វេទិកា​សហគមន៍​ ដើម្បី​លើក​កម្ពស់​សមភាព​យេនឌ័រ​

 រតនគិរី ៩ កញ្ញា ២០១៣៖ សិទ្ធិ និងការធ្វើសេចក្ដីសម្រេចរបស់ស្ត្រី គឺជាប្រធានបទមួយដែលបានលើកឡើងក្នុងវេទិកាសហគមន៍កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៣  ដែលបានរៀបចំឡើង នៅសាលាឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដើម្បីបង្កើនការយល់ដឹង…

 

រតនគិរី ៩ កញ្ញា ២០១៣៖ សិទ្ធិ និងការធ្វើសេចក្ដីសម្រេចរបស់ស្ត្រី គឺជាប្រធានបទមួយដែលបានលើកឡើងក្នុងវេទិកាសហគមន៍កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៣  ដែលបានរៀបចំឡើង នៅសាលាឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដើម្បីបង្កើនការយល់ដឹងពីសារប្រយោជន៍ នៃការចូលរួមរបស់ស្រ្តីនៅក្នុងការធ្វើសេចក្តីសម្រេច និងយល់ដឹងពិធីសារតាមជម្រើស និងអនុសាសន៍របស់ថ្នាក់ដឹកនាំ។

 

 

វេទិកាដែលបានរៀបចំឡើងដោយមន្ទីរកិច្ចការនារីខេត្ត និងគាំទ្រថវិកាពីផែនការអភិវឌ្ឍន៍បីឆ្នាំ (ផអ៣) នេះ មានការចូលរួមពី លោកស្រីចក់ មើលប្រធានមន្ទីរកិច្ចការនារីខេត្ត លោកស្រី សាន្ត សុគន្ធ ប្រធានការិយាល័យសមភាពយេនឌ័រ នៃមន្ទីរកិច្ចការនារីខេត្ត ព្រមទាំងប្រធានភូមិ អនុប្រធានភូមិ សមាជិកភូមិ ក្រុមប្រឹក្សាឃុំប៉ក់ញ៉ៃ និងប្រជាពលរដ្ឋមកពីបណ្ដាភូមិនានាក្នុងឃុំប៉ក់ញ៉ៃសរុបចំនួន ១១៨នាក់ ក្នុងនោះក៏មាន៧០នាក់ជាស្ត្រី។

 

លោកស្រី សាន្ត  សុគន្ធ ប្រធានការិយាល័យសមភាពយេនឌ័រ នៃមន្ទីរកិច្ចការនារីខេត្ត បានថ្លែងក្នុងវេទិកានោះថា  បច្ចុប្បន្នស្រ្តី ដែលមានតួនាទីជាអ្នកដឹកនាំគ្រប់លំដាប់ថ្នាក់ គឺនៅមានចំនួនតិចតួចនៅឡើយ ដូចជា ប្រធានគណៈកម្មការ ប្រធានភូមិ មេឃុំ ជាដើម។ មូលហេតុនេះត្រូវបានលោកស្រីប្រាប់ថា មកពីមានការរើសអើងដោយយល់ថាស្រ្តីមិនអាចធ្វើជាអ្នកដឹកនាំបាន ម្យ៉ាងទៀតស្ត្រីមានបន្ទុកការងារច្រើន ទាំងការងារផ្ទះសម្បែងថែទាំទំនុកបម្រុងក្រុមគ្រួសារ និងការងាររកប្រាក់ចំណូលផងដែរ។

 

លោកស្រីសុគន្ធ បានបញ្ជាក់ថា “ ស្ត្រីមិនសូវមានការជឿជាក់លើខ្លួនឯង ខ្វះការគាំទ្រ ការជំរុញពីគ្រួសារ សហគមន៍ និងសង្គមក៏ជាបញ្ហាមួយផងដែរ” ។ លោកស្រីបន្ថែមថា “ស្ត្រីជាធនធានមនុស្សដ៏សំខាន់ ដែលមានគំនិត ប្រាជ្ញា វៃ ឆ្លាត អាចធ្វើជាអ្នកដឹកនាំភូមិ ឃុំ គណៈកម្មការនានា និង ជាអ្នកដឹកនាំក្រុមបានដូចបុរសដែរដូចនេះការចូលរួមរបស់ស្ត្រីក្នុងការសម្រេចចិត្តនានាមានមានសារៈសំខាន់ដែលមិនអាចបោះបង់បាន” ។

 

ក្នុងនោះដែរ លោក សល់ ខែង សមាជិកក្រុមប្រឹក្សាឃុំប៉ក់ញ៉ៃ មានមតិចំណាប់អារម្មណ៏ក្នុងវេទិកាផងដែរថា កាលពីមុន បុរសៗនៅស្រុកយើងធ្វើចំការប៉ុណ្ណោះ ហើយបន្ទាប់ពីការងារពួកគាត់តែងផឹកស្រា ចំណែកស្រ្តីវិញគឺធ្វើការសព្វបែបយ៉ាងទាំងអស់គឺនឿយណាស់។ ប៉ុន្តែបច្ចុប្បន្ននេះ យើងត្រូវគោរព សិទ្ធគ្នា ចេះជួយគ្នាទៅវិញ ទៅមករវាង បុរស និងស្ត្រី ហើយមិនថាបុរសឬស្រ្តីឡើយ គឺសុទ្ធតែមានតួនាទីសំខាន់ដូចគ្នាក្នុងសង្គម។

 

ជាលទ្ធផលតាមរយៈវេទិកាសហគមន៍ដែលបានប្រព្រឹត្តទៅពេញ១ថ្ងៃនេះ បានបង្ហាញថា សិក្ខាកាមមានភាពក្លាហ៊ានក្នុងការជជែក និងពិភាក្សា អំពីការងារយែនឌ័រ សិទ្ធិរបស់ស្រ្តី ដែលជាទុន ដើម្បីអាចចែករម្លែក និងផ្សព្វផ្សាយបន្តដល់សហគមន៏របស់ខ្លួន។ ដោយ៖ លោកស្រី អេង សុផា មន្ត្រីបច្ចេកទេសផែនការ តាមដាន និងវាយតម្លៃ។

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់