អាជ្ញាធរ​មូលដ្ឋាន​ប្តេជ្ញា​ការពារ​ប្រជាពលរដ្ឋ​បង្ការ​ទប់​សា្ក​ត់​នឹង​ការប្រែប្រួល​អាកាសធាតុ​

​ខេត្តបាត់ដំបង​៖ អាជ្ញាធរ​ស្រុក និង​ឃុំ​បាន​ប្តេជ្ញា​នឹង​ចេញ​វិធាន​បង្ការ និង​ការពារ​ប្រជាពលរដ្ឋ​ពី​គ្រោះមហន្តរាយ​ដែល​បង្កឡើង​ដោយ​ការប្រែប្រួល​អាកាសធាតុ​។ ពួកគេ​បាន​សន្យា​នឹង​បញ្ចូល​យុទ្ធសាស្ត្រ​បន្សាំ​នឹង​ការប្រែប្រួល​អាកាសធាតុ​ទៅក្នុង​កម្មវិធី​ផែនការ​អភិវឌ្ឍ​មូលដ្ឋាន​របស់គេ​រៀងៗ​ខ្លួន ដើម្បី​ធានា​បញ្ជៀ​ស​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ការប្រែប្រួល​អាកាសធាតុ ពិសេស​គឺ​ធានា​ការអភិវឌ្ឍ​ក្នុង​មូលដ្ឋាន​ឱ្យមាន​និរន្តរភាព​។​

​មន្ត្រីរដ្ឋបាល​ស្រុក និង​ឃុំ​សរុប​ប្រមាណ ១៣៥​នាក់ បាន​ចូលរួម​ស្វែងយល់​ពី​យុទ្ធសាស្ត្រ​សម្រាប់​បន្សាំ​នឹង​ការប្រែប្រួល​អាកាសធាតុ​ក្រោម​ការសម្របសម្រួល​ពី​មន្ត្រី​ជំនាញ​នៃ​លេខាធិការដ្ឋាន​គណៈកម្មាធិកា​រ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ (​គ​.​ជ​.​អ​.​ប​)​ចាប់ពី​ថ្ងៃទី​១៣ ដល់​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ ក្នុង​សាលប្រជុំ​ស្រុក​រុក្ខ​គិរី និង​ស្រុក​មោង​ឬ​ស្សី​។ មន្ត្រីរដ្ឋបាល​ថ្នាក់មូលដ្ឋាន​ទាំងនោះ រួមមាន លោក លោកស្រី​មន្ត្រី​ជំនាញ​រដ្ឋបាលខេត្ត សមាជិក​ក្រុមប្រឹក្សា​ស្រុក មន្ត្រីរដ្ឋបាល​ស្រុក មន្ត្រី​ការិយាល័យ​ជំនាញ​ជុំវិញ​ស្រុក ក្រុមប្រឹក្សាឃុំ និង​គណៈកម្មការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ឃុំ​។

​​ពួកគេ​បាន​យល់​ជ្រួតជ្រៀប​ពី​សារៈសំខាន់​នៃ​ទំនាក់ទំនង​រវាង​ជីវិត និង​បរិស្ថាន​ កត្តា​ដែលនាំឱ្យ​មានការ​ប្រែប្រួល​អាកាសធាតុ ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ និង​ការ​បន្សាំ​នឹង​ការប្រែប្រួល​អាកាសធាតុ​។​ ក្រៅពី​ស្វែងយល់​បញ្ហា​ប្រឈម មន្ត្រី​ថ្នាក់មូលដ្ឋាន​ក៏បាន​យល់ដឹង​ពី​ការការពារ​បរិស្ថាន​ផងដែរ ក្នុងនោះ​មាន​ការដាំដុះ និង​ការការពារ​ព្រៃឈើ​ការកសាង​ផែនការអភិវឌ្ឍន៍​ប្រាំ​ឆ្នាំ និង​រៀបចំ​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​ដើម្បី​អភិវឌ្ឍ​មូលដ្ឋាន​ការបញ្ជ្រៀប​យេនឌ័រ ព្រមទាំង​ការស្វែងយល់​ពី​កិច្ចសហការ​ជាមួយ​គម្រោង​អភិវឌ្ឍ​ដទៃទៀត​ដែរ​។​

