សម្ដេចក្រឡា​​​ហោម ស ខេង អញ្ជើញ​​ជាអធិប​​តី​​ភាព​​ដ៏ខ្ពង់​​ខ្ពស់​​បិទ​​សិក្ខាសាលា​​ជាតិ​​ស្តីពី ​​ការរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០១៩​ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ

(ភ្នំពេញ)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៥រោច ខែមិគសិរ ឆ្នាំច ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០១៨នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធាន​គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បិទសិក្ខាសាលា ស្ដីពី ការរៀបចំ​ផែនការ​សកម្មភាព និងថវិកា ឆ្នាំ២០១៩ របស់ គ.ជ.អ.ប នៅទីស្ដីការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធសរុបប្រមាណ ៥០០រូប។

សិក្ខាសាលា​ជាតិ​នេះ​រៀបចំ​ឡើង​ក្នុង​គោលបំណង​ឆ្លុះ​បញ្ចាំង​អំពី​វឌ្ឍនភាព និង​បញ្ហា​ប្រឈម​នានា​នៃ​ការ​អនុវត្ត​ផែនការ​សកម្មភាព និង​ថវិកា​ឆ្នាំ​២០១៨ របស់​ គ.ជ.អ.ប និង​​ផ្តល់​ឱកាស​ឲ្យ​មានការ​ពិភាក្សា និង​ពិគ្រោះ​យោបល់​ក្នុង​ចំណោម​តួអង្គ​ពាក់ព័ន្ធ​នានា​ទាំង​នៅ​ថ្នាក់​ជាតិ និង នៅ​ថ្នាក់​ក្រោម​ជាតិ ដើម្បី​រិះរក​ដំណោះស្រាយ​ចំពោះ​បញ្ហា​ប្រឈម និង​ស្វែងរក​ការ​ឯកភាពគ្នា​លើ​សេចក្តី​ព្រាង​ផែនការ​សកម្មភាព និង​ថវិកា ឆ្នាំ​២០១៩ របស់ គ​.​ជ​.​អ​.​ប ដើម្បី​ឈាន​ទៅ​រៀបចំ​កញ្ចប់ និង​ការ​ដាក់​ជូន​គ​.​ជ​.​អ​.​ប ពិនិត្យ និង​សម្រេច ។

ផ្អែក​តាម​កម្មវិធី​ដែល​បាន​គ្រោងទុក ​អង្គ​សិក្ខាសាលាទាំងមូលបាន​បង្ហាញ​អំពី​វ​ឌ្ឍ​ភាព និង​បញ្ហា​ប្រឈម​នានា​នៅ​ក្នុង​ការ​អនុវត្ត​ក្នុង​ឆ្នាំ​២០១៨ និង អំពី​សេចក្តី​ព្រាង​សកម្មភាព​ជា​អាទិភាព​នានា​ដែល​គ្រោង​នឹង​សម្រេច​ឲ្យ​បាន​នៅ​ក្នុង​ឆ្នាំ​២០១៩ ខាង​មុខ​នេះ។

សូមជម្រាបជូនថា គ.ជ.អ.ប​​​​​​​​ ត្រូវ​បាន​បង្កើត​ឡើងដោយ​ព្រះ​រាជក្រឹត្យ​លេខ នស/រកត/១២០៨/១៤២៩​ ចុះ​ថ្ងៃ​ទី ៣១ ខែ​ធ្នូ​ ឆ្នាំ២០០៨។​ គ.ជ.អ.ប មាន​គណនេយ្យ​ភាព​ចំពោះ ​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​​អនុវត្ត​ច្បាប់​ស្តីពី​ការ​គ្រប់​គ្រង រដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ​ខណ្ឌ (ច្បាប់​រៀបចំ​អង្គការ) ច្បាប់​ស្ដីពី​គ្រប់គ្រង​រដ្ឋបាល​ឃុំ សង្កាត់​ និងអនុវត្ត​គោលនយោបាយ​កំណែ​ទម្រង់​វិមជ្ឈការ​ និង​វិសហមជ្ឈការ។ លើសពីនេះទៀត គ.ជ.​អ. ប គឺ​ជា​យន្តការ​អន្តរ​ក្រសួង​សម្រាប់​ការ​លើក​​កម្ពស់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​តាម​រយៈ​កំណែ​ទម្រង់​វិមជ្ឈការ និង វិសហមជ្ឈការ​នៅ​ក្នុង​ប្រទេស​កម្ពុជា៕

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់