កិច្ចប្រជុំប្រចាំឆ្នាំ លើកទី២៨ របស់អង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC)

ឯកឧត្តម ជាម ប៉េអា​ អគ្គនាយករងនៃអគ្គនាយករដ្ឋបាលក្រសួងមហាផ្ទៃ និងជាប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន នៃលេខាធិការដ្ឋាន គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានអញ្ជើញចូលរួមជាវាគ្មិន​កិត្តិយស ក្នុង​ការ​ចែក​រំលែក​ពាក់​ព័ន្ធ​ប្រធាន​បទ​ «ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​ ពាក់​ព័ន្ធនឹង​ផ.អ.៣ និង​ក្រប​ខណ្ឌ​នៃ​ការ​អនុវត្ត​គណនេយ្យភាព​សង្គម» ដែលរៀបចំ​ដោយ​អង្គការ​គណៈកម្មាធិការ​សហប្រតិ​បត្តិការដើម្បី​កម្ពុជា (គ​.ស.ក) នាថ្ងៃទី១៦ ខែ​មីនា ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា ដោយមាន​ការ​អញ្ជើញ​ចូល​រួម​ប្រមាណ​ជា ៣០០នាក់ មកពី​អង្គការ​សមាជិក​ និង​ភ្នាក់​ងារ​អភិវឌ្ឍន៍​ផ្សេងៗ​ (តំណាង​មន្ត្រី​រដ្ឋាភិបាល​ ដៃ​គូ​អភិវឌ្ឍន៍​ តំណាង​ស្ថាបន័ផ្សេងៗ រួមទាំង​វិស័យ​ឯកជន) ទូទាំង​ប្រទេស​កម្ពុជា។

នេះ​គឺ​ជា​កិច្ច​ប្រជុំ​ប្រចាំឆ្នាំ​ លើក​ទី២៨​ របស់​ គ.ស.ក សម្រាប់​អង្គការ​សមាជិក ដៃគូ​និង​តំណាង​ស្ថាបន័​ផ្សេងៗ​​ ដើម្បី​អបអរសាទ​នូវ​សមិទ្ធិផល​ឆ្នាំ២០១៧ និង​ពិភាក្សា​លើចំណុច​សំខាន់ៗ​ដូច​ជា៖ និន្នាការ​សម្រាប់​ការងារអភិវឌ្ឍន៍​ បរិយាកាស​អំណោយ​ផល​សម្រាប់​សង្គមស៊ីវិល ការពង្រឹង​អភិបាលកិច្ច​ល្អ នវានុវត្តន៍(គំនិតច្នៃប្រឌិត) ការលើកកម្ពស់​យេនឌ័រ បរិយាប័ន្នសង្គម គុណភាព​សេវា​សាធារណៈ របៀបវារៈសម្រាប់​ការអភិវឌ្ឍសាកល និង​និរន្តរភាព​ហិរញ្ញវត្ថុជាដើម។

ឯកឧត្តម ជាម ប៉េអា បានធ្វើបទបង្ហាញពាក់ព័ន្ធ​នឹង​ (១) សាវតាកំណែ​ទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ (២) ស្ថានភាព​មុន និង​ក្រោយ​មាន​កម្មវិធី​កំណែ​ទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ និង (៣) ​ការលើក​កម្ពស់​សមភាព​យេនឌ័រ​ បរិយាប័ន្ន និង​សមធម៌សង្គម។

សូមបញ្ជាក់ថាការចូលរួមសហការជាមួយសង្គមស៊ីវិលជាផ្នែកមួយដ៏សំខាន់ក្នុងការដំណើរការ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់