​មន្ត្រីរដ្ឋបាល​ស្រុក ឃុំ​ដែលមាន​វត្តមាន​សុទ្ធតែ​បង្ហាញ​ទឹកមុខ​ញញឹម​រីករាយ និង​សម្លឹង​មុខមន្ត្រី​ជំនាញ​ដែល​កំពុង​ចង្អុល​ផ្ទាំង​បដា​បទ​បង្ហាញ​ចំពោះមុខ​ពួកគេ​យ៉ាង​យកចិត្តទុកដាក់​បំផុត​។ អ្នកខ្លះ​ស្តាប់​បណ្តើរ គិត​បណ្តើរ សួរ​បណ្តើរ ហើយ​កត់ត្រា​ចំណុច​សំខាន់ៗ​ដែល​អ្នកសម្របសម្រួល​សង្កត់ធ្ងន់​រក្សាទុក​ក្នុង​សៀវភៅ​សម្រាប់ធ្វើ​ផែនការ​ជា​ប្រយោជន៍​មូលដ្ឋាន​ពួកគេ​បន្ថែមទៀត​។​

​ក្រោយ​បញ្ចប់​សិក្ខាសាលា​ពេញ​មួយថ្ងៃ លោកស្រី សេង រ័ត្ន​មុនី មេឃុំ​ជ្រៃ ស្រុក​មោង​ឬ​ស្សី កាន់តែ​យល់ច្បាស់​ពី​ការ​បន្សាំ​នឹង​ការប្រែប្រួល​អាកាសធាតុ​។ ដើម្បី​បង្ការ​ទប់ស្កាត់​នឹង​ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ តំណាង​មន្ត្រី​ចូលរួម​សិក្ខាសាលា​ស្ត្រី​វ័យ​៤៥​ឆ្នាំ​រូបនេះ បាន​សន្យាថា លោកស្រី​នឹង​ប​ញ្ជូ​ល​ខ្លឹមសារ​ដែល​ទទួលបាន​ពី​ការផ្សព្វផ្សាយ​របស់​អ្នកជំនាញ ទៅក្នុង​ផែនការអភិវឌ្ឍន៍​ប្រាំ​ឆ្នាំ និង​រៀបចំ​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​របស់​ឃុំ​។​

​លោកស្រី សេង រ័ត្ន​មុនី ដែល​ឱ្យ​តម្លៃ​លើ​បរិស្ថាន​ស្អាត​មានប្រសាសន៍​ប្តេជ្ញា​ទាំង​ទឹកមុខ​ញញឹម​ថា “​ខ្ញុំ​នឹង​កសាង​ផែន​ការចុះ​បញ្ជ្រៀប​យុទ្ធសាស្ត្រ​បន្សាំ​នឹង​ការប្រែប្រួល​អាកាសធាតុ ដូចជា ការជីក​ស្រះ​រក្សា​ទឹក ការចុះ​អប់រំ​អំពី​បរិស្ថាន​ស្អាត​ក្នុង​សហគមន៍ និង​ការប្រើប្រាស់​ព​បច្ចេកទេស​កសិកម្ម​ដែល​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ​ទៅក្នុង​ផែនការ​អភិវឌ្ឍ​។ បរិស្ថាន​ស្អាត គឺជា​កិត្តិយស​របស់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខ្ញុំ និង​ខ្ញុំ​ផ្ទាល់​។ កាលណា បរិស្ថាន​ស្អាត​នោះ យើង​មាន​សុខភាព​ល្អ ហើយ​អារម្មណ៍​យើង​ក៏​ស្រស់ថ្លា​ដែរ​”​។​

​ក្រឡេក​ចេញពី​មេឃុំ​ស្ត្រី​សម្បុរ​សណ្តែកបាយ សមាជិក​ក្រុមប្រឹក្សាឃុំ​មោង​ឬ​ស្សី លោក ម៉ៅ ស៊ីណា បានចាត់ទុក​ការបញ្ជ្រៀប​យុទ្ធសាស្ត្រ​បន្សាំ​នឹង​ការប្រែប្រួល​អាកាស​ធាតុពិត​ជាសំខាន់ ដោយ​លោក​អះអាងថា វា​គឺជា​វិធានការ​ឆ្លើយតប​នឹង​ការអភិវឌ្ឍ​ឲ្យ​មាន​និរន្តរភាព​យូរអង្វែង​។​

​បុរស​រាងស្តើង​សម្បុរ​ខ្មៅ​ស្រអែម​វ័យ៣៣រូបនេះបាន​មានប្រសាសន៍ថា ប្រសិនបើ​ប្រជាជន​មិន​យល់​ពី​ការ​បន្សាំ​ខ្លួន​នឹង​ការប្រែប្រួល​អាកាសធាតុ​ធ្ងន់ធ្ងរ​ដូចជា គ្រោះរាំងស្ងួត ទឹកជំនន់ ខ្យល់ព្យុះ និង​រញ្ជួយ​ដី ជាដើម​នោះទេ ពួកគេ​នឹង​អាច​ប្រឈម​បាត់បង់​ទីជម្រក ចំណីអាហារ និង​ការអភិវឌ្ឍ​នានា​។​

