ឯកឧត្តម ស៊ វរិន ដឹកនាំកិច្ចប្រជុំរៀបចំគម្រោង​ប៉ាន់ស្មានការ​ចំណាយ​តាមសកម្មភាពនានាក្នុងឆ្នាំ ២០១៩ ក្នុងលេខាធិការដ្ឋាន គ.ជ.អ.ប

រាជធានីភ្នំពេញ៖ នៅថ្ងៃសុក្រ២រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨នេះ ឯកឧត្តម ស៊ វរិន អគ្គនាយករង​នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួង​មហាផ្ទៃ និងជា​ប្រធានអង្គភាពរដ្ឋបាល និងហិរញ្ញវត្ថុនៃ​លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នា​ក់ក្រោមជាតិ(គ.ជ.អ.ប) បានដឹកនាំកិច្ចប្រជុំស្តីពី ការរៀបចំ​ម្រោង​ប៉ាន់ស្មាន​ការ​ចំណាយ​តាមសកម្មភាពនានាក្នុងឆ្នាំ ២០១៩ ក្នុងលេខាធិការដ្ឋាន គ.ជ.អ.ប។

សមាសភាពអញ្ជើញចូលរួមកិច្ចប្រជុំនេះមានប្រមាណ ៣០រូបមកពី​អង្គភាពទាំង៤នៃលេខាធិការ​ដ្ឋាន​ គ.ជ.អ.ប ក្នុងនោះ រួមមាន៖ អង្គភាពវិភាគ និងអភិវឌ្ឍន៍គោលនយោបាយ អង្គភាពត្រួតពិនិត្យ​ វាយតម្លៃ និងព័ត៌មាន អង្គភាព​គ្រប់គ្រង និងគាំទ្រកម្មវិធី និងអង្គភាព​រដ្ឋបាល​​ និងហិរញ្ញវត្ថុ។

ឯកឧត្តម ស៊ វរិន ប្រធានអង្គភាពរដ្ឋបាល និងហិរញ្ញវត្ថុនៃ​លេខាធិការដ្ឋាន គ.ជ.អ.ប បានមានប្រសាសន៍​ថា ការរៀបចំគម្រោងប៉ាន់ស្មានការ​ចំណាយ​​តាម​សកម្មភាព​​ក្នុង​ឆ្នាំ​២០១៩​​​​​នេះ មានគោលបំណងកំណត់​សកម្មភាព អនុសកម្មភាព និងប្រភេទចំណាយលម្អិតឱ្យបានច្បាស់លាស់ ដើម្បីបន្តអនុវត្តការងារ​កំណែទម្រង់វិមជ្ឈការ និង​វិសហមជ្ឈការ​ ស្របតាមកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ​​​​​​​​នៅថ្នាក់ក្រោមជា​តិ ១០ឆ្នាំ​របស់រាជរដ្ឋាភិបាលឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។

សូមបញ្ជាក់ថា រាល់ការចំណាយលើការអនុវត្តផែនការសកម្មភាពឆ្នាំ២០១៩ខាងមុខ លេខាធិការដ្ឋាន​ គ.ជ.អ.ប នឹងប្រើប្រាស់កញ្ចប់ថវិការបស់រាជរដ្ឋាភិបាល​ តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​។

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់