សិក្ខាសាលា​ឆ្លុះបញ្ចាំង​ថ្នាក់ជាតិ​ស្តីពី ការបិទ​ផ្សព្វផ្សាយ​កញ្ចប់​ព័ត៌មាន​សម្រាប់​ប្រជាពលរដ្ឋ​នៃ​ការអនុវត្ត​ការងារ​គណនេយ្យភាព​ស​ង្គ​ម​

រាជធានី​ភ្នំពេញ ២០ ធ្នូ ២០១៧៖ អង្គភាព​ត្រួតពិនិត្យ វាយតម្លៃ និង​ព័ត៌មាន​នៃ​លេខាធិការដ្ឋាន​គណៈកម្មាធិកា​រ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ (​គ​.​ជ​.​អ​.​ប​)​ បាន​សហការ​ជាមួយ​ក្រុមការងារ​ប​ច្ចេក​ទេស​នៃ​ក្រសួងសុខាភិបាល ក្រសួង​អប់រំ ​យុវជន និង​កីឡា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ និង​អង្គការ​សង្គម​ស៊ីវិល​ដោយ​ទទួលបាន​ការគាំទ្រ​ថវិកា​ពី​អង្គការ UNICEF បានរៀបចំ​សិក្ខាសាលា​ឆ្លុះបញ្ចាំង​ថ្នាក់ជាតិ​ ដើម្បី​ពិនិត្យ និង​ពិភាក្សា​លើ​ការងារ​បិទ​ផ្សព្វផ្សាយ​កញ្ចប់​ព័ត៌មាន​សម្រាប់​ប្រជាពលរដ្ឋ នៃ​ការអនុវត្ត​ការងារ​គណនេយ្យភាព​ស​ង្គ​ម ។​

​សិក្ខាសាលា​បាន​រៀបចំឡើង​រយៈពេល​មួយថ្ងៃ​ពេញ គឺ​នៅ​ថ្ងៃ​អង្គារ ២​កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៧ ក្នុង​សាលប្រជុំ​ក្រសួងមហាផ្ទៃ ដែលមាន​ការអញ្ជើញ​ចូលរួម​ពី​តំណាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​នៅ​ថ្នាក់ជាតិ មន្ត្រី​ទទួលបន្ទុក​គណនេយ្យភាព​ថ្នាក់​ខេត្ត និង​ថ្នាក់ស្រុក ព្រមទាំង​អង្គការ​សង្គម​ស៊ីវិល​និង​ដៃគូ​អភិវឌ្ឍន៍​សរុប​ប្រមាណ ១២០​នាក់​។ ។​

​ក្នុងឱកាស​បើក​សិក្ខាសាលា​នេះ ឯកឧត្តម ង៉ាន់ ចំរើន អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​ប្រតិបត្តិ​នៃ​លេខាធិការដ្ឋាន គ​.​ជ​.​អ​.​ប បាន​ថ្លែង​សុន្ទរកថា​បើក​សិក្ខាសាលា​គូសបញ្ជាក់​ឡើងវិញ​ពី​ការអនុវត្ត​កម្មវិធី​ជាតិ​១០​ឆ្នាំ​(​ពី​ឆ្នាំ​២០១០-២០២០) សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​។​

​ចំពោះ​ផែនការ​អនុវត្ត​៣​ឆ្នាំ​ដំណាក់កាល​ទី​បី​(​ផ​.​អ​.៣​ទី​៣)​ពី​ឆ្នាំ​២០១៨-២០២០) ឯកឧត្តម​អនុរដ្ឋលេខាធិការ​បាន​បង្ហាញ​ទិសដៅ និង​ទស្សនៈទាន​ទៅ​អនាគត​ក្នុងការ (១) បន្ត​អភិវឌ្ឍ​រដ្ឋបាល​ក្រុង ស្រុក​ឱ្យក្លាយ​ទៅជា​រដ្ឋបាល​មូលដ្ឋាន​យ៉ាងពិត​ប្រាកដ​ក្នុង​ការផ្តល់សេវា និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន (២) ការបែងចែក​ឱ្យបាន​ច្បាស់លាស់​នូវមុខ​ងារ និង​តួនាទី​រវាង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ទាំង​៣​គឺ​រដ្ឋបាល​រាជធានី​ខេត្ត រដ្ឋបាល​ក្រុង ស្រុក និង​រដ្ឋបាល​ឃុំ សង្កាត់ (៣) បញ្ហា​ប្រឈម​នានា​ពាក់ព័ន្ធ​នឹង​ការផ្ទេរ​មុខងារ​ពី​ក្រសួង ស្ថាប័ន និង​ការផ្ទេរ​មុខងារ​សេវា​ទីប្រជុំជន​ពី​រដ្ឋបាលខេត្ត​ទៅឱ្យ​រដ្ឋបាល​ក្រុង ស្រុក ដែល​ការផ្ទេរ​មុខងារ​ទាំងនេះ​ចាំបាច់​ត្រូវ​ផ្ទេរ​ភ្ជាប់​ទៅជា​មួយ​នូវ​ធនធានមនុស្ស ធនធាន​ហិរញ្ញវត្ថុ និង​ធនធាន​ចាំបាច់​ផ្សេងៗ​ទៀត​។​