​មិន​ខុសគ្នា​ពី​លោកស្រី​មេឃុំ​ដែរ ដើម្បី​បញ្ជ្រៀប និង​បញ្ជៀ​ស​ពលរដ្ឋ​ចេញពី​ការប្រែប្រួល​អាកាសធាតុ សមាជិក​ក្រុមប្រឹក្សា​ដែលមាន​មូលដ្ឋាន​ក្នុង​តំបន់​ងាយ​រងគ្រោះ​ដោយសារ​ភាពរាំងស្ងួត​រូបនេះ មានប្រសាសន៍​ប្តេជ្ញា​យ៉ាង​មុតមាំ​ថា ”​ខ្ញុំ​នឹងធ្វើ​ផែនការ​យុទ្ធសាស្ត្រ​តាមរយៈ​ការសិក្សា​នេះ​ដាក់ចូល​ទៅក្នុង​កម្មវិធី​អភិវឌ្ឍ​របស់​ឃុំ ហើយ​ខ្ញុំ​នឹង​ចលនា​ពលរដ្ឋ​ឱ្យ​ចេះ​ស្រលាញ់​បរិស្ថាន​តាមរយៈ​ការចុះ​អប់រំ​ផ្សព្វផ្សាយ​តាម​សហគមន៍ និង​សាលារៀន​។ បើ​សហគមន៍​ខ្ញុំ​មាន​បរិស្ថាន​ល្អ​ស្អាត​នោះ ពលរដ្ឋ​ប្រាកដជា​ទទួលបាន​សុខភាព​ល្អ​ដែរ​”​។​

​ថ្លែង​ក្នុង​ពិធី​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី ការអនុវត្ត​គម្រោង​ជំនួយ​បច្ចេកទេស​ការបញ្ជ្រៀប​ការប្រែប្រួល​អាកាសធាតុ​ទៅក្នុង​ផែនការ​អភិវឌ្ឍ​ដល់​រដ្ឋបាល​ថ្នាក់ស្រុក និង​ឃុំ (SPCR) លោក ឡុង វិសិដ្ឋ​ អនុប្រធាន​អង្គភាព​គ្រប់គ្រង​ និង​គាំទ្រ​កម្មវិធី​នៃ​លេខាធិការដ្ឋាន គ​.​ជ​.​អ​.​ប និង​ជា​ប្រធាន​សម្របសម្រួល​គម្រោង SPCR បានចាត់ទុក​គម្រោង​នេះគឺជា​ជំនួយ​បច្ចេកទេស​ដែល​ជួយ​រដ្ឋបាល​ថ្នាក់ស្រុក និង​ឃុំ សង្កាត់​ចេះ​រៀបចំ និង​វាយតម្លៃ​ផែនការ​ច្បាស់លាស់ ដើម្បី​អភិវឌ្ឍ​មូលដ្ឋាន​ពួកគេ​ឲ្យ​មាន​និរន្តរភាព​។​

​លោក​បាន​មាន​រៀបរាប់​ប្រសាសន៍ថា មូលហេតុ​ដែលនាំឱ្យ​គម្រោង​អនុវត្ត​ក្នុង​ថ្នាក់រដ្ឋបាល​ថ្នាក់ស្រុក ឃុំ ដោយសារ​ពួកគេ​ស្ថិតនៅ​កៀក​ជិត​ពលរដ្ឋ និង​ដឹង​ពី​តម្រូវ​ការចាំបាច់​ដែល​ឆ្លើយតប​នឹង​បញ្ហា​ប្រឈម​ច្បាស់លាស់​។​

​មន្ត្រី​ជំនាញ​រូបនេះ មានប្រសាសន៍​បញ្ជាក់​ដូច្នេះ “​រដ្ឋបាល​ស្រុក​ជា​កន្លែង​ច្រកចេញចូល​តែមួយ និង​ជា​កន្លែង​ដែល​ជួយ​ឃុំ​ជិត​ជាងគេ​បំផុត​ហើយ​យល់ដឹង​ពី​តម្រូវការ​អភិវឌ្ឍ​រប​ស់​ប្រជាជន​ច្បាស់​ជាងគេ​។ រដ្ឋបាល​ស្រុក និង​ឃុំ សង្កាត់​ដឹង​ច្បាស់​ជាងគេ ធៀប​នឹង​រដ្ឋបាល​ថ្នាក់​ខេត្ត និង​ថ្នាក់ជាតិ​ពី​តម្រូវ​ការអភិវឌ្ឍ​នៅ​មូលដ្ឋាន​ឲ្យ​មាន​និរន្តរភាព​”​។ លើសពីនេះ​ទៀត លោក​បាន​បន្ថែមថា យុទ្ធសាស្ត្រ​នឹង​ក្លាយជា​ធាតុ​ចូល​សម្រាប់​ការរៀបចំ​កម្មវិធី​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​របស់​រាជរដ្ឋាភិបាល​នៅ​ឆ្នាំ ២០១៩ ដល់​២០២៣​ផងដែរ​។​

