សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំលើកទី១៨ របស់ គ.​ជ.អ.ប

រាជធានីភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំលើកទី១៨ របស់ គ.​ជ.អ.ប ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ ដោយមានវត្តមានឯកឧត្តម លោកជំទាវ ជាសមាជិក គ.ជ.អ.ប ដែលជាតំណាងមកពីក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងផែនការ  ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងកិច្ចការនារី ក្រសួងសុខាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងរ៉ែ និងថាមពល ក្រសួងបរិស្ថានក្រសួងមុខងារសាធារណៈ ក្រសួងយុត្តិធម៌  និងសមាគមរដ្ឋបាលថ្នាក់ក្រោមជាតិសរុបប្រមាណ៦៩រូប។

នៅក្នុងឱកាសបើកកិច្ចប្រជុំនោះ សម្តេចក្រឡាហោម បានមានប្រសាសន៍ថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះ​ឯកឧត្ដម លោក​ជំទាវ អស់​​​លោក លោក​ស្រីដែល​បានយកចិត្តទុកដាក់ចូលរួម និងគាំទ្រកិច្ចដំណើរការកំណែ​ទម្រង់​វិមជ្ឈការ និងវិសហមជ្ឈការ​ដ៏​មាន​សារៈសំខាន់នេះ តាម​តួនាទី និងការទទួលខុសត្រូវរបស់ខ្លួន។ សម្តេចបន្តថាជារួម ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២០នេះ ទោះបីយើងស្ថិតក្នុងស្ថានភាពដ៏លំបាក​ដោយសារ​ការឆ្លង​​រាលដាល​នៃជំងឺកូវីដ-១៩ក៏ដោយ ក៏យើងបានរួមសហការគ្នារៀបចំ និង​អនុវត្ត កិច្ចការ​ជា​អាទិភាព និងចាំបាច់នានា ដែលធ្វើឱ្យយើងទទួលបានលទ្ធផលប្រកបដោយជោគជ័យ​នៅក្នុងការ​ប្រយុទ្ធប្រឆាំងជំងឺដ៏កាចសាហាវនេះ ព្រមទាំងរក្សាបាននូវនិរន្តរភាពនៃការបំពេញ​ការងារតាមវិស័យជំនាញនានា ដោយផ្សារភ្ជាប់ជាមួយនឹងការជំរុញនូវកិច្ចដំណើរការកំណែ​ទម្រង់​នានា​ផងដែរ។ ការកោះប្រជុំលើកទី១៨របស់ គ.ជ.អ.ប. នាពេលនេះ គឺក្នុងគោលបំណងពិនិត្យឡើង​វិញ​នូវវឌ្ឍនភាព ជាពិសេសលើបញ្ហាប្រឈមនានានៃកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និង​វិស​ហ​មជ្ឈ​ការ ដែលតម្រូវឱ្យយើងទាំងអស់គ្នាត្រូវបន្តដោះស្រាយជាមួយនឹងស្ថានភាព ដែលពិបាកនឹង​ព្យាករណ៍អំពីផលប៉ះពាល់ជាអវិជ្ជមាននៃជំងឺកូវីដ-១៩ ទៅលើសង្គម និង​សេដ្ឋកិច្ច​របស់​ប្រទេស​យើង​ក្នុងរយៈពេលប៉ុន្មាន​ឆ្នាំ​ខាង​មុខ​​នេះ​​។

នៅចុងឆ្នាំ២០១៩កន្លងមកនេះ រាជរដ្ឋាភិបាលបានសម្រេចផ្ទេរមុខងារសំខាន់ៗមួយចំនួន ជាពិសេស មុខងារក្នុងវិស័យសុខាភិបាល និងអប់រំឱ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងការរៀបចំ​ឡើងវិញនូវរចនាសម្ព័ន្ធគ្រប់គ្រងថ្មីរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលអាចកំណត់បានថា ​ជា​សមិទ្ធផល និងជារបត់ជាប្រវត្តិសាស្ត្រនៃកំណែទម្រង់ប្រព័ន្ធអភិបាលកិច្ចរបស់យើង។

អំឡុងពេល៦ខែដើមឆ្នាំនេះ យើងបានរួមសហការគ្នាសម្រេចបាននូវកិច្ចការជា​ច្រើននៃ​ផែនការ​សកម្មភាពដែលយើងបានឯកភាពគ្នានៅក្នុងកិច្ចប្រជុំលើកទី១៧ របស់ គ.ជ.អ.ប. មុននេះ ដើម្បីធានាដល់ការរៀបចំ និងការប្រព្រឹត្តទៅនៃរចនាសម្ព័ន្ធគ្រប់គ្រងថ្មីរបស់រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ។ ទោះជាយ៉ាងនេះក៏ដោយ ក៏យើងនៅមានបញ្ហាប្រឈមមួយចំនួន ជាពិសេសបញ្ហាប្រឈម​នានា​ពាក់ព័ន្ធនឹងកិច្ចដំណើរការនៃរចនាសម្ព័ន្ធថ្មីរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលយើង​ត្រូវ​បន្តដោះស្រាយ។

ដោយឡែក នាពេលថ្មីៗកន្លងមកនេះ រាជ​រដ្ឋាភិបាលបានសម្រេចកែ​សម្រួល​សមាសភាព គ.ជ.អ.ប ដោយបានកែសម្រួល និងបន្ថែមសមាសភាព​ថ្នាក់​ដឹកនាំថ្មីៗមួយចំនួនក្នុងគោល​បំណង​លើកកម្ពស់នូវប្រសិទ្ធភាពនៃការដឹកនាំ សម្របសម្រួលកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និង​វិសហមជ្ឈការ។ ជាការពិតណាស់ ប្រសិទ្ធភាពនៃការដឹកនាំរបស់ គ.ជ.អ.ប. ក៏អាស្រ័យមួយ​ចំណែក​ទៅលើការរៀបចំនូវអនុគណៈកម្មាធិការ និងយន្តការនានារបស់ខ្លួនឱ្យមានភាពរឹងមាំផងដែរ។

ជាលទ្ធផល នៅក្នុងកិច្ចប្រជុំនោះ គ.ជ.អ.ប. បានសម្រេចអនុម័តទាំងស្រុងលើ (១) សេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំលើកទី១៧​ របស់ គ.ជ.អ.ប. និង (២) ការរៀបចំឡើងវិញនូវអនុគណៈកម្មាធិការនានារបស់ គ.ជ.អ.ប.។ លើកពីនោះ គ.ជ.អ.ប. ក៏បានជ្រាបអំពីវឌ្ឍនភាព និងបញ្ហាប្រឈមរបស់រដ្ឋបាល ក្រុង ស្រុក ខណ្ឌ ក្នុងក្របខណ្ឌនៃរចនាសម្ព័ន្ធថ្មីរបស់ខ្លួន ព្រមទាំងបានលើកនូវផែនការសកម្មភាពមួយចំនួន ដើម្បីដោះស្រាយបញ្ហាប្រឈមនានាទាំងនោះ ជាពិសេសបញ្ហាប្រឈមពាក់ព័ន្ធនឹងការផ្ទេរថវិកាទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌផងដែរ៕

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់