ពង្រឹងសមត្ថភាពដល់មន្ត្រីព័ត៌មានវិទ្យាថ្នាក់រាជធានី ខេត្ត

ភ្នំពេញ ១១ កក្កដា ២០១៣៖ លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានរៀបចំវគ្គបណ្តុះបណ្តាលរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី៩-១១ ខែកក្កដា ឆ្នាំ២០១៣ ដល់មន្ត្រីព័ត៌មានវិទ្យាថ្នាក់រាជធានី ខេត្ត…

ភ្នំពេញ ១១ កក្កដា ២០១៣៖ លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានរៀបចំវគ្គបណ្តុះបណ្តាលរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី៩-១១ ខែកក្កដា ឆ្នាំ២០១៣ ដល់មន្ត្រីព័ត៌មានវិទ្យាថ្នាក់រាជធានី ខេត្ត ចំនួន២៤នាក់ (ស្ត្រី១នាក់) នៅខេត្តសៀមរាប។

វគ្គបណ្តុះបណ្តាលនេះមានគោលបំណងពង្រឹងសមត្ថភាពដល់មន្រ្តីព័ត៌មានវិទ្យាថ្នាក់រាជធានី ខេត្ត បូកសរុបលទ្ធផលការងារមន្ត្រីព័ត៌មានវិទ្យាថ្នាក់រាជធានី ខេត្ត និងកំណត់ទិសដៅបន្តសម្រាប់ពង្រឹងសមត្ថភាពដល់មន្ត្រីព័ត៌មានវិទ្យាថ្នាក់ក្រុង ស្រុក ខណ្ឌ ដើម្បីរួមចំណែកក្នុងការអនុវត្តការងារឲ្យកាន់តែមានប្រសិទ្ធភាពទាក់ទងនឹងការរៀបចំបង្កើត ប្រតិបត្តិការ និងការធ្វើបច្ចុប្បន្នភាពប្រព័ន្ធគ្រប់គ្រងទិន្នន័យមូលដ្ឋានសម្រាប់ការរៀបចំ អនុវត្ត ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តក្របខ័ណ្ឌគតិយុត្ដសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោម និងរៀបចំប្រព័ន្ធផ្ដល់ទិន្នន័យព័ត៌មានសម្រាប់រៀបចំរបាយការណ៍តាមដំណាក់កាលនៃការអនុវត្ដកម្មវិធីជាតិ និងផែនការអនុវត្ដកម្មវិធីជាតិដោយប្រើប្រាស់ព័ត៌មានវិទ្យា។

មន្ត្រីព័ត៌មានវិទ្យាថ្នាក់រាជធានី ខេត្តបានសិក្សាស្វែងយល់អំពីប្រធានបទទាក់ទងនឹង ប្រព័ន្ធទិន្នន័យផែនការថវិកាជាតិ (NAD) វិធីនៃការរចនានិងបោះពុម្ព ការរចនាគេហទំព័រដោយប្រើ Twitter Boot Stap សេចក្តីណែនាំ PHP Web Framework ប្រព័ន្ធសុវត្ថិភាពនិងការថែទាំទិន្នន័យ វិធីបង្កើតនិងគ្រប់គ្រងទិន្នន័យទូទៅ។

អ្នកចូលរួមក៏បានលើកឡើង និងពិភាក្សាអំពីបញ្ហាប្រឈមនានា ដើម្បីស្វែងរកដំណោះស្រាយទាក់ទងនឹងការគ្រប់គ្រងប្រព័ន្ធទិន្នន័យតាមរយៈព័ត៌មានវិទ្យានៅថ្នាក់ក្រោមជាតិ ស្ថានភាពរបស់មន្ត្រីព័ត៌មានវិទ្យាថ្នាក់ក្រុង ស្រុក ខណ្ឌផងដែរ ព្រមទាំងលើកទិសដៅបន្តសម្រាប់ជួយគាំទ្រដល់ពួកគេ  ហើយស្នើសុំឲ្យមានវគ្គបណ្តុះបណ្តាលចំនួន២-៣ដងក្នុងមួយឆ្នាំ៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់