កិច្ចប្រជុំរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០១៨ របស់ គ.ជ.អ.ប

រាជធានីភ្នំពេញ៖ កាលពីថ្ងៃអង្គារ ​ ៧កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ ​នេះលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានរៀបចំកិច្ចប្រជុំជាមួយស្ថាប័នអនុវត្តចំនួន៤៦ ដែលមានតំណាងក្រសួងចំនួន២១ និងតំណាងរាជធានី ខេត្តចំនួន២៥ ដែលជាស្ថាប័នអនុវត្តកិច្ចការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅសាលប្រជុំរបស់លេខាធិការដ្ឋាន គ.ជ.អ.ប។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីណែនាំពីការរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០១៨ របស់ស្ថាប័នអនុវត្តនៃផែនការអនុវត្ត៣ឆ្នាំ ដំណាក់កាលទី៣ (ផ.អ.៣ទី៣) ដោយផ្តោតលើរបៀបវារៈធំៗចំនួនបួនរួមមាន៖

  • វឌ្ឍនភាពនៃការរៀបចំ ផែនការសកម្មភាព និងថវិកា (ផ.ស.ថ) ឆ្នាំ២០១៨
  • ថវិកាប៉ាន់ស្មាននៃ ផ.ស.ថ ឆ្នាំ២០១៨
  • សកម្មភាពជាចម្បងនៃភារកិច្ចដំណើរការផ្ទេរមុខងារ
  • បញ្ហាប្រឈមនៃការរៀបចំ ផ.ស.ថ ឆ្នាំ២០១៨
  • ជំហានបន្ទាប់

ផ្អែកតាមបទបង្ហាញរបស់លោក ឈុន ប៊ុនណារា អនុប្រធានអង្គភាពគ្រប់គ្រង និងគាំទ្រកម្មវិធី នៃលេខាធិការដ្ឋាន គ.ជ.អ.ប បានឱ្យដឹងថា គិតមកត្រឹមថ្ងៃរៀបចំកិច្ចប្រជុំនេះ មានក្រសួង ស្ថាប័នអនុវត្តភាគច្រើនបានផ្ញើនូវផែនការសកម្មភាព និងថវិកាឆ្នាំ២០១៨ មកលេខាធិការដ្ឋាន គ.ជ.អ.ប ប៉ុន្តែនៅមានក្រសួង ស្ថាប័នអនុវត្តមួយចំនួនទៀតមិនទាន់បានផ្ញើ ផ.ស.ថ ឆ្នាំ២០១៨ មកមកលេខាធិការដ្ឋាន គ.ជ.អ.ប តាមផែនការដែលបានគ្រោងទុកនៅឡើយ។ ចំពោះឆ្នាំ២០១៨នេះ ថវិកាដែលត្រូវប្រើប្រាស់ក្នុងកិច្ចការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការផ្តោតលើកំណែទម្រង់ស្នូលមានចំនួនប្រមាណ ៦៧លានដុល្លារអាមេរិក ដែលក្នុងនោះថវិការបស់រាជរដ្ឋាភិបាលមានចំនួនប្រមាណ២០លានដុល្លារអាមេរិក និងថវិការបស់ដៃគូអភិវឌ្ឍន៍តាមរយៈគម្រោងដាច់ដោយឡែកចំនួនប្រមាណ៤៧លានដុល្លារអាមេរិក។ ចំពោះថវិកាដែលត្រូវផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិមានចំនួនប្រមាណ៤១៤លានដុលារអាមេរិក ដែលក្នុងនោះថវិការបស់រាជរដ្ឋាភិបាលមានចំនួនប្រមាណ៤១០លានដុល្លារអាមេរិក និងថវិការបស់ដៃគូអភិវឌ្ឍន៍មានចំនួនប្រមាណ៤លានដុល្លារអាមេរិក។ ជារួម ថវិកាប៉ាន់ស្មានសម្រាប់ ផ.ស​.ថ ឆ្នាំ២០១៨ មានចំនួនសរុបប្រមាណ៤៨១លានដុលារអាមេរិក ដែលក្នុងនោះថវិការបស់រាជរដ្ឋាភិបាលមានចំនួន៤៣០លានដុល្លារអាមេរិក និងថវិការបស់ដៃគូអភិវឌ្ឍន៍មានចំនួនប្រមាណ៥១លានដុល្លារអាមេរិក។