​ជាមួយគ្នា​ដែរ លោក ពេជ្រ ម៉ាឡៃ អភិបាលស្រុក​មោង​ឬ​ស្សី បាន​កត់សម្គាល់ថា ការ​បន្សាំ​នឹង​ការប្រែប្រួល​អាកាសធាតុ គឺជា​កម្មវត្ថុ​ដ៏​សំខាន់បំផុត​ដែល​ពិភពលោក​កំពុង​គ្រោង​ផែនការ​សកម្មភាព ដោយ​លោក​បាន​តាមដាន​ឃើញថា ពួកគេ​បាន​បង្កើត និង​ស្វែងរក​មូលនិធិ​ថវិកា​សម្រាប់​ជួយ​ប្រជាពលរដ្ឋ​លើ​ពិភពលោក​ឱ្យ​ចេះ​បន្សាំ​នឹង​ការប្រែប្រួល​អាកាសធាតុ​។​

​លោក​អភិបាលស្រុក​សង្ឃឹម​ជឿជាក់ថា រដ្ឋបាល​ស្រុក និង​ឃុំ សង្កាត់​នឹង​យល់ដឹង​ពី​ការបង្កើន​សមត្ថភាព​ស្ថាប័ន និង​បច្ចេកទេស​កា​រប​ញ្ជ្រៀ​ប​ភាព​នឹង​ការប្រែប្រួល​អាកាសធាតុ​បន្ថែមទៀត ដើម្បី​ពួកគេ​ពិនិត្យ​តាមដាន និង​ធ្វើ​របាយការណ៍ វាយ​តម្លៃភាព​បន្សាំ​ដាក់​ក្នុង​កម្មវិធី​វិនិយោគ​របស់​រដ្ឋបាល​រៀងៗ​ខ្លួន​។​

​បើតាម​ប្រសាសន៍​លោក ឡុង វិសិដ្ឋ គម្រោង​ជំនួយ​បច្ចេកទេស​ការបញ្ជ្រៀប​ការប្រែប្រួល​អាកាសធាតុ​ទៅក្នុង​ផែនការ​អភិវឌ្ឍ​ដល់​រដ្ឋបាល​ថ្នាក់ស្រុក និង​ឃុំ (SPCR) មាន​រយៈពេល​អនុវត្ត​ចំនួន ៣​ឆ្នាំ ចាប់ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០១៩ ស្ថិតក្រោម​មូលនិធិ​ថវិកា​ពី​ធនាគារ​អភិវឌ្ឍ​អាស៊ី (ADB) ប្រមាណ ៥០​ម៉ឺន​ដុល្លារ​។ ប្រជាពលរដ្ឋ​ប្រមាណ ៥​ម៉ឺន​នាក់​​ដែល​​កំពុង​​​រស់នៅតំបន់គោលដៅ​​​នឹង​ទទួលផល​ប្រយោជន៍​តាម​រយៈ​គម្រោង​​​។ គម្រោង​មាន​​​លទ្ធផល​រំពឹងទុក​សំខាន់ៗចំនួន​​​​បី ក្នុងនោះ រួមមាន លទ្ធផល​ទី​១) សមត្ថភាព​​​ដើម្បី​បញ្ជ្រៀប​​​ភាព​ធន់​​​​នឹង​អាកាស​​ធាតុនៅ​ថ្នាក់ក្រោម​ជាតិ​​​ត្រូវបាន​​​​​លើកកម្ពស់ លទ្ធផល​ទី​២) សមត្ថភាព​ស្ថាប័ន និង​បច្ចេកទេស​ដើម្បី​ធ្វើ​សមាហរណកម្ម​ការព្រួយបារម្ភ​អំពី​យេនឌ័រ​ទៅក្នុង​ការផ្តួចផ្តើម​ការ​ប្រែប្រួល​អាកាសធាតុ​ត្រូវបាន​លើកកម្ពស់ និង​លទ្ធផល​ទី​៣) សមត្ថភាព​ស្ថាប័ន និង​បច្ចេកទេស​សម្រាប់​ការតាមដាន ការធ្វើ​របាយការណ៍ និង​ការវាយតម្លៃ​វិនិយោគ​ការ​បន្ស៊ាំ​អាកាសធាតុ ត្រូវបាន​លើកកម្ពស់​៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់