គ.ជ.អ.ប បើក​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្ដី​ពី សេចក្ដី​ព្រាង​ផែនការ​អនុវត្ត៣ឆ្នាំ (២០១៨-២០២០) ដំណាក់កាលទី៣ (ផអ៣ទី៣)

ភ្នំពេញ ០៦ តុលា ២០១៧៖ គណៈកម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោមជាតិ (គ.ជ.អ.ប) បាន​បើក​សិក្ខា​សាលា​ពិគ្រោះ​យោបល់​ស្តី​ពី សេចក្ដី​ព្រាង​ផែនការអនុវត្ត៣ឆ្នាំ (២០១៨-២០២០) ដំណាក់កាលទី៣ (ផអ៣ទី៣) នៃ គ.ជ.អ.ប​ ក្រោម​អធិបតីភាព ​ឯកឧត្តម ងី ច័ន្ទ្រផល ​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​ជា​សមាជិក គ.ជ.អ.ប នៅ​សាល​ប្រជុំ​ភោជនីយដ្ឋាន​ទន្លេបាសាក់​ពីរ កាលពីថ្ងៃទី០៥ ខែ​តុលា ឆ្នាំ២០១៧នេះ។

​សិក្ខាសាលានេះ​មាន​សមាសភាព​ចូលរួមចំនួន​ជាង ២០០នាក់ ក្នុង​នោះ រួមមាន ឯកឧត្តម លោកជំទាវជា​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ​ដែលជាប្រធាន អនុប្រធាន និងសមាជិិក​របស់ គ.ជ.អ.ប ​ឯកឧត្តម លោកជំទាវ លោក លោកស្រីជាប្រធាន​អង្គភាពចំណុះឱ្យលេខាធិការដ្ឋាន គ.ជ.អ.ប ​រដ្ឋបាលរាជធានី ខេត្ត និងទីប្រឹក្សាគ្រប់គ្រងកម្មវិធីជាតិថ្នក់រាជធានី ខេត្ត និង​​ក្រុម​ការងារ​បច្ចេកទេស​វិមជ្ឈការ និង​វិសហមជ្ឈការ​តាម​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​មន្ត្រី​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ។

ផែនការអនុវត្ត៣ឆ្នាំ (២០១៨-២០២០) ដំណាក់កាលទី៣ (ផអ៣ទី៣) គឺ​ជា​ផែនការ​អនុវត្ត​ដំណាក់​កាល​ចុងក្រោយ​នៃ​កម្មវិធី​ជាតិ។ ផអ៣ទី៣ មាន​ចក្ខុវិស័យ​ធានា​ដល់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ផ្ដល់​សេវា​សាធារណៈ និង​អភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន​ឲ្យ​បាន​កាន់​តែ​ល្អ​ប្រសើរ​ឡើង ដើម្បី​រួម​ចំណែក​លើក​កម្ពស់​សុខុមាលភាព និង​គុណភាព​នៃ​ជីវិត​របស់​ប្រជាពលរដ្ឋ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន។ លើស​ពី​នេះ​ទៀត ផអ៣ទី៣ មាន​គោល​បំណង និង​គោលដៅ​ធានា​ដល់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ឲ្យ​កាន់​តែ​មាន​ស្វ័យភាព និង​គណនេយ្យភាព​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន។

ឯកឧត្តម ងី ច័ន្ទ្រផល បាន​មាន​ប្រសាសន៍​ក្នុង​ពិធី​បើក​សិក្ខា​សាលា​ពិគ្រោះ​យោបល់​ស្តីពី សេចក្តី​ព្រាង​ផែនការ​អនុវត្ត​៣ឆ្នាំ (២០១៨-២០២០) ដំណាក់កាលទី៣ (ផអ៣ទី៣) នៃ គ.ជ.អ.ប​ ថា កម្មវីធី​ជាតិ​នេះ​​បាន​កំណត់​សមាសភាគ ៥សំខាន់ៗ រួមមាន៖

ទី​មួយ៖ ការ​បង្កើត និង​ការ​កែ​សម្រួល​ឡើង​វិញ​នូវ​រចនា​សម្ព័ន្ធ​ស្ថាប័ន​របស់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ ដើម្បី​ធានា​ដល់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​មាន​សិទ្ធិ មាន​អំណាច​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ដោយ​ស្វ័យភាព ប្រជាធិបតេយ្យ តម្លាភាព និង​គណនេយ្យភាព​ចំពោះ​ប្រជាពលរដ្ឋ​ក្នុង​ដែន​សមត្ថកិច្ច​ខ្លួន​ស្រប​តាម​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិ​យុត្តិ​កំណត់។