ទន្ទឹមនេះដែរ ឯកឧត្តម​ក៏បាន​កោតសរសើរ​មន្ត្រី​ដែល​បំពេញការងារ​អនុវត្ត​ការងារ​គណនេយ្យភាព​ស​ង្គ​ម អង្គការ​សង្គម​ស៊ីវិល និង​ដៃគូ​អភិវឌ្ឍន៍​ទាំងអស់​ដែល​ចូលរួម​អនុវត្ត​ការងារ​គណនេយ្យភាព​ស​ង្គ​ម​ដែលជា​ផ្នែក​មួយ​នៃ​សមាសភាព​ទី​២ របស់ ផ​.​អ​.៣​ទី​៣​របស់​កម្មវិធី​ជាតិ​បាន​យ៉ាង​ល្អប្រសើរ​នាពេល​កន្លងមក​។ ឯកឧត្តម​មានប្រសាសន៍​ថា​” ការងារ​គណនេយ្យភាព​សង្គម​នេះ​ជា​ផ្នែក​មួយ​សំខាន់​ណាស់​នៃ​កិច្ចដំណើរការ​កំណែទម្រង់​វិមជ្ឈការ​របស់​យើង​ដែល​ផ្តោតជាសំខាន់​លើ​ការពង្រឹង​ទំនាក់ទំនង ការប្រាស្រ័យ​ទាក់ទង​រវាង​រដ្ឋបាល​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​របស់​យើង​”​។​

​ឯកឧត្តម​បាន​បន្ថែមថា ឯកឧត្តម​ជឿជាក់ថា ឯកឧត្តម លោកជំទាវ លោក លោកស្រី​សមាជិក​សមាជិកា និង​តំណាង​ក្រុង​ស្រុក​គោលដៅ​ទាំង​៩៨ នឹង​បន្ត​ខិតខំ​ពង្រឹង​កិច្ចការ​ការងារ​សំខាន់ៗ​នៃ​ការងារ​គណនេយ្យភាព​ស​ង្គ​ម​បន្ថែមទៀត ដើម្បី​ប្រែក្លាយជា​រដ្ឋបាល​មូលដ្ឋាន​ដែលមាន​តួនាទី​ច្បាស់លាស់​ក្នុង​ការផ្តល់សេវា​ជូន​ប្រជាពលរដ្ឋ​។​

​សូមបញ្ជាក់ថា អង្គសិក្ខាសាលា​បាន​ផ្តោត​ការយកចិត្តទុកដាក់​ជាសំខាន់​លើ​ការបិទ​ផ្សព្វផ្សាយ​ព័ត៌មាន​ទិន្នន័យ​លទ្ធផល​បំពេញការងារ​របស់រ​ដ្ឋ​បាល​ឃុំ​សាលាបឋមសិក្សា និង​មណ្ឌល​សុខភាព ដោយ​ផ្តោត​ការយកចិត្តទុកដាក់​លើ​សូចនា​ករទាំង ៦ របស់​អង្គភាព​ផ្តល់​សេវា​ទាំង ៣ (​រដ្ឋបាល​ឃុំ សាលាបឋមសិក្សា និង​មណ្ឌល​សុខភាព​) ធៀប​នឹង​ស្តង់ដារ​កំណត់​របស់​ជាតិ និង​សំណូមពរ​ដល់​អង្គសិក្ខាសាលា​ទាំងមូល ជួយ​រៀបចំ​ប្រមូល ចងក្រង​មេរៀន​បទពិសោធន៍​ល្អ​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​។ សិក្ខាកាម​ក្នុង​អង្គ​សិក្ខា​បាន​ស្តាប់​នូវ​បទ​បង្ហាញ​នានា​រួមមាន​១)​បទ​បង្ហាញ​ស្តីពី​ការអនុវត្ត​ការងារ​គណនេយ្យភាព​ស​ង្គ​ម​ឆ្នាំ​២០១៧ ដោយ​ផ្អែកលើ​ការបិទ​ផ្សព្វផ្សាយ​កញ្ចប់​ព័ត៌មាន​សម្រាប់​ប្រជាពលរដ្ឋ​របស់​ថ្នាក់ជាតិ​។ ២)​បទ​បង្ហាញ​ស្តីពី​ការអនុវត្ត​ការងារ​គណនេយ្យភាព​ស​ង្គ​ម​ឆ្នាំ​២០១៧ របស់​ថ្នាក់ក្រោម​ជាតិ​ដោយ​ផ្អែកលើ​ការបិទ​ផ្សព្វផ្សាយ​កញ្ចប់​ព័ត៌មាន​សម្រាប់​ប្រជាពលរដ្ឋ​។ ៣)​គោលការណ៍​ណែនាំ​បច្ចេកទេស​ស្តីពី របៀប​បំពេញ​លើ​ទម្រង់​ប្រមូល​ការបញ្ចូល​ទិន្នន័យ (Post-on)​និង​ការបិទ​ផ្សព្វផ្សាយ និង​៤) ការធ្វើផែនការ​សម្រាប់​អនុវត្ត​ការងារ​គណនេយ្យភាព​ស​ង្គ​ម ឆ្នាំ​២០១៨ ព្រមទាំង​ស្វែង​យល់ដឹង​អំពី​បញ្ហា​ប្រឈម​នានា និង​ដំណោះស្រាយ​នានា​ដែល​ត្រូវអនុវត្ត​នាពេលខាងមុខ​ផងដែរ​៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់