វគ្គពង្រឹងសមត្ថភាពដល់មន្ត្រីបច្ចេកទេសនៃមន្ទីរផែនការរាជធានី ខេត្តស្តីពីការប្រើប្រាស់កម្មវិធីគ្រប់គ្រងទិន្នន័យគម្រោងអភិវឌ្ឍន៍មូលដ្ឋានក្នុង​ប្រព័ន្ធ​អេឡិចត្រូនិច

ភ្នំពេញ ២៤ មិថុនា ២០១៣៖ ដោយមានកិច្ចសហការ និងគាំទ្រពីលេខាធិការ គ.ជ.អ.ប ក្រុមការងារផែនការវិមជ្ឈការនិងវិសហមជ្ឈការ និងសិទ្ធិកុមារក្រសួងផែនការ កាលពីថ្ងៃទី១៩-២១ ខែមិថុនា ឆ្នាំ២០១៣ បានរៀបចំវគ្គបណ្តុះបណ្តាល ដើម្បីពង្រឹងសមត្ថភាពស្ដីពីការប្រើប្រាស់កម្មវិធីគ្រប់គ្រងទិន្នន័យគម្រោងអភិវឌ្ឍន៍មូលដ្ឋាន (CDPD Program)…

ភ្នំពេញ ២៤ មិថុនា ២០១៣៖ ដោយមានកិច្ចសហការ

និងគាំទ្រពីលេខាធិការ គ.ជ.អ.ប ក្រុមការងារផែនការ

វិមជ្ឈការ វិសហមជ្ឈការ និងសិទ្ធិកុមារក្រសួងផែនការ

កាលពីថ្ងៃទី១៩-២១ ខែមិថុនា ឆ្នាំ២០១៣ បានរៀបចំ

វគ្គបណ្តុះបណ្តាលដើម្បីពង្រឹងសមត្ថភាពស្ដីពីការ

ប្រើប្រាស់កម្មវិធីគ្រប់គ្រងទិន្នន័យគម្រោងអភិវឌ្ឍន៍

មូលដ្ឋាន (CDPD Program) ក្នុងប្រព័ន្ធអេឡិចត្រូនិច

ដល់មន្ត្រីបច្ចេកទេសនៃមន្ទីរផែនការទាំង២៤ រាជធានី

ខេត្ត នៅខេត្តក្រចេះ។
វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ហ៊ូ តាំងអេង រដ្ឋលេខាធិការក្រសួងផែនការ និងមានការចូលរួមពីក្រុមការងារផែនការវិមជ្ឈការ និងវិសហមជ្ឈការ និងសិទ្ធិកុមារក្រសួងផែនការ ប្រធានមន្ទីរផែនការរាជធានី ខេត្ត មន្ត្រីបច្ចេកទេសនៃមន្ទីរផែនការរាជធានី ខេត្ត និងតំណាងលេខាធិការដ្ឋាន គ.ជ.អ.ប ដែលមានចំនួនសរុបប្រមាណ៨០នាក់ (ស្ត្រី០៩នាក់)។


វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណងដើម្បីពង្រឹងសមត្ថភាពដល់មន្ត្រីបច្ចេកទេសនៃមន្ទីរផែនការ ទូទាំង២៤រាជធានី ខេត្ត ក្នុងការបញ្ចូលទិន្នន័យកម្មវិធីគ្រប់គ្រង់ទិន្នន័យគម្រោងអភិវឌ្ឍន៍  (CDPD Program) ក្នុងប្រព័ន្ធកំព្យូទ័រ នៅមុននិងក្រោយពេលសិក្ខាសាលាសមាហរណកម្មផែនការឃុំ សង្កាត់ថ្នាក់ក្រុង ស្រុក ខណ្ឌ។

ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តម ស ចំរ៉ុង អភិបាលខេត្តក្រចេះ បានថ្លែងថា ក្នុងនាមជា ប្រតិបត្ដិករនៃស្នូលយុទ្ធសាស្ដ្រចតុកោណ តាមរយៈផែនការអនុវត្តរយៈពេល៣ឆ្នាំដំបូង ២០១១-២០១៣ (ផអ៣) នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ខេត្តក្រចេះដោយ មានការគាំទ្រពីអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ និងជាពិសេសការគាំទ្របច្ចេកទេសពីក្រុមការងារអនុកម្មវិធីទី៥នៃផអ៣ (ក្រសួងផែនការ) បានបង្ហាញឲ្យឃើញថាក្នុងរយៈពេលពីរអាណត្តិកន្លងមកនេះ ក្រុមប្រឹក្សាឃុំសង្កាត់ មានសមត្ថភាពក្នុងការកសាង និងតាមដានការអនុវត្តផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគប្រចាំឆ្នាំរបស់ខ្លួន ព្រមទាំងបានខិតខំប្រឹងប្រែងបំពេញការងារនិងបាននាំមកនូវសមិទ្ធផលយ៉ាងច្រើនលើគ្រប់វិស័យក្នុងឃុំ សង្កាត់ ហើយដែលសមិទ្ធផលទាំងនេះបានរួមចំណែកជាបណ្តើរៗ ដល់ដំណើរឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជា។

ឯកឧត្តម ស ចំរ៉ុង បានថ្លែងបន្តថា៖ “ជាក់ស្តែងថ្ងៃនេះ ដើម្បីបង្កើនសមត្ថភាពដល់មន្រ្តីនៅថ្នាក់ក្រោមជាតិ លើការងារគ្រប់គ្រងទិន្នន័យគម្រោងអភិវឌ្ឍន៍មូលដ្ឋាន ក្រុមការងារអនុកម្មវិធីទី៥នៃផអ៣ (ក្រសួងផែនការ) បានរៀបចំវគ្គពង្រឹងសមត្ថភាពដល់មន្រ្តីជំនាញមន្ទីរផែនការទាំង ២៤ រាជធានី ខេត្ត ស្តីពីការប្រើប្រាស់កម្មវិធីគ្រប់គ្រងទិន្នន័យគម្រោងអភិវឌ្ឍន៍មូលដ្ឋាន (CDPD Program) ដើម្បីជួយដល់ដំណើរការកសាងកម្មវិធីវិនិយោគ ជាពិសេសសកម្មភាពសិក្ខាសាលាសមាហរណកម្មផែនការឃុំ សង្កាត់ និងក្រុង ស្រុក ខណ្ឌ ឲ្យប្រព្រឹត្តទៅដោយរលូន និងបង្កើនប្រសិទ្ធិភាព នៃការគ្រប់គ្រង និងតាមដានការអនុវត្តគម្រោងអភិវឌ្ឍមូលដ្ឋានឲ្យបានល្អប្រសើរ”។

កម្មវិធីបណ្តុះបណ្តាលនេះមានប្រធានសំខាន់ៗដូចជា៖ ការបង្ហាញទម្រង់និងលក្ខណៈក្នុងកម្មវិធី ការតម្លើងកម្មវិធីក្នុងកុំព្យូទ័រ វិធីសាស្ត្របញ្ចូលទិន្នន័យ និងវិធីសាស្ត្រអនុវត្តកុំព្យូទ័រ។

សិក្ខាកាមត្រូវបានបានបែងចែកជា៣ក្រុមដើម្បីពិភាក្សាពីបញ្ជីឈ្មោះគម្រាងស្តង់ដាសម្រាប់ប្រើប្រាស់ក្នុង CDPD Program បន្ទាប់មកធ្វើការអនុវត្តជាក់ស្ដែងពីវិធីសាស្រ្តបញ្ចូលទិន្នន័យ គម្រោងអភិវឌ្ឍន៍មូលដ្ឋានCDPD Program ក្នុងប្រព័ន្ធកំព្យូទ័រ។

យោងតាមលទ្ធផលនៃការស្ទង់មតិទៅលើវគ្គបណ្ដុះបណ្ដាលក្នុងរយៈពេលបីថ្ងៃនេះ បានឲ្យដឹងថា សិក្ខាកាមបានយកចិត្តទុកដាក់លើវគ្គបណ្តុះបណ្តាលនេះ សម្រាប់ជាប្រយោជន៍ដល់ការអភិវឌ្ឍន៍នៅថ្នាក់ក្រោមជាតិ ដោយសិក្ខាកាម៨៥% មានការយល់ដឹងល្អ ៩%យល់ដឹងបង្គួរ និង ៦%យល់ដឹងមធ្យម៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់