សិក្ខាសាលា​តម្រង់​ទិស​ស្ដីពី​គម្រោង​លើកកម្ពស់​សិទ្ធិ​ ស្ត្រី​តាមរយៈ​ការ​ពង្រឹង​ចំណេះដឹង និង​ជំនាញ​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ

កោះកុង ៩ មេសា ២០១៣៖  លេខាធិការដ្ឋាន គ.ជ.អ.ប សហការជាមួយអង្គការ UN-Women កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៣ បានរៀបចំសិក្ខាសាលាតម្រង់ទិសស្ដីពីគម្រោងលើកកម្ពស់សិទ្ធិស្ត្រីតាមរយៈការពង្រឹងចំណេះដឹង និងជំនាញរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនៅខេត្តកោះកុង។

សិក្ខាសាលានេះមានគោលបំណងដើម្បី៖ (១). ណែនាំអំពីការអនុវត្តសកម្មភាព និងថវិការបស់គម្រោងឆ្នាំ២០១៣ (២). ចង់ដឹងអំពីបញ្ហាប្រឈម អនុសាសន៍ និងសំណូមពរដែលខេត្ត ស្រុកគោលដៅរបស់គម្រោងអនុវត្តសកម្មភាពនៅឆ្នាំ២០១២។

សិក្ខាសាលានេះមានការចូលរួមពីក្រុមការងារលេខាធិការដ្ឋាន គ.ជ.អ.ប  ប្រធានគម្រោង ផែនការអនុវត្តរយៈពេលបីឆ្នាំដំបូង ២០១១-២០១៣ (ផអ៣) នៃកម្មវិធីជាតិ តំណាងគណៈកម្មាធិការពិគ្រោះយោបល់ស្រ្តី និងកុមារ (គ.ក.ស.ក) មន្ត្រីមកពីមន្ទីរកិច្ចការនារី តំណាងទីចាត់ការផែនការ និងវិនិយោគ តំណាងទីចាត់ការហិរញ្ញវត្ថុ ទីប្រឹក្សាអភិវឌ្ឍន៍សមត្ថភាពខេត្ត  មន្ត្រីបង្គោល UN-Women ថ្នាក់ស្រុក ខេត្ត និងមន្ត្រីពាក់ព័ន្ធដែលមានចំនួនសរុប ៣៧នាក់(ស្ត្រី ២០រូប)។

ផ្អែកតាមកិច្ចព្រមព្រៀងរវាងលេខាធិការដ្ឋាន គ.ជ.អ.ប និងអង្គការUN-Woman គម្រោងលើកកម្ពស់សិទ្ធិស្ត្រីតាមរយៈការពង្រឹងចំណេះដឹង និងជំនាញរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ជាគម្រោងសាកល្បងដែលសហការគាំទ្រដោយអង្គការ UN-Women ចាប់ផ្ដើមអនុវត្តពីខែមិថុនា ឆ្នាំ២០១២ និងត្រូវបញ្ចប់នៅខែវិច្ឆិកា ឆ្នាំ២០១៣។ ខេត្តគោលដៅចំនួន២ ត្រូវបានជ្រើសរើសអនុវត្តសាកល្បង គឺខេត្តកំពង់ឆ្នាំងដែលមានស្រុករលាប្អៀរ និងស្រុកកំពង់ត្រឡាច និងខេត្តបាត់ដំបងដែលមានស្រុកថ្មគោល និងស្រុកបវេល។ 

គួបញ្ជាក់ថា ថវិកាសម្រាប់ឆ្នាំ២០១៣ សម្រាប់គម្រោងលើកកម្ពស់សិទ្ធិស្ត្រីតាមរយៈការពង្រឹងចំណេះដឹង និងជំនាញរបស់រដ្ឋបាលថ្នាក់ក្រោមជាតិសរុបចំនួន ៨១.៨៨៧ ដុល្លារសហរដ្ឋអាមេរិក ដែលបានបែងចែកទៅឲ្យថ្នាក់ជាតិ និងខេត្តគោលដៅដើម្បីអនុវត្តសកម្មភាពរបស់គម្រោងរួមមាន៖

១. លេខាធិការដ្ឋាន គ.ជ.អ.ប ចំនួន ៤៧.៤៨៧ ដុល្លារ

២. ខេត្តគោលដៅទាំងពីរ គឺខេត្តបាត់ដំបង និងខេត្តកំពង់ឆ្នាំងក្នុងមួយខេត្ត ចំនួន៧.២៤០ ដុល្លារ

៣. ស្រុកទាំង៤នៃខេត្តគោលដៅទាំងពីរក្នុងមួយស្រុកចំនួន៤.៩៨០ដុល្លារ៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់