ទីពីរ៖ ការរៀបចំ​ប្រព័ន្ធ​គ្រប់គ្រង​ និង​អភិវឌ្ឍ​ធនធាន​មនុស្ស​នៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ដែល​បាន​ផ្ដល់​សិទ្ធិ អំណាច ការ​ទទួល​ខុសត្រូវ​ក្នុង​កម្រិត​សមស្រប​មួយ​ផ្តល់​ឲ្យ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ក្នុង​ការ​គ្រប់គ្រង ការចាត់ចែង និងការ​ប្រើប្រាស់​បុគ្គលិក​របស់​ខ្លួន ហើយ​ធានា​ដល់​ការ​លើក​កម្ពស់​គុណភាព ប្រសិទ្ធភាព និង​គណនេយ្យភាព​ក្នុង​ការ​បំពេញ​ការងារ​របស់​បុគ្គលិក​ក្នុង​ការ​ផ្តល់​សេវា​សាធារណៈ និង​ការ​អភិវឌ្ឍ​មូលដ្ឋាន​ជូន​ប្រជាពលរដ្ឋ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន។

ទីបី៖ ការ​ផ្ទេរ​មុខងារ និង​ធនធាន​ដល់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ក្នុង​គោល​បំណង​បង្ខិត​ការ​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​ក្នុង​ការ​ផ្ដល់​សេវា​សាធារណៈ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន​ឲ្យ​ទៅ​កៀក​ជិត​ប្រជាពលរដ្ឋ​ដែល​ធ្វើឲ្យ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​នីមួយៗ​កាន់​តែ​មាន​លទ្ធភាព និង​គំនិត​ច្នៃ​ប្រឌិត​ក្នុង​ការ​ឆ្លើយតប​នឹង​តម្រូវការ​របស់​​ប្រជាពលរដ្ឋ​ ផ្អែក​តាម​ស្ថានភាព​ជាក់​ស្ដែង​ដែល​មាន​លក្ខណៈ​ខុសៗ​គ្នា នៅ​មូលដ្ឋាន​នីមួយៗ​ប្រកប​ដោយ​ភាព​បត់បែន ទន់ភ្លន់ និង​មាន​ប្រសិទ្ធភាព​ខ្ពស់។

ទី​បួន៖ ការ​ផ្ដោត​លើ​វិមជ្ឈការ​ហិរញ្ញវត្ថុ និង​ការ​រៀបចំ​ប្រព័ន្ធ​ផ្ទេរ​ធនធាន និង​ប្រព័ន្ធ​គ្រប់គ្រង​ហិរញ្ញវត្ថុ និង​ទ្រព្យ​សម្បត្តិ​នៃ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​សម្រាប់​ការ​ផ្ដល់​សេវា​សាធារណៈ និង​កិច្ច​អភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន​ប្រកប​ដោយ​តម្លាភាព និង​គណនេយ្យភាព។

ទី​ប្រាំ៖ ការ​ផ្ដោត​លើ​ការ​គ្រប់គ្រង​នៃ​កិច្ច​ដំណើរការ​កំណែ​ទម្រង់​ដែល​ធានា​ដល់​ការ​លើក​កម្ពស់​​ភាព​ជា​ម្ចាស់​របស់​ក្រសួង ស្ថាប័ន​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​ក្នុង​ការរៀបចំ​ការអនុវត្ត​គោល​នយោបាយ លិខិត​បទដ្ឋាន​ និង​កម្មវិធី​នានា​ទាក់ទង​នឹង​កំណែ​ទម្រង់​វិមជ្ឈការ។

សូម​បញ្ជាក់​ថា កម្មវិធី​ជាតិ ១០ឆ្នាំ របស់​រាជរដ្ឋាភិបាល​ត្រូវ​បាន​បែងចែក​ជា ៣ដំណាក់​កាល​សម្រាប់​ការអនុវត្ត រួមមាន ផអ៣ ដំណាក់កាលទី១ (២០១១-២០១៤) ផ្ដោត​លើ​ការ​អភិវឌ្ឍ​គោល​នយោបាយ ការ​រៀបចំ​ឡើងវិញ​នូវ​​រចនា​​សម្ព័ន្ធ ប្រព័ន្ធ និង​នីតិវិធី​អនុវត្ត​ការងារ​របស់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ, ផអ៣ ដំណាក់​កាលទី២ (២០១៥-២០១៧) ផ្ដោត​លើ​ការ​ផ្ទេរ​មុខងារ និង​ធនធាន​ទៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ដើម្បី​កែ​លម្អ​គុណភាព​សេវា និង​ការ​អភិវឌ្ឍ​មូលដ្ឋាន និង​ដំណាក់កាល​ចុងក្រោយ ផអ៣ ដំណាក់កាលទី៣ (២០១៨-២០២០) គឺ​ផ្ដោត​លើ​ការ​បន្ត​ជំរុញ និង​ពង្រឹង​ការ​ទទួល​ខុសត្រូវ និង​ស្វ័យភាព​របស់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ក្នុង​ការ​​ផ្ដល់​សេវា និង​ការ​អភិវឌ្ឍមូលដ្ឋាន។

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់