ឯកឧត្តម សក់ សេដ្ឋា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពី ការបង្ការ​និងទប់ស្កាត់​ការប្រើប្រាស់​គ្រឿង​ស្រវឹង

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ១០កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨នេះ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងប្រធានលេខាធិការ​ដ្ឋាន​​គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បាន​អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពី​ ការបង្ការនិងទប់ស្កាត់ការប្រើប្រាស់គ្រឿងស្រវឹង ដើម្បី​ពិភាក្សា​រក​វិធានការដោះស្រាយការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនៅក្នុងប្រទេសកម្ពុជា នៅក្នុងសាលប្រជុំ​លេខាធិការ​ដ្ឋាន គ.ជ.អ.ប​។

សមាសភាពដែលអញ្ជើញចូលរួមក្នុងកិច្ចប្រជុំមានប្រមាណ៣០រូប មកពី ក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន​ តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និង​សន្តិ​ភាព (PDP) និងអង្គការចលនា​ដើម្បីសុខភាពកម្ពុជាជាដើម។

ថ្លែងបើកកិច្ចប្រជុំនេះ ឯកឧត្តម សក់ សេដ្ឋា បានមានចំណាប់អារម្មណ៍ស្វាគមន៍តំណាងក្រសួង ស្ថាប័ន និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធដែលបានចូលរួម​ ហើយឯកឧត្តមបានមានប្រសាសន៍លើកឡើងពីបញ្ហាប្រឈមនានាក្នុងការរកដំណោះស្រាយការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ផ្ទាំងពាណិជ្ជកម្ម បណ្តាញសង្គម​ និងទីសាធារណៈនានា។ ទន្ទឹមនេះ ឯកឧត្តមបានលើកឡើងពីវិធានការដោះស្រាយតាមបណ្តាប្រទេសមួយចំនួនក្នុងនោះ រួមមាន ប្រទេសសិង្ហបុរី ថៃ និងអាមេរិកជាដើម។ ដើម្បីដោះស្រាយការផ្សព្វផ្សាយគ្រឿងស្រវឹងនេះ ឯកឧត្តមបានលើកឡើងពីវិធានការ ៣ចំណុច រួមមាន វិធានអប់រំ វិធានរដ្ឋបាល និងវិធានការច្បាប់ឱ្យបាន​ច្បាស់​លាស់។

ឯកឧត្តមបានថ្លែងអំណរគុណ និងលើកទឹកចិត្តភាគីពាក់ព័ន្ធទាំងអស់ឱ្យបន្តចូលរួមអប់រំផ្សព្វផ្សាយ និងអនុវត្តវិធាននានា ដើម្បីកាត់បន្ថយការផ្សព្វផ្សាយគ្រឿងស្រវឹងនៅក្នុងសង្គម។

កិច្ចប្រជុំនេះបានបង្ហាញអំពី ដំណើរការនៃការរៀបចំសេចក្តីព្រាងច្បាប់ស្តីពី ការត្រួតពិនិត្យផលិតផល​​គ្រឿង​ស្រវឹង​ និងករណីសិក្សា និងពិភាក្សាការរិះរកវិធានការដោះស្រាយការផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​តាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងផ្ទាំងពាណិជ្ជកម្មផ្សេងៗ។

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់