មហា​សន្និបាត​លើក​ទី​១ ​បង្កើត​សមាគម​ជាតិ​ក្រុមប្រឹក្សា​រាជធានី ខេត្ត

 ភ្នំពេញ ២៩ មីនា ២០១៣៖ សម្ព័ន្ធភាពជាតិឃុំ សង្កាត់ (អនុកម្មវិធីទី៦) ផែនការអនុវត្តរយៈពេល៣ឆ្នាំដំបូង ២០១១-២០១៣ (ផអ៣)

 

ភ្នំពេញ ២៩ មីនា ២០១៣៖ សម្ព័ន្ធភាពជាតិឃុំ សង្កាត់ (អនុកម្មវិធីទី៦) ផែនការអនុវត្តរយៈពេល៣ឆ្នាំដំបូង ២០១១-២០១៣ (ផអ៣)

នៃកម្មវិធីជាតិរយៈពេល១០ឆ្នាំ (២០១០-២០១៩) សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ កាលពីថ្ងៃទី២៧- ២៨ ខែមីនា

ឆ្នាំ២០១៣ បានរៀបចំមហាសន្និបាតលើកទី១ បង្កើតសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត នៅមជ្ឈមណ្ឌលម៉ូឌែន៥ រាជធានីភ្នំពេញ។

 

មហាសន្និបាតនេះប្រព្រឹត្តនៅក្រោមអធិបតីភាពរបស់ឯកឧត្ដម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប

និងមានការចូលរួមពីឯកឧត្ដមរដ្ឋលេខាធិការក្រសួងផែនការ អគ្គនាយក និងមន្ត្រីនៃអគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋានក្រសួងមហាផ្ទៃ អគ្គនាយកនៃ

រដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈ មន្ត្រីនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងរដ្ឋសភា ប្រធាន សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត

គណៈអភិបាលរាជធានី ខេត្ត និងសមាជិក សមាជិកាក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ដៃគូអភិវឌ្ឍន៍ និងតំណាងស្ថានទូតស៊ុយអែត

ប្រចាំនៅកម្ពុជាដែលមានចំនួនសរុប ៣៨៣នាក់ (ស្ត្រី ៦៩រូប)។

 

គោលបំណងនៃមហាសន្និបាតគឺដើម្បី៖ (១) បង្ហាញពីសមិទ្ធផលសំខាន់ៗដែលអនុកម្មវិធីទី ៦ សម្រេចបានក្នុងដំណើរការបង្កើតសមាគមក្រុមប្រឹក្សា

រដ្ឋបាលថ្នាក់ក្រោមជាតិនៅកម្ពុជា (២). អនុម័តលើលក្ខន្តិកៈរបស់សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត (៣). អនុម័តបទបញ្ជាផ្ទៃក្នុងរបស់

សមាគមជាតិក្រុមប្រឹក្សារាជធានីខេត្ត (៤). បោះឆ្នោតជ្រើសរើសតំណាងទៅតាមរចនាសម្ព័ន្ធអភិបាលកិច្ចរបស់សមាគមជាតិ។

 

ឯកឧត្ដម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប បានថ្លែងក្នុងពិធីបើកមហាសន្និបាតថា មហាសន្និបាត

បង្កើតសមាគមនេះ គឺជាសក្ខីភាពដែលឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តរបស់សមាជិកក្រុមប្រឹក្សារាជធានី ខេត្តក្នុងការបង្កើតឲ្យមានអង្គការមួយដែលតំណាង

និងការពារផលប្រយោជន៍រួមរបស់ក្រុមប្រឹក្សារាជធានី ខេត្ត ដើម្បីលើកកម្ពស់គុណភាពនៃជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋតាមរយៈ

អភិបាលកិច្ចតាមបែបវិមជ្ឈការ និងវិសហមជ្ឈការ និងដើម្បីអភិវឌ្ឍសមត្ថភាព និងបង្កើនប្រសិទ្ធភាពនៃការផ្ដល់សេវាដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

 

ឯកឧត្ដមបន្តទៀតថា «នៅក្នុងដំណើរការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាបានស្វាគមន៍គំនិត

ផ្ដួចផ្ដើមរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងការបង្កើតឲ្យមានស្ថាប័នមួយដែលតំណាងឲ្យក្រុមប្រឹក្សាឃុំ សង្កាត់ទាំងនៅថ្នាក់ខេត្ត និងនៅថ្នាក់ជាតិ។

រាជរដ្ឋាភិបាលបានចាត់ទុកស្ថាប័នតំណាងនេះ ថាជាស្ថាប័នមួយដែលដើរតួនាទី និងជាដៃគូយ៉ាងសំខាន់នៅក្នុងការជំរុញដំណើរការកំណែទម្រង់

វិមជ្ឈការ និងវិសហមជ្ឈការ និងការអនុវត្តអភិបាលកិច្ចមូលដ្ឋាននៅកម្ពុជា។ រាជរដ្ឋាភិបាលយល់ឃើញថា សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត

ដែលត្រូវបង្កើតឡើងនៅពេលនេះក៏នឹងដើរតួនាទីសំខាន់ដូចសម្ព័ន្ធភាពជាតិឃុំ សង្កាត់ដែរ»។

 

 នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធាន សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត គណៈកម្មាធិការបោះឆ្នោតបានចែកសន្លឹកឆ្នោតចំនួន

២១៣សន្លឹក ហើយបានទទួលត្រលប់មកវិញចំនួន២១៣សន្លឹក ស្មើនឹង១០០% ក្នុងនោះសន្លឹកឆ្នោតបានការចំនួន២១៣សន្លឹក ស្មើនឹង១០០ %

សន្លឹកឆ្នោតមិនបានការចំនួន ០ សន្លឹក ស្មើនឹង០% សន្លឹកឆ្នោតគាំទ្រមានចំនួន ២០៩ សន្លឹក ស្មើនឹង៩៨% សន្លឹកឆ្នោតមិនគាំទ្រមានចំនួន៤សន្លឹក

ស្មើនឹង២%។

 

 

 

ដោយសម្លេងឆ្នោតគាំទ្រមានចំនួន៩៨% លើសពីការកំណត់ នៅក្នុងលក្ខន្តិកៈដែលមានចែងសម្លេងឆ្នោតគាំទ្រត្រឹមតែ ៥០% បូកមួយបានការ ដូច្នេះបេក្ខជនដែលជាប់ឆ្នោតជាប្រធាន និងអនុប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត មាន៩រូបគឺ៖

 

១. ឯកឧត្ដម ណាំ ទុំ ប្រធានសមាគម

២. ឯកឧត្ដម ម៉ប់ សារិន អនុប្រធានអចិន្ត្រៃយ៍សមាគម

៣.ឯកឧត្ដម ម៉ៅ ភិរុណ អនុប្រធានសមាគម

៤. ឯកឧត្ដម ឡាន់ ឆន អនុប្រធានសមាគម

៥. ឯកឧត្ដម ម៉ន ផល្លា អនុប្រធានសមាគម

៦. ឯកឧត្ដម អ៊ុក វង្ស អនុប្រធានសមាគម

៧. ឯកឧត្ដម ច័ន្ទ សុផល អនុប្រធានសមាគម

៨. លោកជំទាវ មុំ ក្រសាល អនុប្រធានសមាគម

៩. លោកជំទាវ ហ៊ីង សុក្ខុំម អនុប្រធានសមាគម៕

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់