អាជ្ញាធរ​​​និង​​​ពលរដ្ឋ​​​សាទរ​​នឹង​​​ការ​​អភិវឌ្ឍ​​​​​​​ហេដ្ឋា​​​រចនា​​សម្ព័ន្ធ​ក្នុង​មូលដ្ឋាន តាមរយៈ​មូលនិធិ​ឃុំ សង្កាត់​

​ខេត្តក្រចេះ​៖​ អាជ្ញាធរ​រដ្ឋបាល​ឃុំ​ឆ្លូង និង​ប្រជាពលរដ្ឋ​ទាំងអស់​សុទ្ធតែ​បង្ហាញ​ទឹកមុខ​ញញឹម​នៅពេល​ពួកគាត់​បានទទួល​ផ្លូវលំ​ថ្មី​ប្រវែង ១៤៨៥​ម៉ែត្រ​ដែល​បាន​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​ទៅមក​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​។​

​តំណាង​ប្រជាកសិករ​ក្នុង​ឃុំ​ឆ្លូង ស្រុក​ឆ្លូង ខេត្តក្រចេះ លោក ធឹ​ម​ អេង បាន​សាទរ​នឹង​សមិទ្ធផល​ផ្លូវលំ​មួយ​ខ្សែ​ថ្មី​ជា​លើកដំបូង ដ្បិត​លោក​អាចធ្វើ​ដំណើរ​ដឹក​កសិផល​ពី​ស្រែចំការ​ទៅ​គេហដ្ឋាន​លោក​ងាយស្រួល​ជាង​មុន​។​

​បុរស​សម្បុរ​ខ្មៅ​ស្រអែម​មាឌ​ក្រអាញ​វ័យ​៦៣​ឆ្នាំ​ដែលមាន​កូនប្រុស​ស្រី​ចំនួន​៦​នាក់​រស់នៅ​ភូមិ​កោះ​កណ្តុរ ឃុំ​ឆ្លូង ស្រុក​ឆ្លូង ខេត្តក្រចេះរូបនេះបាន​មានប្រសាសន៍​ទាំងមុខ​ញញឹម​ថា “…​ពេល​កសិករ​បើកបរ​ដល់​ព្រែក​នេះ​ពីមុន ពួកគេ​ត្រូវ​ចំណាយពេល ២ ទៅ៣ម៉ោង​​រែក​ផ្ទេរ​កសិផល ដូចជា ស្រូវ ចេក និង​អំពៅ​នឹង​ស្មា ឆ្លងស្ពាន​ត្នោត​សិន មុននឹង​បន្តដំណើរ​តាម​គោយន្ត និង​ម៉ូតូ​ផ្សេងទៀត​។ តែ​ឥឡូវ គេ​មិនចាំបាច់​ចំណាយ​ផ្ទេរ​កសិផល​ឆ្លងស្ពាន​ទេ គឺ​ពួកគេ​អាច​បើកបរ​ដឹក​កសិផល​ដ​ល់​ផ្ទះ ឬ​ទីផ្សារ​តែម្តង​”​។​

​ថ្លែង​ទាំង​ទឹកមុខ​ញញឹម​ប្រហាក់ប្រហែលគ្នា​នឹង​កសិករ​​ខាង​លើ​ដែរ លោក មុត សុភាព ដែលជា​កសិករ​រស់នៅ​ក្នុងភូមិ ឃុំ ស្រុក និង​ខេត្ត​ខាងលើ​ផង​នោះ បានឱ្យដឹងថា គម្រោង​សង់​ផ្លូវលំ​នេះ​ពិតជា​ឆ្លើយតប​នឹង​តម្រូវការ​ជា​អាទិភាព​របស់​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​តំបន់​របស់លោក​។​ បុរស​វ័យ​៣៣​ឆ្នាំ​រូបនេះ មានប្រសាសន៍​ទាំង​ត្រេកអ​រថា “​នៅពេល​មាន​ផ្លូវ​ស្អាត ពួកយើង​អាច​ដឹក​កសិផល​ទៅ​លក់​ដល់ទី​ផ្សារ​ទាន់ពេល​។ កូនចៅ​ធ្វើដំណើរ​ទៅ​សាលារៀន​ងាយស្រួល​។ ពិសេស​គឺ​ទៅ​មណ្ឌល​សុខភាព​ទាន់ពេល នៅពេល​ឈឺ​ថ្កាត់​យប់​ព្រលប់​”​។​

