដើម្បីបន្តធ្វើការ ដោះស្រាយនូវរាល់សំណូមពរប្រជាពលរដ្ឋ ដែលកើតមានតាមមូលដ្ឋានឱ្យបាន លឿនមានតម្លាភាពនោះ។

ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យបានធ្វើការរម្លឹក ដល់ អាជ្ញាធរនិងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវបន្តសហការគ្នាប្រមូលផ្តុំនូវវិធានជំនាញ និងកម្លាំងសរុបនៅក្នុងការចាត់វិធានការបង្ការទប់ស្កាត់ និងបង្ក្រាបនូវរាល់បទល្មើស គ្រប់ប្រភេទ និងបាតុភាពអសកម្មផ្សេងៗនៅក្នុងសង្គម ប្រកបដោយស្មារតីទទួលខុសត្រូវ និងមានភាពអត់ធ្មត់ទាំងលើសន្តិសុខផ្ទៃក្នុងនិងតាមខ្សែបន្ទាត់ព្រំដែន។

ឯកឧត្តមបានជំរុញដល់មន្ត្រីមន្ទីរសាធារណការ,អភិវឌ្ឍន៍ជនបទ,ធនធានទឹក​គប្បីត្រូវរួមជាមួយអាជ្ញាធរនៅតាមមូលដ្ឋានបន្តយកចិត្តទុកដាក់តាមដានពិនិត្យមើលលើតំបន់ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងកន្លងមកនេះដើម្បីជួយដោះស្រាយរាល់បញ្ហាប្រឈមនានា និងតម្រូវការរបស់ប្រជាពលរដ្ឋបានទាន់ពេលដែលក្នុងនោះរួមមានការត្រូវធ្វើការជួស​ជុលឱ្យប្រសើរឡើងវិញនូវផ្លូវថ្នល់តាមទីជនបទនិងប្រព័ន្ធធារាសាស្ត្រ ដែលរងការខូចខាត ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ការរក្សាទឹកទុកសម្រាប់ប្រើប្រាស់ការងារកសិកម្ម។ រីឯមន្ទីរ​កសិកម្មក៏ត្រូវបង្កើនការតាមដានមើលការដាំដុះស្រូវវស្សានិងដំណាំផ្សេងៗទៀត ដើម្បីជួយដល់កសិករយើងដូចជាស្រូវពូជដើម្បីស្តារការដាំដុះឡើងវិញ ពេលទឹកស្រកចុះបន្តជួយផ្សព្វផ្សាយដល់ប្រជាកសិករអំពីបច្ចេកទេសការដាំដុះប្រើប្រាស់ពូជស្រូវដែលជាតម្រូវការទីផ្សារ ហើយត្រូវរួមជាមួយមន្ទីរពាណិជ្ជកម្មក្នុងការ ជួយស្វែងរកដៃគូដែលជាទីផ្សារលក់កសិផលជូនដល់ប្រជាកសិករយើងដែលពួកគាត់កំពុងត្រូវ​ការចាំបាច់នោះ។

ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យក៏បានរម្លឹកដល់អាជ្ញាធរដែនដីរួមទាំងក្រុមការងារទាំងអស់ត្រូវយកចិត្តទុកដាក់ខិតខំប្រឹងប្រែងព្យាយាមបន្តចុះជួបប្រជាពលរដ្ឋតាមរយៈការធ្វើវេទិកាសាធារណៈឱ្យបានញឹកញាប់ស្តាប់នូវទុក្ខលំបាកសំណូមពរសេចក្តីត្រូវការចាំបាច់​​របស់ប្រជាពលរដ្ឋហើយប្រមូលយកបញ្ហាទាំងអស់នេះដោយរួមគ្នាធ្វើការដោះស្រាយជា​បន្ទាន់ជូនដល់​ពួកគាត់ឱ្យបានទាន់ពេលវេលានោះ។

ប្រភពពីទីភ្នាក់ងារសារព័ត៌មានកម្ពុជា៕

 

 

 

 

 

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់