ផ្លូវថ្មី ក្តីសង្ឃឹមថ្មី សម្រាប់ប្រជាពលរដ្ឋនៅសង្កាត់និរោធ – ផ្លូវថ្មី ត្រូវបានជួសជុលនៅសង្កាត់និរោធ

ភ្នំពេញ ២ តុលា ២០១៣៖ ឡាន ម៉ូតូកំពុងធ្វើចរាចរណ៍ រីឯមនុស្សម្នាកំពុងដើរទៅដើរមក ជជែកគ្នាយ៉ាងសប្បាយរីករាយ នៅលើផ្លូវចាក់ប៉េតុង១ខ្សែជាប់គ្នាដ៏ស្រស់ស្អាត ដែលមានរាងជា…

ភ្នំពេញ ២ តុលា ២០១៣៖ ឡាន ម៉ូតូកំពុង

ធ្វើចរាចរណ៍ រីឯមនុស្សម្នាកំពុង ដើរទៅដើរ

មក ជជែកគ្នាយ៉ាងសប្បាយរីករាយ នៅលើ

ផ្លូវចាក់ប៉េតុង១ខ្សែជាប់គ្នាដ៏ស្រស់ស្អាត

ដែលមានរាងជាអក្សរ L ដែលមើលទៅគេ

ដឹងថា គឺជាផ្លូវថ្មីដែលសង្កាត់ទើបនឹងជួស

ជុលរួច។

ផ្លូវចាក់ប៉េតុង១ខ្សែដែលមានបណ្តោយ

ប្រវែង ៣៩៦ម៉ែត្រ និងទទឹងប្រវែង៦ម៉ែត្រ

កម្រាស់១,៥ តឹក ដែលស្ថិតនៅភូមិតាងៅ

និងភូមិតាងូវកណ្តាល សង្កាត់និរោធ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលជាគម្រោងមួយក្នុងចំណោមគម្រោងអភិវឌ្ឍន៍សង្កាត់និរោធឆ្នាំ២០១៣ ត្រូវបានបញ្ចប់ការជួសជុលហើយ និងត្រូវបានដាក់អោយប្រើប្រាស់កាលពីចុងខែសីហា ឆ្នាំ២០១៣នេះ។

កាលដើមឡើយ ផ្លូវនេះមានស្ថានភាពចាស់ទ្រុឌទ្រោម ពិបាកធ្វើដំណើរ មានគ្រលុកធំៗមានទឹកដក់ពេលរដូវវស្សាដែលបង្កឲ្យមានភក់ជ្រាំ ធ្វើឲ្យប្រជាពលរដ្ឋ ដែលជាអ្នកធ្វើដំណើរ មានការរអ៊ូរទាំ។

លោក សំ ផុន ចៅសង្កាត់និរោធបានប្រាប់ថា កាលពីមុន ផ្លូវនេះមានទំហំតូចជាងបច្ចុប្បន្ននេះដោយមានទទឹងតែពី៣ ទៅ៤ម៉ែត្រប៉ុណ្ណោះ ដែលធ្វើអោយការធ្វើដំណើររបស់ប្រជាពលរដ្ឋមានការលំបាកជៀសគ្នា ហើយពេលខ្លះអាចមានគ្រោះថ្នាក់ទៀតផង។ ម្យ៉ាងវិញទៀត ផ្លូវនេះពីមុនមានក្រឡុកធំៗ ពេលភ្លៀងម្តងៗមានទឹកដក់យូរៗ មានទឹកលិចចូលក្នុងផ្ទះប្រជាពលរដ្ឋ ដែលធ្វើអោយប្រជាពលរដ្ឋមានការលំបាកក្នុងការរស់នៅ។

ដោយមើលឃើញនូវស្ថានភាពលំបាកបែបនេះ ទើបក្រុមប្រឹក្សាសង្កាត់និរោធបានរៀបចំផែនការ ដោយដាក់បញ្ចូលផ្លូវនេះទៅក្នុងផែនការអភិវឌ្ឍន៍ប្រចាំឆ្នាំ២០១៣ ដើម្បីធ្វើការជួសជុល ដោយដើរតាមកម្មវិធីវិនិយោគប្រចាំឆ្នាំរបស់សង្កាត់។

លោក សំ ផុន បានប្រាប់ថា  ការលើកគម្រោងផ្លូវនេះដាក់ក្នុងផែនការអភិវឌ្ឍន៍គឺជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ដើម្បីជួយបង្កភាពងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋទូទៅ និងបញ្ចៀសអោយផុតពីការលិចលង់ដោយជំនន់ទឹកភ្លៀង នៅរដូវវស្សាផផងដែរ។ ប្រជាពលរដ្ឋរស់នៅក្នុងភូមិមានការរីករាយសាទរទទួលយកផ្លូវដែលទើបជួសជុលហើយ។

