វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ

ព្រះសីហនុ ៥ កញ្ញា ២០១៣៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ជាលើកដំបូងត្រូវបានរៀបចំឡើង កាលពីព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៣ នៅសាលាស្រុកស្ទឹងហាវ ដើម្បីផ្សព្វផ្សាយតួនាទី ភារកិច្ច…

ព្រះសីហនុ ៥ កញ្ញា ២០១៣៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ជាលើកដំបូងត្រូវបានរៀបចំឡើង កាលពីព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៣ នៅសាលាស្រុកស្ទឹងហាវ ដើម្បីផ្សព្វផ្សាយតួនាទី ភារកិច្ច សិទ្ធិអំណាចរបស់ក្រុមប្រឹក្សា និងគណៈអភិបាល ជូនដល់ប្រជាពលរដ្ឋដើម្បីជាព័ត៌មាន។ ក្នុងនោះដែរ ស្ថានភាពចំណូល ចំណាយថវិកាប្រចាំឆ្នាំ២០១៣ និងសមិទ្ធផលនានា ដែលរដ្ឋបាលស្រុក សម្រេចបាន ក៏ដូចជាគម្រោងដើម្បីអភិវឌ្ឍន៍ស្រុកក្នុងឆ្នាំ២០១៤ខាងមុខ ក៏មានផ្សព្វផ្សាយផងដែរក្នុងវេទិកានោះ។

 

វេទិកានេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ជ័យ វីសុន ប្រធានក្រុមប្រឹក្សាស្រុកស្ទឹងហាវ និងលោក បាន សារុំ អភិបាលស្រុកស្ទឹងហាវ និងមានការចូលរួមពីសមាជិកក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក មេឃុំ ជំទប់ឃុំ ថ្នាក់ដឹកនាំភូមិ ការិយាល័យជំនាញ សមត្ថកិច្ចជុំវិញស្រុក តំណាងអង្គការសង្គមស៊ីវិល តំណាងសហគមន៍នេសាទ និងប្រជាពលរដ្ឋចំនួន៨៦នាក់។

 

វេទិកានោះ ក៏បានផ្ដល់ឱកាសដល់អ្នកចូលរួម ពិសេសសហគមន៍នេសាទដែនសមុទ្រ និងប្រជាពលរដ្ឋ លើកឡើងនូវបញ្ហាមួយចំនួនដែលប៉ះពាល់ដល់ជីវភាពរស់នៅជាប្រចាំថ្ងៃរួមមាន សន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងមូលដ្ឋាន ដូចជាចោរកម្ម ការគ្រប់គ្រងសត្វពាហនៈ បទល្មើសនេសាទក្នុងដែនសហគមន៍ ការកាប់ព្រៃលិចទឹកសម្រាប់អភិរក្សជលផល និងការខ្វះខាតរបស់ខណ្ឌរដ្ឋបាលជលផលក្នុងការទប់ស្កាត់បទល្មើសនេសាទ ផងដែរ។ 

 

ម្យ៉ាងទៀត វេទិកានេះក៏បានពង្រឹងនូវកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលគ្នា រវាងក្រុម ប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ និងអង្គភាពជំនាញក្នុងស្រុកលើបញ្ហានានា ដែលត្រូវដោះស្រាយ ដើម្បីលើកកម្ពស់គណនេយ្យភាពរបស់ក្រុមប្រឹក្សាស្រុក ចំពោះប្រជាពលរដ្ឋ ដើម្បីធានាបានថា ជម្រើសនានាតាមរយៈសេចក្ដីសម្រេច និងសកម្មភាពរបស់ក្រុមប្រឹក្សាស្រុកត្រូវបានឆ្លើយតបចំពោះតម្រូវការជាអាទិភាពរបស់ក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋទាំងអស់ក្នុងស្រុករបស់ខ្លួន។

 

ឆ្លើយតបនឹងសំនួរ ក៏ដូចជាបញ្ហាខាងលើ ក្រុមប្រឹក្សាស្រុកស្ទឹងហាវ និងសមត្ថកិច្ចពាក់ព័ន្ធសន្យាថានឹងខិតខំប្រឹងប្រែងដោះស្រាយបញ្ហាទាំងឡាយ ដែលជាក្តីកង្វល់របស់ប្រជាពលរដ្ឋ។

 

រដ្ឋបាលស្រុក និងក្រុមប្រឹក្សាស្រុកទាំងអស់ បានអោយតម្លៃខ្ពស់ក្នុងជំនួបនេះ ដោយលោកបញ្ជាក់ថា ក្នុងនាមរដ្ឋបាលស្រុកដែលត្រូវមានគណនេយ្យភាពចំពោះប្រជាពលរដ្ឋ និងក្រុមប្រឹក្សាឃុំ ប្រធានក្រុមប្រឹក្សាស្រុកស្ទឹងហាវ ប្ដេជ្ញាក្នុងការបន្តរៀបចំវេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់នេះឲ្យកាន់តែទូលំទូលាយថែមទៀតនៅតាមបណ្ដាឃុំនានាក្នុងស្រុក ដើម្បីផ្ដល់ឱកាសដល់ប្រជាពលរដ្ឋទាំងបុរស និងស្ត្រី ក៏ដូចជាអ្នកពាក់ព័ន្ធនានា បានចូលរួមលើកមតិយោបល់ និងសំណូមពរផ្សេងៗ សម្រាប់ក្រុមប្រឹក្សា ដើម្បីមានមូលដ្ឋាននៅក្នុងការធ្វើសេចក្ដីសម្រេចពាក់ព័ន្ធនឹងការផ្ដល់សេវា និងការអភិវឌ្ឍនានានៅមូលដ្ឋាន។ដោយ៖ ជ័យ សម្បត្តិផល្លា , NCDDS

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់