រីឯសកម្មភាពជាចម្រងនៃកិច្ចដំណើរការផ្ទេរមុខងាររួមមាន៖

  • ពិនិត្យ និងរៀបចំរបាយការណ៍ស្តីពីបញ្ជីវិភាគមុខងារ
  • ពិនិត្យ និងរៀបចំរបាយការណ៍ស្តីពីការពិនិត្យមើលមុខងារឡើងវិញ
  • សិក្សា និងវិភាគអំពីធនធាន និងតម្រូវការនានាក្នុងការផ្ទេរមុខងារទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ
  • រៀបចំលិខិតបទដ្ឋានគតិយុត្ត និងសេចក្តីណែនាំបច្ចេកទេសសម្រាប់ផ្ទេរ និងអនុវត្តមុខងារ
  • រៀបចំផែនការសកម្មភាព និងថវិកាសម្រាប់អនុវត្តមុខងារដែលបានផ្ទេរ
  • ផ្តល់មូលនិធិអនុវត្តមុខងារដែលបានផ្ទេរ
  • អនុវត្តការវាយតម្លៃអំពីការអនុវត្តមុខងារដែលបានផ្ទេរ
  • អនុវត្តការសិក្សាទិន្នន័យដើមគ្រាអំពីមុខងារដែលត្រូវផ្ទេរ
  • ត្រួតពិនិត្យ តាមដាន និងគាំទ្រថ្នាក់ក្រោមជាតិក្នុងការអនុវត្តកិច្ចដំណើរការផ្ទេរមុខងារ
  • ផ្តល់ការគាំទ្រចំណាយប្រតិបត្តិការដល់ការអនុវត្ត ផ.ស.ថ ឆ្នាំ២០១៨
  • ផ្តល់ជំនួយបច្ចេកទេស ដើម្បីគាំទ្រការផ្ទេរមុខងារ (ប្រសិនបើមានថវិកាគាំទ្រពីសហគមន៍អឺរ៉ុប)

ទន្ទឹមនឹងនេះ​ ការរៀបចំ ផ.ស.ថ ឆ្នាំ២០១៨ មានបញ្ហាប្រឈមមួយចំនួនដូចជា៖

  • ការរៀបចំមានភាពយឺតយ៉ាវ
  • សកម្មភាពច្រើន និងលម្អិតពេក
  • ពុំមានកំណត់សកម្មភាពដែលត្រូវអនុវត្តបន្តដោយថ្នាក់ក្រោមជាតិ
  • សកម្មភាពមួយចំនួនពុំបានរៀបចំតាមលំដាប់លំដោយស្របតាមជំហាននានានៃកិច្ចដំណើរការផ្ទេរមុខងារ
  • ពុំបានបញ្ចូលសកម្មភាពសំខាន់ៗមួយចំនួនដូចជា ការសិក្សា និងការវិភាគអំពីធនធាននានាដែលត្រូវផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ការរៀបចំផែនការសកម្មភាព និងថវិកាសម្រាប់ផ្ទេរ និងអនុវត្តមុខងារ ការសិក្សាទិន្នន័យដើមគ្រាអំពីមុខងារដែលត្រូវផ្ទេរ។ល។

ដើម្បីធានាបាននូវការរៀបចំ ផ.ស.ថ ឆ្នាំ២ ០១៨ ប្រកបដោយភាពត្រឹមត្រូវ និងកាន់តែមានប្រសិទ្ធភាពខ្ពស់ លេខាធិការដ្ឋាន គ.ជ.អ.ប បានរៀបចំនូវផែនការសកម្មភាពជំហានបន្ទាប់ដែលរួមមាន៖

  • ក្រសួង ស្ថាប័នទាំងអស់ត្រូវពិនិត្យ កែសម្រួល និងរៀបចំតារាង ផ.ស.ថ ឆ្នាំ២០១៨ ដើម្បីផ្ញើមកលេខាធិការដ្ឋាន គ.ជ.អ.ប ឱ្យបានមុនថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨។
  • ក្រសួង ស្ថាប័នទាំងអស់ត្រូវពិនិត្យ និងកែសម្រួលសកម្មភាពដែលបានព្រាងឡើងវិញ ធៀបនឹងសូចនាករ និងចំណុចដៅដែលបានកំណត់នៅក្នុង ផ.អ.៣ទី៣ សម្រាប់ឆ្នាំ២០១៨
  • ចំពោះក្រសួងដែលត្រូវផ្ទេរមុខងារត្រូវពិនិត្យ និងកែសម្រួលសកម្មភាពនៃ ផ.ស.ថ ឆ្នាំ២០១៨ ស្របតាមសកម្មភាពចម្បងនៃកិច្ចដំណើរការផ្ទេរមុខងារដែលបានកំណត់ខាងលើ។

បើតាមផែនការគ្រោងទុក ផ.ស.ថ ឆ្នាំ២០១៨នេះ នឹងត្រូវលើកយកទៅពិនិត្យ ពិភាក្សា និងសម្រេចនៅក្នុងសន្និសីទជាតិស្តីពី “កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ៖ មេរៀនបទពិសោធន៍ បញ្ហាប្រឈម និងចក្ខុវិស័យទៅអនាគត” ដែលគ្រោងនឹងរៀបចំនៅក្នុងខែកុម្ភៈ ខាងមុខ៕

 

 

 

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់