ជារៀងរាល់ឆ្នាំ ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវរៀបចំផែនការអភិវឌ្ឍន៍ របស់ខ្លួន ដោយធ្វើបច្ចុប្បន្នភាព តាមកម្មវិធីវិនិយោគប្រចាំឆ្នាំរបស់សង្កាត់ ដើម្បីធ្វើការអភិវឌ្ឍមូលដ្ឋាន និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ជាទូទៅ ឃុំ សង្កាត់មានថវិកាប្រចាំឆ្នាំរបស់ខ្លួន ដោយទទួលបានថវិកាវិភាជន៍ពីរដ្ឋាភិបាល ប្រមាណ២.៨០% នៃចំណូលថវិកាជាតិ ដើម្បីបញ្ចូលទៅក្នុងមូលនិធិឃុំ សង្កាត់។ ជាក់ស្តែង ផ្លូវមួយខ្សែនេះចំណាយថវិកាសរុបចំនួន ១៣៥.១៤៦.០០០រៀល ដែលជាថវិការបស់មូលនិធិសង្កាត់ និងទុនចូលរួមរបស់ប្រជាពលរដ្ឋ ១០% ក្នុងនោះថវិការបស់មូលនិធិសង្កាត់ចំនួន ១២៣.៨៧៧.១៩០រៀល និងថវិកាបដិភាគពីប្រជាពលរដ្ឋចំនួន ១១.២៦៨.៨១០រៀល។ 

លោកស្រី ស្តើង ណាវី អាយុ៤៩ឆ្នាំ ជាប្រពលរដ្ឋដែលមានផ្ទះនៅតាមបណ្តោយផ្លូវនេះ បានចូលរួមជាថវិកាក្នុងការជួលជុលផ្លូវនោះផងដែរ។ លោកស្រី បានប្រាប់ដូច្នេះថា៖ «ប្រសិនបើខ្ញុំយកលុយនេះទៅធ្វើផ្លូវដោយខ្លួនឯង ខ្ញុំធ្វើមិនបានទេ។ ដូច្នេះ ខ្ញុំមិនស្តាយលុយដែលខ្ញុំបានចូលរួមជាមួយសង្កាត់នោះទេ ដោយសារខ្ញុំទទួលបានផ្លូវមួយដែលធំជាងមុន ស្អាតល្អមិនមានក្រឡុកទឹកដក់ ដែលងាយស្រួលដល់ការរស់នៅរបស់ខ្ញុំផងដែរ»។

លោកស្រី ស្តើង ណាវី បន្ថែមថា លោកស្រីមានអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំង នៅពេលដែលទទួលបានផ្លូវល្អស្អាត ដែលបង្កភាពងាយស្រួលក្នុងការធ្វើដំណើរ។ «ពីមុនផ្លូវនេះ មានក្រលុកធំៗ ហើយពេលមានភ្លៀងម្តងៗ ទឹកលិចពេញផ្លូវពិបាកធ្វើដំណើរណាស់។ ឥឡូវនេះ ខ្ញុំបានផ្លូវថ្មី ដែលអាចជួយសម្រួលដល់ការធ្វើដំណើររបស់ខ្ញុំ»។

នៅមុនពេលចាប់ផ្តើមស្ថាបនាផ្លួវ១ខ្សែនេះ ក្រុមប្រឹក្សាសង្កាត់និរោធបានធ្វើការប្រជុំជាមួយប្រជាពលរដ្ឋនៅតាមភូមិពាក់ព័ន្ធ ដើម្បីស្តាប់នូវសំណូមពរ កង្វល់ តម្រូវការ និងមតិរបស់ពួកគេដែលលើកឡើងដើម្បីធ្វើការជួសជុលផ្លូវនេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវរបស់ប្រជាពលរដ្ឋ។ នៅទីបំផុត ប្រជាពលរដ្ឋក៏បានយល់ស្របឲ្យមានការជួសជុលផ្លូវនេះ។

លោក ប្រាក់ ហេង មេភូមិតាងូវកណ្តាល បាននិយាយថា លោកបានប្រជុំជាមួយប្រជាពលរដ្ឋនៅក្នុងភូមិរបស់លោកអំពីគម្រោងជួសជុលផ្លូវ១ខ្សែរនេះ និងបានឲ្យប្រជាពលរដ្ឋបញ្ចេញមតិនិងលើកជាសំណើ ឬបញ្ហាផ្សេងៗ។ បន្ទាប់មកលោកបានរាយការណ៍ទៅសង្កាត់អំពីតម្រូវការរបស់ប្រជាពលរដ្ឋ។ «ខ្ញុំបានចុះទៅជួបប្រជាពលរដ្ឋនៅក្នុងភូមិរបស់ខ្ញុំ ដើម្បីក្តាប់បានព័ត៌មានពីពួកគាត់។ ហើយប្រជាពលរដ្ឋបានចូលរួមយ៉ាងសកម្មក្នុងការប្រមូលលុយបដិភាគ និងយល់ព្រមឯកភាពក្នុងការអភិវឌ្ឍផ្លូវនេះ ពីព្រោះពួកគេគិតថា នឹងទទួលបានផ្លូវល្អស្អាតដែលអាចធ្វើឲ្យពួកគេងាយស្រួលធ្វើដំណើរ»។

