កិច្ចប្រជំុលើក​​​ទី៥ របស់​​​គណៈកម្មាធិការ​​​គ្រប់គ្រង​​​ការអនុវត្តផែនការ​​​យុទ្ធសាស្ត្រគណ​​នេយ្យភាព​​សង្គម​​​​​នៅថ្នាក់​​ក្រោមជាតិ (គ.គ.អ.ស)​​

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ៨រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស. ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ គណៈកម្មាធិការគ្រប់គ្រងការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាព សង្គម​នៅថ្នាក់ក្រោមជាតិ (គ.គ.អ.ស) បានរៀបចំកិច្ចប្រជំុលើកទី៥ នៅសាលប្រជំុលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប)។

កិច្ចប្រជំុលើកទី៥នេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន គ.គ.អ.ស ដោយមានវត្តមានចូលរួមរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រីសមាជិក គ.គ.អ.ស តំណាងក្រសួងមហាផ្ទៃ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសុខាភិបាល ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍នានាសរុបចំនួន ៧១រូប។

កិច្ចប្រជំុមានរបៀបវារៈសំខាន់ៗ ដូចជា (១) របាយការណ៍ស្តីពី សមិទ្ធផលនៃ ផ.អ.គ.ស របាយការណ៍ចំណាយថវិកាដំណាក់កាលទី១ (២០១៦-២០១៨) និងបញ្ហាប្រឈម (២) បទបង្ហាញអំពី សេចក្តីព្រាង ផ.អ.គ.ស ដំណាក់កាលទី២ (២០១៩-២០២៣) ការពិនិត្យ ពិភាក្សា និងអនុម័តលើផែនការអនុវត្តគណនេយ្យភាពសង្គមសម្រាប់កាអភិវឌ្ឍតាម​បែប​ប្រជាធិបតេយ្យនៅ​ថ្នាក់ក្រោម​​​​​ជាតិ (២០១៩-២០២៣) (៣) ពិនិត្យស្ថានភាពថវិកាសម្រាប់គាំទ្រការអនុវត្តការងារគណនេយ្យភាពសង្គមទាំងផ្នែកផ្គត់ផ្គង់ និងផ្នែកតម្រូវការ និងវិសាលភាពតំបន់គោលដៅសម្រាប់ឆ្នាំ ២០១៩ (៤) ពិនិត្យ ពិភាក្សាលើយន្តការនៃការចុះអនុស្សារណ:យោគយល់រវាងលេខាធិការដ្ឋាន គ.ជ.អ.ប និងអង្គការសង្គមស៊ីវិល និង របៀបវារៈទី៥ គឺបញ្ហាផ្សេងៗ៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់