ការ​បង្ការ​ និង​ទប់​ស្កាត់​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​ហួស​កម្រិត​ នឹង​រក្សា​បាន​នូវ​សន្តិសុខ សណ្ដាប់​ធ្នាប់ របៀបរៀបរយ​សាធារណៈ និង​លើក​កម្ពស់​សុខុមាលភាព​ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន

០៥ កក្កដា ២០១៧៖ លេខាធិការដ្ឋាន គ.ជ.អ.ប សហការជាមួយអង្គការមូលនិធិអាស៊ី (TAF) បានរៀបចំវគ្គបណ្ដុះបណ្ដាល និងផ្សព្វផ្សាយឯកសារបច្ចេកទេសស្ដីពី «ការបង្ការ និងការទប់ស្កាត់ការប្រើប្រាស់គ្រឿងស្រវឹងសម្រាប់រដ្ឋបាលឃុំ សង្កាត់» ទៅដល់មន្ត្រីមជ្ឈមណ្ឌលធនធានមនុស្ស មន្ត្រីទីចាត់ការផែនការ និងវិនិយោគ និងទីប្រឹក្សាអភិវឌ្ឍន៍សមត្ថភាពខេត្ត រាជធានី នាថ្ងៃទី ០៥-០៦ ខែកក្កដា ឆ្នាំ២០១៧ នៅភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ។

 

០៥ កក្កដា ២០១៧៖ លេខាធិការដ្ឋាន គ.ជ.អ.ប សហការជាមួយអង្គការមូលនិធិអាស៊ី (TAF) បានរៀបចំវគ្គបណ្ដុះបណ្ដាល និងផ្សព្វផ្សាយឯកសារបច្ចេកទេសស្ដីពី «ការបង្ការ និងការទប់ស្កាត់ការប្រើប្រាស់គ្រឿងស្រវឹងសម្រាប់រដ្ឋបាលឃុំ សង្កាត់» ទៅដល់មន្ត្រីមជ្ឈមណ្ឌលធនធានមនុស្ស មន្ត្រីទីចាត់ការផែនការ និងវិនិយោគ និងទីប្រឹក្សាអភិវឌ្ឍន៍សមត្ថភាពខេត្ត រាជធានី នាថ្ងៃទី ០៥-០៦ ខែកក្កដា ឆ្នាំ២០១៧ នៅភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ។

 

លោក ម៉ែន វីរៈ មន្ត្រីនៃលេខាធិការដ្ឋាន គ.ជ.អ.ប បានបង្ហាញពីរបៀបវារៈសំខាន់ៗនៃវគ្គនេះរួមមាន៖ (១) ពិពណ៌នាអំពីទិដ្ឋភាពទូទៅនៃការបង្ការ និងការទប់ស្កាត់ការប្រើប្រាស់គ្រឿងស្រវឹង (២) កំណត់យន្តការ និងតួនាទីក្នុងការបង្ការ និងទប់ស្កាត់ការប្រើប្រាស់គ្រឿងស្រវឹង (៣)រៀបចំការអនុវត្តតួនាទីសម្រាប់ការបង្ការ និងទប់ស្កាត់ការប្រើប្រាស់គ្រឿងស្រវឹង និង (៤) អនុវត្តការតាមដាន និងវាយតម្លៃការបង្ការ និងការទប់ស្កាត់ការប្រើប្រាស់គ្រឿងស្រវឹង។

 

