ឯកឧត្តម ង៉ាន់ ចំរើន អនុញ្ញាតឱ្យ​សង្គម​ស៊ីវិល​ចូលជួប​ពិគ្រោះ​យោបល់​លើ​ការងារ​ការពារ​បរិស្ថាន និង​ធនធានធម្មជាតិ​

​រាជធានី​ភ្នំពេញ​៖ ឯកឧត្តម ង៉ាន់ ចំរើន អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​ប្រតិបត្តិ​នៃ​លេខាធិការដ្ឋាន​គណៈកម្មាធិកា​រ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ (​គ​.​ជ​.​អ​.​ប​) បានអនុញ្ញាត​ឱ្យ​តំណាង​អង្គការ​សង្គម​ស៊ីវិល​ជាង ២០​រូប​ចូលជួប​ពិគ្រោះ​យោបល់​លើ​ការងារ​ការពារ​បរិស្ថាន និង​ធនធានធម្មជាតិ​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។​

​ឯកឧត្តម ង៉ាន់ ចំរើន បាន​ថ្លែង​ស្វាគមន៍​តំណាង​អង្គការ​សង្គម​ស៊ីវិល​ជាង ២០​រូប​ដែល​ដឹកនាំ​ដោយ​វេទិកា នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​កម្ពុជា (NGO Forum)​ ដែល​បានដាក់​របាយការណ៍​សិក្ខាសាលាពិគ្រោះយោបល់​ថ្នាក់ជាតិ​ស្តីពី វិសោធនកម្ម​ច្បាប់​ស្តីពី ព្រៃឈើ និង​ច្បាប់​ស្តីពី តំបន់ការពារធម្មជាតិ និង​ជលផល ជូន​លេខាធិការដ្ឋាន គ​.​ជ​.​អ​.​ប ដើម្បី​សុំ​ការពិនិត្យ និង​ពិគ្រោះ​យោបល់​។​

​ថ្លែង​ក្នុងជំនួប​ពិគ្រោះ​យោបល់​ការងារ​ដែល​បាន​ប្រព្រឹត្តឡើង​នៅ​ថ្ងៃទី​២២​ខែវិច្ឆិកា ឆ្នាំ​២០១៧ ក្នុង​សាលប្រជុំ​លេខាធិការដ្ឋាន គ​.​ជ​.​អ​.​ប ឯកឧត្តម​អនុរដ្ឋលេខាធិការ បានចាត់ទុក​មតិយោបល់​ដែលមាន​ក្នុង​របាយការណ៍​របស់​អង្គការ​សង្គម​ស៊ីវិល​ជា​កត្តា​ចូលរួម​មួយចំណែក​សម្រាប់​ការការពារ​បរិស្ថាន និង​ធនធានធម្មជាតិ នៅ​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​។​

​ឯកឧត្តម ង៉ាន់ ចំរើន មានប្រសាសន៍ថា “​ការធ្វើការងារ​រួមគ្នា​រវាង​ស្ថាប័នរដ្ឋ និង​អង្គការ​សង្គម​ស៊ីវិល​នឹង ចូលរួម​អភិវឌ្ឍ​សហគមន៍​មូលដ្ឋាន​កាន់តែ​ល្អប្រសើរ​”​។​

​យោងតាម​របាយការណ៍​កម្រាស់​ចំនួន ៤០​ទំព័រ តំណាង​អង្គការ​សង្គម​ស៊ីវិល​ស្នើ​រាជរដ្ឋាភិបាល​បែងចែក កំណត់​ការងារ​មួយចំនួន​រវាង​ស្ថាប័ន​រដ្ឋបាល​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ព្រមទាំង​សហគមន៍​មូលដ្ឋាន ក្នុងនោះ រួមមាន​៖
-​សមត្ថកិច្ច​គ្រប់គ្រង​ការប្រើប្រាស់​ដី​គម្រប​ព្រៃឈើ​
-​ការគ្រប់គ្រង​ព្រៃ​ផ្តល់​ផល​ក្រៅពី​សម្បទាន និង​ព្រៃ​ការពារ​
-​ការចូលរួម និង​សិទ្ធិ​ប្រើប្រាស់​របស់​សហគមន៍​មូលដ្ឋាន និង​សហគមន៍​ជនជាតិដើម​ភាគតិច​
-​សមត្ថកិច្ច​បង្ក្រាប​បទ​ល្មើស​ធនធានធម្មជាតិ
-​រចនាសម្ព័ន្ធ​ក្រសួង និង​ស្ថាប័នរដ្ឋ
-​ការកំណត់ថ្លៃ​សួយ​សារ និង​បុព្វលាភ​លើ​ផល​ និង​អនុផល​ព្រៃឈើ​។​

​ជាការ​ឆ្លើយតប​នឹង​តំណាង​សង្គម​ស៊ីវិល ឯកឧត្តម ង៉ាន់ ចំរើន បាន​ទទួលយកមតិយោបល់​របស់អង្គការសង្គម​ស៊ីវិល​ទាំងអស់ ដើម្បី​ពិចារណា និង​បន្ត​ពិភាក្សា​ពេល​ក្រោយ​ទៀត​។ ទន្ទឹមគ្នា​ដែរ ឯកឧត្តម​បានលើកឡើង​ពី​ការងារ​តាក់តែង​សេចក្ដី​ព្រាង​ក្រម​ការពារបរិស្ថាន និងធនធានធម្មជាតិរវាង​ក្រសួងបរិស្ថាន ក្រសួង​​ពាក់ព័ន្ធ និង​ដៃគូ​ជំនាញ​ផ្សេងទៀត ដើម្បី​ធ្វើឱ្យ​ការអនុវត្ត​ច្បាប់​ទាក់ទង​នឹង​វិស័យ​បរិស្ថាន​កាន់​តែមាន​ប្រសិទ្ធភាព​ផងដែរ​។ ឯកឧត្តម​បាន​បញ្ជាក់ថា ក្រម​ការពារបរិស្ថាន​ដែល​នឹងដាក់​ឆ្លង​គណៈរដ្ឋមន្ត្រី​នាពេលខាងមុខ​នឹង​ក្លាយជា​ក្រម​គោល​សំខាន់​ដែលមាន​វិសាលភាព​ក្នុងការ​គ្រប់គ្រង​ការងារ​ការពារ​អភិរក្ស​ធនធានធម្មជាតិ​ជីវចម្រុះ និង​ធានា​ការអភិវឌ្ឍ​មួយ​ប្រកបដោយ​ចីរភាព​នៅ​កម្ពុជា​។​

​សូមបញ្ជាក់ថា ក្រសួងបរិស្ថាន សហការ​ជាមួយ​ក្រុម​មេធាវី​វិស្ណុ និង​កម្មវិធី​អង្គការសហប្រជាជាតិ ដើម្បី​អភិវឌ្ឍន៍ ​(UNDP) បានរៀបចំ​តាក់តែង​ក្រម​បរិស្ថាន​ឡើង​តាំងពី​ឆ្នាំ​២០១៥​។​ សេចក្តីព្រាង​ក្រម​នេះ​បែងចែក​ជាច្រើន​ផ្នែក​ដោយ​ផ្តោតលើ​ការគ្រប់គ្រង​បរិស្ថាន​និរន្តរភាព​ធនធានធម្មជាតិ ការគ្រប់គ្រង​សំណល់ ​ការបំពុល ​និង​បទល្មើស​បរិស្ថាន និង​ធនធានធម្មជាតិ​ ជាដើម​៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់