ឯកឧត្តម នី គឹមសាន អញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពី «ការអនុវត្តកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ (ASPIRE) សមាសភាគទី៤ ឆ្នាំ២០១៧

ខេត្តសៀមរាប៖ ក្រុមការងារថ្នាក់ជាតិអនុវត្តកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ (ASPIRE) នៃ​លេខាធិការដ្ឋាន​នៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានរៀបចំសិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពី «ការអនុវត្តកម្មវិធី​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្មីដែលធន់​នឹងការប្រែប្រួលអាកាសធាតុ (ASPIRE) សមាសភាគទី៤ ឆ្នាំ២០១៧» ក្រោមអធិបតីភាពរបស់ ឯកឧត្តម នី គឹមសាន អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និង​ជាប្រធាន​គ្រប់គ្រង​កម្មវីធី ASPIRE សមាសភាគ៤ ដែលប្រារព្ធឡើង​កាលពី​ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧នេះ នៅ​សណ្ឋាគារ​អង្គរប៉ារ៉ាឌី ខេត្តសៀមរាប។

សិក្ខាសាលានេះ មានការចូលរួម​ពីក្រុមការងារ​ថ្នាក់​ខេត្តគោលដៅ​ទាំង៨ ក្រុមការងារថ្នាក់ស្រុកគោលដៅទាំង២៤ មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និងនេសាទ ដៃគូអភិវឌ្ឍន៍នានា ក្រុមប្រឹក្សាឃុំ និងកសិករ សរុបប្រមាណជា ១១០នាក់។

គោលបំណងសំខាន់នៃសិក្ខាសាលាឆ្លុះបញ្ចាំងនេះ គឺធ្វើឡើង​ដើម្បី​បង្ហាញ​ពីលទ្ធផលការងារ និង​ចែករំលែក​នូវមេរៀន​បទពិសោធន៍​ក្នុងដំណើរការអនុវត្តកម្មវីធី ASPIRE សមាសភាគទី៤ ក្នុងឆ្នាំ២០១៧ ដល់ក្រុមការងារថ្នាក់ខេត្ត និងថ្នាក់ស្រុក មន្ទីរជំនាញ ដៃគូអភិវឌ្ឍន៍ ក្រុមប្រឹក្សាឃុំ និងកសិករ។

 

ថ្លែងបើកសិក្ខាសាលានេះ ឯកឧត្តម នី គឹមសាន មានប្រសាសន៍ថា ឯកឧត្តមជឿជាក់ថា សិក្ខាសាលា​នេះ នឹងជួយតម្រង់ទិសក្នុងការរៀបចំផែនការសកម្មភាព និងថវិកាសម្រាប់គាំទ្រអនុវត្តកម្មវិធីក្នុងឆ្នាំ២០១៨ ដែលមានថវិកាវិនិយោគប្រមាណ ១លានដុល្លារជាង ដែលនឹងត្រូវពង្រីកស្រុកគោលដៅដល់ចំនួន ២៤ស្រុក និងក្នុងខេត្តចំនួន ៨ខេត្ត។

ជាក់ស្តែងនៅក្នុងឆ្នាំ២០១៧ កម្មវិធី ASPIRE សមាសភាគទី៤ បានធ្វើការគាំទ្រនូវថវិកាវិនិយោគចំនួនសរុប ៨សែនដុល្លារអាមេរិក ដល់ស្រុកគោលដៅចំនួន ១៦ នៃ​ខេត្តគោលដៅចំនួន ៥ ដែលមានគម្រោងហេដ្ឋារចនាសម្ព័ន្ធធន់នឹងការប្រែប្រួលអាកាសធាតុ និងគាំទ្រដល់ការអភិវឌ្ឍន៍វិស័យកសិកម្មចំនួន ៨៦គម្រោង នៅក្នុងគោលដៅចំនួន ៨៣ឃុំ។

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់