កិច្ចប្រជុំគណៈកម្មាធិការដឹកនាំគម្រោង “លើកកម្ពស់សេវារបស់សមាគមក្រុមប្រឹក្សា” គាំទ្រដោយ EU-UNDP

ថ្ងៃទី២៩ មីនា ឆ្នាំ២០១៨ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការដឹកនាំគម្រោង “លើកកម្ពស់សេវារបស់សមាគមក្រុមប្រឹក្សា” អនុវត្តពីឆ្នាំ២០១២-២០១៧ ក្រោមការគាំទ្រពី EU-UNDP ក្នុងទឹកប្រាក់ជាង ៤ លានដុល្លារ ក្នុងរយៈពេល ៦ ឆ្នាំនៃការអនុវត្តគម្រោង។

កិច្ចប្រជុំមានការចូលរួមពី លោកស្រីបណ្ឌិត ប៉ែន រ៉ានី ឧបការីប្រចាំប្រទេសរបស់ UNDP និង លោកស្រី Francesca Ciccomartino អនុព័ន្ធផ្នែកអភិបាលកិច្ចល្អ និងសិទ្ធិមនុស្សនៃ EU ប្រចាំប្រទេសកម្ពុជា។ ជាមួយគ្នានោះក៏មានវត្តមាន ឯកឧត្តម ឌី សុកផាន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ, លោកជំទាវ មុំ ក្រសាល អនុប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត និងឯកឧត្តម សយ កុសល ប្រធានសម្ព័ន្ធភាពជាតិសមាគមក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់។

គម្រោង “លើកកម្ពស់សេវារបស់សមាគមក្រុមប្រឹក្សា” ហៅកាត់ថា ACES មានគោលបំណងលើកកម្ពស់យន្តការតំណាងសំឡេង​ក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ នៅក្នុងការផ្តល់សេវាដល់សមាជិក។

លទ្ធផលសំខាន់ៗរបស់គម្រោងរួមមាន៖ (១) ការបង្កើតសមាគមក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់នៅ ២៥ រាជធានី ខេត្ត និង (២) ការបង្កើតសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត (៣) ការបង្កើតសម្ព័ន្ធភាពជាតិសមាគមក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និង (៥)ការបង្កើត និងការអោយអនុវត្តក្រមសីលធម៌សម្រាប់សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត និងសមាជិកក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់នៅទូទាំងប្រទេស។

ជាមួយគ្នានោះ គម្រោង ACES បានគាំទ្រការផ្តល់សេវារបស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់នៅ ១៨ ខេត្ត។

សេវារបស់សមាគមក្រុមប្រឹក្សារួមមាន៖ ១.ការរៀបចំវេទិកាថ្នាក់អំពីការផ្តល់សេវានៅថ្នាក់ឃុំ ២.ការរៀបចំវេទិកាថ្នាក់ស្រុកផ្តល់ឱកាសដល់ក្រុមប្រឹក្សាលើកពីបញ្ហាប្រឈមក្នុងការផ្តល់សេវាដល់ពលរដ្ឋ ៣.ការរៀបចំវេទិកាថ្នាក់ខេត្តដើម្បីអោយមន្ទីរវិស័យពាក់ព័ន្ធស្រាយបំភ្លឺបញ្ហាប្រឈមលើកឡើងដោយក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ៤.ការផ្តល់សេវាពិគ្រោះយោបល់ដល់ឃុំ សង្កាត់ដែលជួបបញ្ហាប្រឈម និង ៥.ការកសាងសមត្ថភាពដល់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់