ជាមួយគ្នានេះដែរ នៅពេលរៀបចំផែនការជួសជុលផ្លូវមួយខ្សែនេះ ក្រុមប្រឹក្សាសង្កាត់ បានគ្រោះយោបល់ជាមួយប្រជាពលរដ្ឋ ដើម្បីសិក្សាពីផលប៉ះពាល់នានាដល់ការរស់នៅរបស់ពួកគេ ព្រមទាំងស្វែងរកដំណោះស្រាយ។ ការជួសជុលផ្លូវនេះមានការប៉ះពាល់តិចតួចដល់ការប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋនៅតាមចិញ្ចើមផ្លូវ ប៉ុន្តែសង្កាត់បានធ្វើដោះស្រាយ ដោយសម្របសម្រួល និងពន្យល់អំពីអត្ថប្រយោជន៍នៃការការស្ថាបនាផ្លូវនេះ ទើបពួកគេភាគច្រើនយល់ព្រមបង្ខិតតូបលក់ដូររបស់ពួកគេបន្តិចចូលទៅក្នុងរបងផ្ទះ។

អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺថា ក្រុមប្រឹក្សាសង្កាត់និរោធ មានសមត្ថភាពគ្រប់គ្រាន់ក្នុងការកៀគរទុនចូលរួមរបស់ប្រជាពលរដ្ឋចំនួន១០% ដោយស្ម័គ្រចិត្តដោយជោគជ័យ និងអនុវត្តតាមផែនការជាជំហានៗរបស់កម្មវិធីវិនិយោគរបស់សង្កាត់នៅក្នុងការអភិវឌ្ឍមូលដ្ឋាន។ ប្រជាពលរដ្ឋក្នុងសង្កាត់និរោធមានទឹកចិត្តសប្បាយរីករាយ និងគាំទ្រនូវការចួលរួមនេះ ដោយមើលឃើញថា ផ្លូវនេះបម្រើផលប្រយោជន៍រួមដល់ប្រជាពលរដ្ឋក្នុងភូមិ សង្កាត់។ លើសពីនេះ ផ្លូវមួយខ្សែនេះមិនត្រឹមតែបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងភូមិទាំងពីរនោះទេ វាក៏បម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋទូទៅដែលធ្វើដំណើរឆ្លងកាត់ផ្លូវនេះផងដែ។ 

កម្មវិធីវិនិយោគរបស់សង្កាត់និរោធ ឆ្នាំ២០១៣ មានថវិកាសរុបប្រមាណ២២៨.១៨៧.៨១០ រៀល ដោយផ្តោតសំខាន់លើការកែលំអរហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន ដែលរួមមាន ការធ្វើផ្លូវបេតុង៦ខ្សែក្នុងភូមិទាំង៦។ ក្រៅពីនេះ ការពង្រឹងសេវាសុខភាពក្នុងមូលដ្ឋាន ការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ជំរុញសេវាអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ការការពារធនធានធម្មជាតិបរិស្ថាន ទប់ស្កាត់កាត់បន្ថយបទល្មើលចោរកម្ម គ្រឿងញៀន និងការលើកកម្ពស់វិស័យយេនឌ័រ ក៏ត្រូវបានសង្កាត់យកចិត្តទុកដាក់ក្នុងការអនុវត្តផងដែរ។

គួរបញ្ជាក់ថា សង្កាត់និរោធមានទីតាំងស្ថិតនៅក្នុងភូមិ តាងៅកណ្តាល ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយមាន៦ភូមិ៖ ភូមិបឹងឈូក ភូមិឬស្សីស្រស់ ភូមិកោះនរា ភូមិតាងៅ ភូមិតាងៅកណ្តាល និងភូមិតាងៅក្រោម។ សង្កាត់និរោធមានក្រុមប្រឹក្សាចំនួន១១រូប ក្នុងនោះមានស្រីចំនួន៤នាក់ និងមានប្រជាពលរដ្ឋចំនួន ៣.៧៨៨គ្រួសារ ដែលមានចំនួនមនុស្សសរុប ១៩.២៤១នាក់ ក្នុងនោះស្រីមាន៦.៨៤៧នាក់៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់