សាងសង់​ផ្លូវលំ​មួយ​ខ្សែ​ក្នុង​ឃុំ​ស្រែ​អង្គង ខេត្ត​រតនគិរី

រតនគិរី ២០ ធ្នូ ២០១២៖ ដើម្បីឆ្លើយតបទៅនឹងផែនការអភិវឌ្ឍន៍ឃុំ និងកម្មវិធីវិនិយោគប្រចាំឆ្នាំរបស់ឃុំស្រែអង្គង ស្រុកកូនមុំ ខេត្តរតនគិរី ក្រុមប្រឹក្សាឃុំស្រែអង្គង និងគណៈកម្មការគ្រប់គ្រងគម្រោង ដោយមានការជួយសម្របសម្រួលពីទីចាត់ការផែនការ…

រតនគិរី ២០ ធ្នូ ២០១២៖ ដើម្បីឆ្លើយតបទៅនឹងផែនការអភិវឌ្ឍន៍ឃុំ និងកម្មវិធីវិនិយោគប្រចាំឆ្នាំរបស់ឃុំស្រែអង្គង ស្រុកកូនមុំ ខេត្តរតនគិរី ក្រុមប្រឹក្សាឃុំស្រែអង្គង និងគណៈកម្មការគ្រប់គ្រងគម្រោង ដោយមានការជួយសម្របសម្រួលពីទីចាត់ការផែនការ និងវិនិយោគ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១២ មានប្រារព្ធពិធីបើកការដ្ឋានអនុវត្តគម្រោងមូលនិធិឃុំឆ្នាំ២០១២ ដើម្បីសាងសង់ផ្លូវលំក្រាលគ្រួសក្រហមមួយខ្សែដែលមានប្រវែង ១,៧៥គម និងលូភ្លោះមួយកន្លែង (តម្លៃសរុបក្នុងកិច្ចសន្យាចំនួន ៦១.៤៩០.០០០រៀល) នៅឃុំស្រែអង្គ្រង ក្រោមអធិបតីភាពលោក ឈឹម សុឃីម មេឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។
ពិធីនេះមានការចូលរួមពីលោក-លោកស្រីជាអភិបាលរងស្រុក ក្រុមប្រឹក្សាឃុំ ស្មៀន មេភូមិ ជំនួយការភូមិ អ្នកទទួលការ និងប្រជាពលរដ្ឋសរុប ២០នាក់ (ស្រ្តី០៦នាក់ )។
លោក ឈឹម សុឃីម មេឃុំស្រែអង្គ្រង បានមានប្រសាសន៍នៅក្នុងពិធីប្រកាសបើកការដ្ឋាននេះថា ការបើកការដ្ឋានសាងសង់ផ្លូវលំក្រាលគ្រួសក្រហមនាថ្ងៃនេះគឺដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋដែលស្ថិតនៅភូមិ៣ ឃុំស្រែអង្រ្គង ស្រុកកូនមុំ ខេត្តរតនគិរី។ គោលបំណងនៃការបើកការដ្ឋាននេះគឺដើម្បីឲ្យគណៈកម្មការគ្រប់គ្រងគម្រោង អ្នកទទួលការ និងអ្នកពាក់ព័ន្ធនានាបានជួបជុំស្គាល់គ្នាដើម្បីដោះស្រាយបញ្ហាមួយចំនួនដែលនៅសេសសល់ ការកំណត់ទីតាំងគម្រោងឲ្យបានជាក់លាក់ ព្រមទាំងដើម្បីបង្កើនកិច្ចសហការគ្នាឲ្យបានល្អ ជាមួយនឹងការទទួលខុសត្រូវរបស់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការអនុវត្តគម្រោង ការតាមដានត្រួតពិនិត្យគម្រោងឲ្យបានត្រឹមត្រូវតាមគំនូសប្លង់បច្ចេកទេស និងល័ក្ខខ័ណ្ឌដែលបានចែងក្នុងកិច្ចសន្យា។
លោក ឈឹម សុឃីម បន្តថា ក្នុងពិធីបើកការដ្ឋាននេះបានបញ្ជាក់ផងដែរក្នុងករណីមានបញ្ហាប្រឈមណាមួយកើតឡើង ដែលនាំឲ្យរាំងស្ទះដល់ការអនុវត្តគម្រោង។ «សូមឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវចេះរួមគ្នាពិភាក្សា និងដោះស្រាយ ឬរាយការណ៍ជូនថ្នាក់ ឃុំ ស្រុក និងខេត្តដើម្បីជួយផ្តល់យោបល់ និងការជួយគាំទ្រនានាតាមសភាពការចាំបាច់»។
លោកមេឃុំក៏បានបន្តទៀតថា ដើម្បីពង្រឹងប្រសិទ្ធភាពការអនុវត្តគម្រោង និងជៀសវាងមានបញ្ហាទៅថ្ងៃក្រោយ អ្នកទទួលការត្រូវមានសៀវភៅការដ្ឋានសម្រាប់ការផ្តល់យោបល់ ការតាមដាន និងត្រូវរៀបចំនូវកំណត់ហេតុ និងរបាយការណ៍តាមសកម្មភាពការងារសំខាន់ៗនៃការអនុវត្តគម្រោងរវាងម្ចាស់គម្រោង និងអ្នកទទួលការឲ្យបានត្រឹមត្រូវ។
បន្ទាប់ពីមានមតិបើកការដ្ឋានរួចមក គណៈកម្មការគ្រប់គ្រងគម្រោង អ្នកទទួលការ និងអ្នកពាក់ព័ន្ធទាំងអស់បានឯកភាពគ្នាចុះត្រួសត្រាយឈូសឆាយកំណត់ទីតាំងសាងសង់ផ្លូវ និងទីតាំងសាងសង់លូប្រកបដោយកិច្ចសហការគ្នាល្អរវាងគ្រប់ភាគីពាក់ព័ន្ធ។ ប្រជាពលរដ្ឋក្នុងតំបន់អនុវត្តគម្រោងមានការសប្បាយរីករាយ ចំពោះការអនុវត្តគម្រោងនេះ ដោយពួកគាត់សង្ឃឹមថា ការអនុវត្តគម្រោងសាងសង់ផ្លូវនេះនឹងអាចជួយសម្រួលដល់ភាពងាយស្រួលក្នុងការធ្វើដំណើរទំនាក់ទំនង ជាមួយនឹងការជួយលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគាត់ទៀងផង៕ ដោយៈ ទីប្រឹក្សាគ្រប់គ្រងកម្មវិធីជាតិថ្នាក់ខេត្ត

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់