អភិបាល​ខេត្ត​អញ្ជើញ​ចុះ​ចែក​គ្រឿង​ផ្ទះ​ជួន​ប្រជាពលរដ្ឋ​នៅ​ភូមិ​បង្កើត​ថ្មី​៩៧​គ្រួសារ (កោះសន្តិភាព)

ខេត្តកំពង់ធំ៖ កាលពីព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៣ មានពិធីប្រគល់ផ្ទះជូនប្រជាពលរដ្ឋជាជំហានទី២ ក្រោមអធិបតីភាពលោកឈុន ឈន់ អភិបាលនៃគណៈអភិបាលខេត្ត លោកជាម ប៉េអា អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ…

ខេត្តកំពង់ធំ៖ កាលពីព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៣ មានពិធីប្រគល់ផ្ទះជូនប្រជាពលរដ្ឋជាជំហានទី២ ក្រោមអធិបតីភាពលោកឈុន ឈន់ អភិបាលនៃគណៈអភិបាលខេត្ត លោកជាម ប៉េអា អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ និងជាប្រធានសម្របសម្រួលគម្រោងឡាសិត លោក លី គឹមពាវ នាយកទីចាត់ការអន្តរវិស័យ និងជាប្រធានគ្រប់គ្រងគម្រោងប្រចាំខេត្ត។

លោកលី គឹមពាវ បានមានប្រសាសន៍ថា ពិធីចែកផ្ទះជូនប្រជាពលរដ្ឋនៅពេលនេះមានចំនួន ៩៧គ្រួសារ ហើយជាជំហានទី២ ហើយក៏ជាលើកទី២ផងដែរនៅក្នុងភូមិអភិវឌ្ឍន៍(ថ្មី) របស់សម្ដេច តេជោ តែពុំទាន់បានប្រសិទ្ធិនាមឈ្មោះនៅឡើយទេ ដែលមានទីតាំងស្ថិតនៅក្នុងភូមិស្រែស្រម៉ ឃុំទីពោ ស្រុកសន្ទុក ដោយក្នុង១គ្រួសារទទួលបានគ្រឿងផ្ទះទំហំ៤ គុណ៥ ម៉ែត្រ រួមមានជើងសសរចំនួន ៩ ឃ្នាប១៣បន្ទះ និងស័ង្កសី ១៣សន្លឹក សម្រាប់សាងសង់លើផ្ទៃដីទំហំ ៣០ គុណ៤០ម៉ែត្រ តាមគម្រោងបែងចែកដីសង្គមកិច្ច។ លោកបន្តថា នៅក្នុងគម្រោងទី២នេះចែកបានចំនួន៩៧គ្រួសារស្មើនឹង៩៧ខ្នងផ្ទះកាលពីលើកទី១ ចែកបានចំនួន ១៧៦ខ្នងផ្ទះសរុបចំនួន២៧៣ ផ្ទះលើ៣០០ខ្នងផ្ទះនៅខ្វះ២៧ខ្នងផ្ទះទៀត។ 

tipo-2-kpt-1

លោកបានបញ្ជាក់ថា មូលហេតុដែលបណ្ដាលឱ្យខ្វះនេះ គឺមកពីរោងម៉ាស៊ីនអារឈើ អារមិនទាន់។ ចំណែកថវិកាចំណាយគឺបានមកពីការជួយឧបត្ថម្ភរបស់ធនាគារពិភពលោកតាមរយៈរាជរដ្ឋាភិបាលដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ លោកឈុន ឈន់ បានមានប្រសាសន៍ផ្ដាំផ្ញើដល់ប្រជាពលរដ្ឋថា បន្ទាប់ពីបានទទួលអំណោយជាដី ជាផ្ទះទាំងអស់នេះហើយ សូមឱ្យចេះថែរក្សាឱ្យបានគង់វង្សកុំលក់ កុំដូរទៅណាទៀត។ លោកជាម ប៉េអា បានមានប្រសាសន៍ចូលរួមអបអរសាទរជាមួយនឹងប្រជាពលរដ្ឋដែលបានទទួលអំណោយដ៏ថ្លៃថ្លានេះពីប្រមុខរាជរដ្ឋាភិបាលដែលខំស្វះស្វែងរិះរកជំនួយពីប្រទេសផ្សេងៗដើម្បីជួយដល់ ប្រជាពលរដ្ឋខ្មែរដោយមិនប្រកាន់វណ្ណៈ ឬនិន្នាការនយោបាយនោះឡើយ។ បងប្អូនមិនត្រឹមតែទទួលដីសាងសង់ផ្ទះ និងផ្ទះប៉ុណ្ណោះទេ គឺនៅមានដីសម្រាប់ដាំដំណាំក្នុង១គ្រួសារ ទទួលបានកន្លះហិកតា មានអណ្ដូងទឹក បង្គន់អនាម័យ សាលារៀន មណ្ឌលសុខភាព និងស្ពានផ្លូវខ្វែងខ្វាត់ទុកជាចំណងដៃដល់ប្រជាពលរដ្ឋយើងរស់នៅទីនេះ។

ចុងបញ្ចប់នៃកម្មវិធី គណៈអធិបតីបានអញ្ជើញទស្សនាផ្ទះគំរូជាអំណោយដែលប្រជាពលរដ្ឋសាងសង់រួចហើយលើដីអភិវឌ្ឍន៍ថ្មីនេះ៕ ឆាយ រក្សា

 

ដកស្រង់ចេញពីកាសែតកោះសន្តិភាព ឆ្នាំទី៤៦ លេខ៧៧៩២ ថ្ងៃអង្គារ ទី០៥ ខែកុម្ភៈ ឆ្នាំ២០១៣

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់