វគ្គបណ្តុះបណ្តាលស្តីពីវិធីប្រើប្រាស់ឯកសារពិន្ទុតាមវិស័យ​សម្រាប់ការកសាងផែនការនៅថ្នាក់ក្រោមជាតិ

ភ្នំពេញ ២៦ មិថុនា ២០១៣៖ ដោយមានការគាំទ្រពីលេខាធិការដ្ឋាន គ.ជ.អ.ប និង UNICEF ក្រុមការងារផែនការវិមជ្ឈការ វិសហមជ្ឈការ និងសិទ្ធិកុមារក្រសួងផែនការ កាលពីថ្ងៃទី៥-៧ ខែមិថុនា ឆ្នាំ២០១៣ បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីវិធីប្រើប្រាស់ឯកសារពិន្ទុតាមវិស័យសម្រាប់ការកសាងផែនការនៅថ្នាក់ក្រោមជាតិ ដល់មន្ត្រីក្រុមប្រឹក្សាឃុំគោលដៅទូទាំងស្រុកស្ទោង ខេត្តកំពង់ធំ…

ភ្នំពេញ ២៦ មិថុនា ២០១៣៖ ដោយមានការគាំទ្រពីលេខាធិការដ្ឋាន គ.ជ.អ.ប និង UNICEF ក្រុមការងារផែនការវិមជ្ឈការ វិសហមជ្ឈការ និងសិទ្ធិកុមារក្រសួងផែនការ កាលពីថ្ងៃទី៥-៧ ខែមិថុនា ឆ្នាំ២០១៣ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីវិធីប្រើប្រាស់ឯកសារពិន្ទុតាមវិស័យសម្រាប់ការកសាងផែនការនៅថ្នាក់ក្រោមជាតិ ដល់មន្ត្រីក្រុមប្រឹក្សាឃុំគោលដៅទូទាំងស្រុកស្ទោង ខេត្តកំពង់ធំ។

វគ្គបណ្តុះបណ្តាលនេះដឹកនាំដោយឯកឧត្តម ហ៊ូ តាំងអេង រដ្ឋលេខាធិការក្រសួងផែនការ និងមានការចូលរួមពីក្រុមការងារផែនការវិមជ្ឈការ វិសហមជ្ឈការ និងសិទ្ធិកុមារក្រសួងផែនការ ប្រធាន និងមន្រ្តីបច្ចេកទេសនៃមន្ទីរផែនការខេត្តកំពង់ធំ មន្រ្តីទីចាត់ការផែនការ និងវិនិយោគនៃសាលាខេត្តកំពង់ធំ មន្រ្តីការិយាល័យផែនការស្រុកស្ទោង មន្រ្តីក្រុមប្រឹក្សាឃុំគោលដៅនៃស្រុកស្ទោង រួមមាន ឃុំបន្ទាយស្ទោង ឃុំចំណារក្រោម ឃុំរុងរឿង  ឃុំម្សាក្រង ឃុំកំពង់ចិនត្បូង ឃុំសំព្រោជ ឃុំទ្រា ឃុំពាមបាង ឃុំព្រះដំរី ឃុំពពក ឃុំកំពង់ចិនជើង ឃុំប្រឡាយ និងឃុំចំណារលើ និងតំណាងលេខាធិការដ្ឋាន គ.ជ.អ.ប ដែលមានចំនួនសរុបប្រមាណ៨០នាក់ (ស្រ្តី ១៥នាក់)។

វគ្គបណ្ដុះបណ្ដាលនេះ មានគោលបំណងពង្រឹងសមត្ថភាពដល់មន្ត្រីក្រុមប្រឹក្សាឃុំ ស្រុកគោលដៅ នៃខេត្តកំពង់ធំស្តីពីវិធីសាស្រ្តប្រើប្រាស់ឯកសារព័ត៌មានពិន្ទុតាមវិស័យដែលកែច្នៃចេញពីទិន្នន័យឃុំ សង្កាត់ (CDB) សម្រាប់ការកសាងផែនការវិនិយោគឃុំ សង្កាត់ នៅថ្នាក់ក្រោមជាតិ។           

នៅក្នុងវគ្គបណ្តុះបណ្តាលនេះ ក្រុមការងារបានធ្វើបទបង្ហាញពីការប្រើប្រាស់ និងវិភាគពិន្ទុតាមវិស័យ ក្នុងការកសាងផែនការ នៅថ្នាក់ក្រោមជាតិដូចជាៈ

  • ប្រភពទិន្នន័យដែលយកមកប្រើប្រាស់ក្នុងការគណនា រួមមាន សៀវភៅទិន្នន័យភូមិ សៀវភៅទិន្នន័យឃុំ សង្កាត់ និងសៀវភៅទិន្នន័យក្រុង ស្រុក ខណ្ឌ
  • សូចនាករពាក្យខ្លី និងពាក្យពេញ
  • សមាសភាគសូចនាករតាមបណ្តាវិស័យដែលមាន ភាពក្រីក្រ  កសិកម្ម  អាជីវកម្ម  អប់រំ  សុខភាពភាពងាយរងគ្រោះ បរិស្ថាន រដ្ឋបាល/សន្តិសុខ និងយេនឌ័រ   
  • ទម្រង់ឯកសារព័ត៌មានស្តីពីពិន្ទុវិស័យ ដែមានទម្រង់ព័ត៌មានស្ថានភាពស្តីពីពិន្ទុវិស័យថ្នាក់ខេត្ត ដូចជា ទម្រង់ព័ត៌មានស្ថានភាពស្តីពីពិន្ទុវិស័យបណ្តាក្រុង ស្រុក ខណ្ឌ ទម្រង់ព័ត៌មានស្ថានភាពស្តីពីពិន្ទុវិស័យបណ្តាឃុំ សង្កាត់ និងការប្រើប្រាស់ពិន្ទុវិស័យក្នុងការកសាងផែនការនៅថ្នាក់ក្រោមជាតិ ដែលមានពិន្ទុតាមវិស័យ និងកម្រងឯកសារស្ថានភាពឃុំ សង្កាត់ ក្រុង ស្រុក ខណ្ឌ រាជធានី ខេត្ត សម្រាប់ប្រើប្រាស់ដើម្បីកំណត់គោលដៅអភិវឌ្ឍន៍ និងរៀបចំកម្មវិធីវិយោគ ការតស៊ូមតិ ដើម្បីទទួលបានធនធាន ការត្រួតពិនិត្យ និងការវាយតម្លៃការលើការអនុវត្ត។

ឆ្លងតាមការសិក្សារយៈពេល៣ថ្ងៃនៃវគ្គបណ្ដុះបណ្ដាលនេះ សិក្ខាកាមបានយកចិត្តទុកដាក់ និងបានចូលរួមយ៉ាងពេញលេញនៅក្នុងវគ្គបណ្តុះបណ្តាលនេះ និងបានចាប់អារម្មណ៍ខ្ពស់លើប្រធានបទនេះសម្រាប់ជាប្រយោជន៍ដល់ការកសាងផែនការថ្នាក់ក្រោមជាតិ។ នៅក្នុងវគ្គបណ្តុះបណ្តាលនេះ មានការពិភាក្សាផ្លាស់ប្ដូរមតិយោបល់ជាច្រើន។ យោងតាមការស្ទង់មតិ សិក្ខាកាម ៨៥%មានការយល់ដឹងល្អ ៩%មានការយល់ដឹងបង្គួរ និង៦%មានការយ់ដឹងមធ្យម៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់