ពិគ្រោះយោបល់លើសេចក្តីព្រាងសេចក្តីណែនាំស្តីពីការពិនិត្យមើលមុខងារឡើងវិញ របស់ក្រសួង ស្ថាប័នពាក់ព័ន្ធ មន្ទីរ អង្គភាពនានា និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់

ភ្នំពេញ ៩ ឧសភា ២០១៣៖ លេខាធិការដ្ឋាន គ.ជ.អ.ប កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៣ បានធ្វើការពិគ្រោះយោបល់ជាមួយក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងដៃគូអភិវឌ្ឍន៍ដើម្បីប្រមូលនូវធាតុចូលសំខាន់ៗ…

ភ្នំពេញ ៩ ឧសភា ២០១៣៖ លេខាធិការដ្ឋាន គ.ជ.អ.ប កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៣ បានធ្វើការពិគ្រោះយោបល់ជាមួយក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងដៃគូអភិវឌ្ឍន៍ដើម្បីប្រមូលនូវធាតុចូលសំខាន់ៗសម្រាប់ជាមូលដ្ឋានក្នុងការពិនិត្យ និងកែសម្រួលសេចក្តីព្រាងសេចក្តីណែនាំស្តីពីការពិនិត្យមើលមុខងារឡើងវិញរបស់ក្រសួង ស្ថាប័ន មន្ទីរ អង្គភាព និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់។

សេចក្តីព្រាងស្តីពីការពិនិត្យមើលមុខងារឡើងវិញនេះត្រូវបានរៀបចំឡើងដោយមានការចូលរួមគាំទ្រជំនួយបច្ចេកទេសពីដៃគូអភិវឌ្ឍន៍ រួមមាន៖ GIZ/EU-SPACE, UNICEF និង ADB ។

ឯកឧត្តម ង៉ាន់ ចំរើន អនុប្រធានប្រតិបត្តិនៃលេខាធិការដ្ឋាន គ.ជ.អ.ប បានថ្លែងថា កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរហូតមកដល់ពេលនេះបានឈានដល់ផ្លូវបំបែកមួយដែលទាមទារឲ្យការផ្ទេរមុខងារក្លាយទៅជាការងារស្នូលបំផុត នៅក្នុងកំណែទម្រង់នេះ។ «បើគ្មានការផ្ទេរមុខងារជាក់លាក់ទេ នោះកំណែទម្រង់របស់យើងក៏មិនអាចមានការវិវឌ្ឍន៍ទៅមុខបានដែរ»។

ឯកឧត្តម ង៉ាន់ ចំរើន មានប្រសាសន៍បន្តថា ការសម្រេចរបស់រាជរដ្ឋាភិបាលបានណែនាំឲ្យ គ.ជ.អ.ប រៀបចំធ្វើយ៉ាងណាឲ្យមានលក្ខន្តិកដោយឡែកស្តីពីការគ្រប់គ្រងបុគ្គលិករបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ហើយត្រូវតែសម្រេចឲ្យបាននៅមុនចុងឆ្នាំ២០១៣នេះ។ មានន័យថា ចាប់ពីឆ្នាំ២០១៤ រដ្ឋបាលថ្នាក់ក្រោមជាតិនឹងមានក្របខ័ណ្ឌច្បាស់លាស់របស់ខ្លួនក្នុងការគ្រប់គ្រងបុគ្គលិក នៅពេលដែលមុខងារត្រូវបានផ្ទេរទៅអោយរដ្ឋបាលថ្នាក់ក្រោមជាតិណាមួយ ដែលតម្រូវអោយមានការដាក់ពង្រាយឡើងវិញ ឬការបញ្ជូនមន្ត្រីពីការិយាល័យជំនាញទៅស្ថិតនៅក្រោមការគ្រប់គ្រងរបស់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ «ពេលនោះយើងមានប្រព័ន្ធគ្រប់គ្រងដោយឡែកស្រាច់នៅទីនោះ»។

ឯកឧត្តម បានថ្លែងថា ក្នុងឆ្នាំ២០១៤ នេះនឹងមានការផ្ទេរសាកល្បងនូវមុខងារណាមួយរបស់ក្រសួងសុខាភិបាលទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយជ្រើសរើសយកស្រុកពីរឬបីជាស្រុកគំរូដើម្បីអាចធានានូវការប្រមូលភស្តុតាង ឬលទ្ធផលនានានៃការសាកល្បងនេះមកធ្វើជាមូលដ្ឋានដើម្បីរៀបចំការផ្ទេរមុខងារជាក់លាក់ណាមួយដែលចាប់ផ្តើមពីឆ្នាំ២០១៥។ «នៅឆ្នាំ២០១៤យើងនឹងមានការពិចារណាចាប់ផ្តើមជ្រើសរើសនូវមុខងារជាក់លាក់ណាមួយពីក្រសួងស្ថាប័នអាទិភាពនានា ដើម្បីធានាបាននូវការផ្ទេរមុខងារដែលអាចផ្តើមអនុវត្តក្នុងឆ្នាំ២០១៥»។

នីតិវិធីនៃការផ្ទេរមុខងារ និងធនធានឲ្យទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិមានកំណត់នៅក្នុងអនុក្រឹត្យលេខ៦៨ អនក្រ. បក ចុះថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១២ ស្តីពីដំណើរការទូទៅនៃការផ្ទេរមុខងារ និងធនធានឲ្យទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ។ អនុក្រឹត្យនេះតម្រូវឲ្យ គ.ជ.អ.ប ដាក់ចេញនូវសេចក្តីណែនាំចំនួនពីរសម្រាប់គាំទ្រដល់ដំណើរការផ្ទេរមុខងារ និងធនធានឲ្យទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ៖ ទី១.សេចក្តីណែនាំស្តីពីការរៀបចំបញ្ជីវិភាគមុខងាររបស់ក្រសួង ស្ថាប័ន មន្ទីរ អង្គភាពនានា និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងទី២.សេចក្តីណែនាំស្តីពីកិច្ចដំណើរការនៃការពិនិត្យមើលមុខងារឡើងវិញរបស់ក្រសួង ស្ថាប័ន មន្ទីរ អង្គភាពនានា និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់។

កិច្ចប្រជុំពិគ្រោះយោបល់នេះ មានចំនួនអ្នកចូលរួមសរុបប្រមាណ ៦៥ រូប ដែលជាតំណាងក្រសួង ស្ថាប័នថ្នាក់ជាតិ តំណាងរដ្ឋបាលថ្នាក់ក្រោមជាតិ (រាជធានីភ្នំពេញ ខេត្តចំនួន០៣ និងក្រុង ស្រុក ខណ្ឌចំនួន៦) តំណាងដៃគូអភិវឌ្ឍន៍ និងតំណាងសម្ព័ភាពជាតិសមាគមក្រុមប្រឹក្សាឃុំសង្កាត់៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់