មានមតិចាប់អារម្មណ៍ក្នុងវគ្គបណ្ដុះបណ្ដាលនេះ លោក ម៉ៅ ស៊ីហ៊ាប ទីប្រឹក្សាកម្មវិធីអង្គការមូលនិធិអាស៊ី (TAF) រំពឹងថាបន្ទាប់ពីចប់វគ្គទៅ សិក្ខាកាមទាំងអស់នឹងអាចរៀបចំវគ្គបណ្ដុះបណ្ដាលនេះបន្តទៅដល់មន្ត្រីថ្នាក់ស្រុក និងថ្នាក់រដ្ឋបាលឃុំ សង្កាត់នៅតាមខេត្តគោលដៅរបស់ខ្លួន។ ម៉្យាងទៀតលោកបានលើកឡើងអំពីការអនុវត្តកន្លងមកនៅខេត្តក្រចេះ និងខេត្តស្វាយរៀង បានទទួលជោគជ័យច្រើនពាក់ព័ន្ធនឹងយន្តការឬក៏យុទ្ធសាស្ត្រក្នុងការទប់ស្កាត់ការប្រើប្រាស់គ្រឿងស្រវឹងនៅថ្នាក់មូលដ្ឋាន ដោយបានធ្វើការជាមួយឃុំបង្កើតជាដីកាផ្ដោតទៅលើការប្រើប្រាស់គ្រឿងស្រវឹងដោយកំណត់អាយុអ្នកប្រើប្រាស់ អ្នកលក់គ្រឿងស្រវឹង ពិសេសកំណត់ការផាកពិន័យចំពោះអ្នកល្មើសដែលបានបង្កបញ្ហាអសន្តិសុខសង្គម។ ក្រោយមកនៅក្នុងឃុំរបស់គាត់បានកាត់បន្ថយអំពើហិង្សាលើស្ត្រី គ្រោះថ្នាក់ចរាចរ និងបទល្មើសនានា។

 

ថ្លែងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល កញ្ញា ជួន សុម៉ាលី អនុប្រធានការិយាល័យអភិវឌ្ឍន៍សមត្ថភាព និងធនធានមនុស្សរដ្ឋបាលថ្នាក់ក្រោមជាតិនៃលេខាធិការដ្ឋាន គ.ជ.អ.ប បានមានប្រសាសន៍ថា៖«បច្ចុប្បន្ននេះប្រទេសកម្ពុជាយើងមានបញ្ហាជាច្រើនដែលបង្កឡើងដោយអ្នកដែលប្រើប្រាស់គ្រឿងស្រវឹងហួសកម្រិត ធ្វើឲ្យពួកគាត់មិនអាចគ្រប់គ្រងស្មារតីខ្លួនឯងបាន ហើយបង្កឲ្យមានបញ្ហាជាច្រើនដូចជា គ្រោះថ្នាក់ចរាចរ អំពើហិង្សាក្នុងគ្រួសារ ការរំលោភសេពសន្ថវៈជាដើម។ ដោយឃើញពីផលអវិជ្ជមាននៃការប្រើប្រាស់គ្រឿងស្រវឹងហួសកម្រិតនេះហើយ ទើបលេខាធិការដ្ឋានគ.ជ.អ.ប ដោយមានការសហការគាំទ្រពីអង្គការមូលនិធិអាស៊ីបានសម្រេចចិត្តផលិតឯកសារនេះឡើង សម្រាប់ជាជំនួយស្មារតីដល់ក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់។

 

ចុងក្រោយ កញ្ញា ជួន សុម៉ាលី បានថ្លែងអំណរគុណដល់ក្រសួង ស្ថាប័ន អង្គភាព និងអ្នកពាក់ព័ន្ធនានា ពិសេសអង្គការមូលនិធិអាស៊ីដែលបានជួយគាំទ្រដល់កិច្ចដំណើរការរៀបចំឯកសារបច្ចេកទេសនេះឡើងសម្រាប់ជួយរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការអនុវត្តតួនាទីភារកិច្ចឲ្យកាន់តែប្រសើរ កាត់បន្ថយបញ្ហានានា និងធ្វើឲ្យមានការជឿទុកចិត្តពីប្រជាពលរដ្ឋនៅមូលដ្ឋាន។

 

សូមបញ្ជាក់ថា ឯកសារបច្ចេកទេសនេះទើបបោះពុម្ពផ្សព្វផ្សាយកាលពីដើមឆ្នាំ២០១៧នេះ៕

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់