សិក្ខាសិលាឆ្លុះបញ្ចាំងការអនុវត្តគម្រោង LGCCII និង​ការ​បណ្តុះ​បណ្តាល​ជំនាញ​វាយ​តម្លៃ​មូលនិធិ​បន្សុំាការ​ប្រែប្រួល​អាកាសធាតុ ដោយ​ផ្អែក​លើ​លទ្ធផល​នៃ​ការ​អនុវត្ត

ព្រះសីហនុ ១ តុលា ២០១៣៖ ដើម្បីឆ្លុះបញ្ចាំងការអនុវត្តគម្រោងអភិបាលកិច្ចមូលដ្ឋាន និងការប្រែប្រួលអាកាសធាតុដំណាក់កាលទី២ (LGCCII) និងការបណ្តុះបណ្តាលជំនាញ…

ព្រះសីហនុ ១ តុលា ២០១៣៖ ដើម្បីឆ្លុះបញ្ចាំងការអនុវត្តគម្រោងអភិបាលកិច្ចមូលដ្ឋាន និងការប្រែប្រួលអាកាសធាតុដំណាក់កាលទី២ (LGCCII) និងការបណ្តុះបណ្តាលជំនាញវាយតម្លៃមូលនិធិបន្សុំាទៅនឹងការប្រែប្រួលអាកាសធាតុ ដោយផ្អែកលើលទ្ធផលនៃការអនុវត្ត (PBCRG)  សិក្ខាសាលារយៈពេល២ថ្ងៃ ដែលរៀបចំដោយលេខាធិការដ្ឋាន គ.ជ.អ.ប ក្រោមការសហការឧបត្ថម្ភគាំទ្របច្ចេកទេស និងថវិកាដោយ UNCDFនិង SIDA បានចាប់ផ្តើមនៅថ្ងៃទី៣០ ខែកញ្ញា និងថ្ងៃទី១ ខែតុលា ឆ្នាំ២០១៣ នៅសណ្ឋាគារគោលឌិនស៊ី ខេត្តព្រះសីហនុ។

សិក្ខាសាលាបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ង៉ាន់ ចំរើន អនុប្រធានប្រតិបត្តិនៃលេខាដ្ឋាន គ.ជ.អ.ប និងមានការចូលរួមផងដែរពីតំណាងរដ្ឋបាលថ្នាក់ក្រោមជាតិ ខេត្តបាត់ដំបង និងតាកែវ ដែលរួមមានប្រធានផែនការអនុវត្តរយៈពេល៣ឆ្នាំដំបូង (ផអ៣) នៃកម្មកម្មវិធីជាតិ  ប្រធានគ្រប់គ្រងទីប្រឹក្សាខេត្ត ទីប្រឹក្សាហេដ្ឋារចនាសម្ព័ន្ធ ទីប្រឹក្សាហិរញ្ញវត្ថុ មន្រ្តីសម្របសម្រួលគម្រោង អភិបាលក្រុង ស្រុក ក្រុមប្រឹក្សាក្រុង ស្រុក នាយករដ្ឋបាលក្រុង ស្រុក ទីប្រឹក្សាក្រុង ស្រុក និងដៃគូអភិវឌ្ឍន៍ សរុបចំនួនប្រមាណ៦៥នាក់ ដែលក្នុងនោះមានស្ត្រីចំនួន ៥នាក់។

 

ថ្លែងក្នុងសិក្ខាសាលានេះ ឯកឧត្តម ង៉ាន់ ចំរើន មានប្រសាសន៍ថា ការប្រែប្រួលអាកាសធាតុគឺជាបញ្ហាសកល ប៉ុន្តែវាមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើថ្នាក់មូលដ្ឋាន ជាពិសេសកសិករកម្ពុជា។ អាស្រ័យហេតុនេះទើបលេខាធិការដ្ឋាន គ.ជ.អ.ប រីករាយនឹងទទួលជំនួយគាំទ្រពីអង្គការ UNCDF Sweden UNDPនិងដៃគូអភិវឌ្ឍន៍នានា ដែលគាំទ្រដល់ការអនុវត្តសកម្មភាពសាកល្បងក្នុងការបន្សុំា និងការប្រែប្រួលអាកាសធាតុនៅថ្នាក់ក្រោមជាតិ។

ឯកឧត្តមក៏បានវាយតម្លៃខ្ពស់លើលទ្ធផលគម្រោង LGCCទាំងមូលថា៖«ការអនុវត្តគម្រោងបន្សុំានិងការ

ប្រែប្រួលអាកាសធាតុថ្នាក់មូលដ្ឋាននៅកម្ពុជាគឺជាសកម្មភាពគំរូមួយដែលបណ្តាប្រទេសនានាលើសកលលោក

មានការចាប់អារម្មណ៍ហើយមានបំណងចង់យកគំរូទៅអនុវត្តតាមនៅថ្នាក់មូលដ្ឋានរបស់ពួកគេ»។

 

លោក Julain Abramដែលជាវាគ្មិនក្នុងសិក្ខាសាលានោះបានមានប្រសាសន៍ប្រាប់សិក្ខាកាមពីគោលបំណងនៃមូលនិធិបន្សុំា

នឹងការប្រែប្រួលអាកាសធាតុថា៖« គឺជាការចែករំលែកនូវមូលនិធិបន្សុំាមួយចំនួនអោយបានដល់រដ្ឋបាលថ្នាក់ក្រោមជាតិ»។

 

ជាចុងបញ្ចប់ ឯកឯកឧត្តម ង៉ាន់ ចំរើន ក៏បានផ្តាំផ្ញើដល់សិក្ខាកាមចូលរួមផងដែរអោយខិតខំប្រឹងប្រែងស្វែងយល់បន្ថែមទាក់ទងនឹង

ការប្រែប្រួលអាកាសធាតុ និងសូមអោយព្យាយាមខិតខំប្រឹងប្រែងយកចិត្តទុកដាក់ស្តាប់បទឧទ្ទេសនាម និងចូលរួមទទួលយកចំណេះដឹងទាំង២ថ្ងៃនេះ ទៅអនុវត្តក្នុងមូលដ្ឋានរបស់ខ្លួន។

 

គួរបញ្ជាក់ផងដែរថា ខេត្តតាកែវគឺជាខេត្តដែលឈានមុខគេក្នុងការអនុវត្តគម្រោង ដោយឡែក ខេត្តបាត់ដំបងគឺជាខេត្តថ្មីដែលគម្រោងទើបចាប់អនុវត្ត។ ក្នុងនោះសិក្ខាកាមចូលរួមបញ្ចេញមតិយ៉ាងផុសផុលក្នុងវគ្គបណ្តុះបណ្តាល និងពិភាក្សាគ្នា ចែករំលែកបទពិសោធន៍អោយគ្នាទៅវិញទៅមក។ គេសង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាមនឹងយកចំណេះដឹងដែលទទួលបានពីការបណ្តុះបណ្តាលនេះទៅអនុវត្តអោយបានល្អប្រសើរ៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់