សម្ដេចក្រឡាហោម ស ខេង ដឹកនាំកិច្ចប្រជុំលើកទី១៤ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប)

ភ្នំពេញ ២៥ តុលា ២០១៧៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានដឹកនាំកិច្ចប្រជុំលើកទី១៤ របស់ គ.ជ.អ.ប នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ នៅសាលប្រជុំនៃ​ទីស្តីការក្រសួងមហាផ្ទៃ។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ដែលជារដ្ឋមន្ត្រី រដ្ឋលេខាធិការ ជាសមាជិករបស់ គ.ជ.អ.ប និងឯកឧត្តម លោកជំទាវដែលជាតំណាងក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត។

កិច្ចប្រជុំបានផ្តោតជាសំខាន់ទៅលើការពិភាក្សា និងអនុម័តលើឯកសារសំខាន់ៗ ដែលមានចែងក្នុងរបៀប វារៈនីមួយៗ ដូចខាងក្រោម៖
១). ការពិនិត្យ និងអនុម័តលើសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំលើកទី១៣ របស់ គ.ជ.អ.ប។
២). ការពិនិត្យ និងអនុម័តលើសេចក្ដីព្រាងរបាយការណ៍ស្ដីពី វឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តផែនការសកម្មភាព និងថវិកាឆ្នាំ២០១៧ របស់ គ.ជ.អ.ប ។
៣). ការពិភាក្សា និងអនុម័តលើសេចក្ដីព្រាងឯកសារផែនការអនុវត្ត៣ឆ្នាំ (២០១៨-២០២០) ដំណាក់កាលទី៣ (ផអ៣ទី៣) នៃកម្មវិធីជាតិ ។
៤). ការពិភាក្សា និងអនុម័តលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពី ការធ្វើប្រតិភូកម្មអំណាចទៅឲ្យគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ក្នុងការគ្រប់គ្រងបុគ្គលិកបំពេញការងារនៅថ្នាក់ក្រោមជាតិ។
៥). ការពិនិត្យពិភាក្សា និងអនុម័តលើការកែសម្រួលសៀវភៅណែនាំស្ដីពីការរៀបចំ និងអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់
៦). បញ្ហាផ្សេងៗ ។

ជាលទ្ធផលអង្គប្រជុំបានអនុម័តលើរបៀបវារៈសំខាន់ៗដូចខាងក្រោម៖
១). កំណត់ហេតុកិច្ចប្រជុំលើកទី១៣ របស់ គ.ជ.អ.ប
២). របាយការណ៍ស្តីពី វឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តផែនការសកម្មភាព និងថវិកាឆ្នាំ ២០១៧ របស់ គ.ជ.អ.ប
៣). ឯកសារផែនការអនុវត្ត៣ឆ្នាំ (២០១៨-២០២០) ដំណាក់កាលទី៣ (ផអ៣ទី៣) នៃកម្មវិធីជាតិ
៤). អនុក្រឹត្យស្តីពី ការធ្វើប្រតិភូកម្មអំណាចទៅឲ្យគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ក្នុងការគ្រប់គ្រងបុគ្គលិកបំពេញការងារនៅថ្នាក់ក្រោមជាតិ
៥). ការកែសម្រួលសៀវភៅណែនាំស្តីពីការរៀបចំ និងអនុវត្ត គម្រោងមូលនិធិឃុំ សង្កាត់៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់