វគ្គបណ្តុះបណ្តាលស្តីពី ការវាយតម្លៃ​​ការកាត់បន្ថយ​​ភាពងាយរងគ្រោះ​​​​​​​​​ពីការ​ប្រែ​ប្រួលអាកាសធាតុ​​​​​​​​​​​​​ និង​ការបញ្ជ្រាបការប្រែប្រួលអាកាសធាតុ​​​ និងការគ្រប់គ្រង​​​​​គ្រោះមហន្តរាយ​​​​ទៅក្នុងផែនការអភិវឌ្ឍន៍ និងកម្មវិធី​​វិនិយោគបីឆ្នាំរំកិលឃុំ សង្កាត់

ខេត្តសៀមរាប៖ ក្រុមការងារអនុវត្តកម្មវិធីផ្សព្វផ្សាយបច្ចេកទេស​​​កសិកម្ម​​​​​ថ្មីដែលធន់​​​នឹងការ​ប្រែប្រួលអាកាសធាតុ (ASPIRE) នៃលេខាធិការ​​​​ដ្ឋានគណៈ​កម្មាធិការ​ជាតិ​សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានរៀបចំវគ្គបណ្តុះបណ្តាល​​កសាងសមត្ថភាព​​​​​ស្តីពី ការរៀបចំផែន​ទីភាពងាយរងគ្រោះ ការសិក្សា​​ការកាត់បន្ថយ​ភាពងាយរងគ្រោះ​​​​ដែលបណ្តាលមកពី​ការប្រែប្រួលអាកាស​ធាតុ (VRA) និងការបញ្ជ្រាប​ការប្រែប្រួល​​​​អាកាសធាតុទៅក្នុង​ផែនការ​អភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ ឃុំ សង្កាត់ដល់មន្ត្រីថ្នាក់ខេត្ត និងថ្នាក់ស្រុកគោលដៅ រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃ​ពុធ ១កើត ដល់ថ្ងៃសុក្រ ៣កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៣-១៥ ខែមិថុនា ឆ្នាំ២០១៨ ក្នុងសាលប្រជុំសណ្ឋាគារប៉ារាឌី ខេត្តសៀមរាប ដោយមានសមាសភាពអញ្ជើញចូលរួមសរុបចំនូន ៤៥នាក់ រួមមាន ក្រុមការងារ ASPIRE នៃលេខាធិការដ្ឋាន គ.ជ.អ.ប  ក្រុមការងារ ASPIRE ខេត្តស្វាយរៀង ព្រៃវែង កំពត និងមន្ត្រីសម្របសម្រួលជាន់ខ្ពស់ខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំ ខេត្តពោធិ៍សាត់ ខេត្តក្រចេះ និងខេត្តព្រះវិហារ។

សិក្ខាសាលានេះមានគោលបំណង​​​​ ដើម្បីកសាង និងពង្រឹងសមត្ថភាព​​ដល់មន្ត្រី​​​ពាក់ព័ន្ធ​​​​ក្នុងការរៀបចំ​​​ផែនទីភាព​​​ងាយរងគ្រោះ​​​​​ ការអនុវត្ត VRA និង ការបញ្ជ្រាប CCA ក្នុងស្រុកគោលដៅសម្រាប់​ចាត់អាទិភាព​គម្រោង​​​​ ឃុំ សង្កាត់ក្រោម​ការ​គាំទ្រពីថវិកា​របស់កម្មវិធី ASPIRE ឆ្នាំ២០១៨ និងឆ្នាំបន្តបន្ទាប់។ សិក្ខាកាម​ដែល​បានចូលរួម​វគ្គបណ្តុះបណ្តាលនេះមានការកើនឡើងនូវចំណេះដឹង​​ ជំនាញ​​​ និងសមត្ថភាព​​​ក្នុងការ​បញ្ជ្រាប​ការប្រែប្រួលអាកាសធាតុ ​និង​ការគ្រប់គ្រង​​​គ្រោះមហន្តរាយ​​​ទៅក្នុងផែនការ​​​អភិវឌ្ឍន៍ និង​​កម្មវិធី​​វិនិយោគបីឆ្នាំរំកិលឃុំ សង្កាត់ និងអាច​យកទៅ​​​បណ្តុះបណ្តាល​​បន្តដល់ថ្នាក់ឃុំ សង្កាត់។

ចុងបញ្ចប់នៃបណ្តុះបណ្តាលនេះ សិក្ខាកាមនឹងអាច៖

  • រៀបរាប់បានអំពី​គោលគំនិតសំខាន់ៗ ​នៃការបញ្ជ្រាប​​ការប្រែប្រួល​​​​​​​អាកាស​ធាតុ​​​​ និងការគ្រប់គ្រង​​​គ្រោះមហន្តរាយ
  • រៀបរាប់​​បានអំពី​បរិបទទូទៅ មូលហេតុ ផលប៉ះពាល់ និងវិធានការ​នានា​សម្រាប់បន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ
  • រៀបរាប់បានអំពី គោលការណ៍ និងនីតិវិធីនានាអំពី​​​ការបញ្ជ្រាបការ​ប្រែប្រួល​​​អាកាសធាតុ និងការគ្រប់គ្រងគ្រោះមហន្តរាយ
  • រៀបរាប់បានពីគោលការណ៍​​​​នៃការអនុវត្តឧបករណ៍គូសផែនទី​​​​​ភាព​ងាយ​រងគ្រោះរបស់ឃុំ
  • រៀបរាប់បាន​​​អំពី​​​ការអនុវត្តឧបករណ៍​​​សិក្សាការកាត់បន្ថយ​​​​ភាពងាយរង​គ្រោះ​​​ពីការប្រែប្រួលអាកាសធាតុ​​​​​ (VRA)
  • រៀបរាប់បានអំពីការអនុវត្តឧបករណ៍​​​ចំណាត់ថ្នាក់ភាពងាយរងគ្រោះ​​នៃគម្រោង
  • រៀបរាប់​ និងអាច​អនុវត្ត​បានអំពី​ដំណើរការ​​​​​​បញ្ជ្រាប​​​ការប្រែប្រួល​​​អាកាស​ធាតុទៅក្នុង​ផែនការ​​​អភិវឌ្ឍន៍ និង​កម្មវិធី​​វិនិយោគបីឆ្នាំរំកិលរបស់ឃុំ សង្កាត់
  • មានចំណេះដឹង​គ្រប់គ្រាន់សម្រាប់យក​​​ទៅបណ្តុះបណ្តាលដល់​ឃុំ សង្កាត់។

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់