តំណាង​កសិករ​ទាំងពី​រូប​​​​​បាន​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល អាជ្ញាធរ និង​សប្បុរសជន​នានា​ជួយ​សង់​ហេដ្ឋារចនាសម្ព័ន្ធ និង​ប្រព័ន្ធធារាសាស្ត្រ​ក្នុង​មូលដ្ឋាន​​លោក​ថែមទៀត ដើម្បីឱ្យ​ពលរដ្ឋ​ងាយស្រួល​ធ្វើដំណើរ និង​បង្កបង្កើនផល​កសិកម្ម​ច្រើនជាង​មុន​។ ពួកគាត់ហ៊ាន​អះអាងថា ប្រសិនបើ​ពួកគាត់មាន​បច្ចេក​ទេស​​ដាំ​ដុះ និង​ទឹក​ស្រោចស្រព​គ្រប់គ្រាន់​នោះ ពួកគាត់​នឹង​អាចធ្វើ​ស្រែ​បាន​បី​ដង​ក្នុង​មួយឆ្នាំ​។

​មេឃុំ​ឆ្លូង លោក សេង គឹម​ចាំង បានឱ្យដឹងថា គម្រោង​ផ្លូវ​បាន​ជួយ​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​មូលដ្ឋាន​ប្រមាណ ១​ពាន់​គ្រួសារ ស្មើនឹង​ជាង ៧​ពាន់​នាក់​ប្រើប្រាស់​ជា​ប្រយោជន៍​ពួកគាត់​រៀងៗ​ខ្លួន​។​

​ជាមួយគ្នានេះដែរ លោក មាស គុម​ន្នី អភិបាលរង​ស្រុក​ឆ្លូង​បាន​សំណូមពរ​ប្រជាពលរដ្ឋ​ទាំងអស់​ជួយ​ថែរក្សា​ផ្លូវលំ​ទាំងអស់គ្នា ដើម្បីឱ្យ​ផ្លូវ​នេះ​បម្រើ​ផលប្រយោជន៍​ដល់​ពួកគាត់​យូរអង្វែង​។ លោក​បាន​មានប្រសាសន៍​ទៅកាន់​ពលរដ្ឋ​ថា “​យើង​ត្រូវ​ចូលរួម​ថែរក្សា​ផ្លូវ​ឱ្យបាន​គង់វង្ស​យូរអង្វែង ព្រោះ​ផ្លូវ​នេះ​បម្រើ​ផលប្រយោជន៍​ដល់​យើងទាំងអស់គ្នា​”​។

​តាម​ប្រសាសន៍​របស់លោក​មេឃុំ​ឆ្លូង ផ្លូវលំ​ដី​ក្រួសធម្មជាតិ​ថ្មី ១​ខ្សែ​ដែល​ទើប​បញ្ចប់​ការសាងសង់​ក្នុង​ឆ្នាំ ២០១៧​នេះ​មាន​ប្រវែង ១៤៨៥​ម៉ែត្រ និង​ដាក់លូ​២​កន្លែង ដោយ​ចំណាយ​ថវិកា​សរុប​ចំនួន ៩០.១៦៦.៤៧០​រៀល ក្នុងនោះ មូលនិធិ​ឃុំ​ចំនួន ៥៩.៩៦៦.៤៧០​រៀល មូលនិធិ​កម្មវិធី ASPIRE​ចំនួន ៣០.០០០.០០០​រៀល និង​បដិភាគ​ប្រជាពលរដ្ឋ​ចំនួន ២០០.០០០​រៀល​។​

​សូមបញ្ជាក់ថា មូលនិធិ​ឃុំ សង្កាត់ គឺជា​កញ្ចប់​ថវិកា​មួយ​ដែល​រាជរដ្ឋាភិបាល​ត្រូវ​ផ្ទេរ​ទៅឱ្យ​ឃុំ សង្កាត់​។ មូលនិធិ​នេះ​រួមមាន​ចំណូល​ពី​ចំណែក​ដ៏​ជាក់លាក់​នៃ​ចំណូល​ចរន្ត​នៃ​ថវិការដ្ឋ​ប្រចាំឆ្នាំ និង​ពី​ការចូលរួម​របស់​ដៃគូ​អភិវឌ្ឍន៍​នានា​។ មូលនិធិ​នេះ​មាន​ពីរ​ផ្នែក​សំខាន់ៗ គឺ​ផ្នែក​រដ្ឋបាល​ទូទៅ និង​ផ្នែក​អភិវឌ្ឍន៍​មូលដ្ឋាន​។​រាជរដ្ឋាភិបាល​បានចេញ​អនុក្រឹត្យ​បង្កើត​មូលនិធិ​ឃុំ សង្កាត់​ឡើង​នៅ​ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ​២០០២ ក្រោយពី​ព្រះរាជក្រម​ប្រកាស​ឱ្យប្រើ​ច្បាប់​ស្តីពី ការគ្រប់គ្រង​រដ្ឋបាល​ឃុំ សង្កាត់ ចុះ​ថ្ងៃទី ១៩ ខែមីនា ឆ្នាំ​២០០១​។ ការអនុវត្ត​មូលនិធិ​នេះ​មានកំណត់​ក្នុង​សៀវភៅ​ណែនាំ​ស្តីពី ការអនុវត្ត​គម្រោង​មូលនិធិ​ឃុំ​សង្កាត់ (Commune/Sangkat Fund Project Implementation Manual) ចុះ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០០៩៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់