ប្រតិភូ​ក្រសួង​មហាផ្ទៃ​ចុះ​ធ្វើការ​សិក្សា​វាយតម្លៃ​អំពី​ស្ថានភាព​ការ​គ្រប់គ្រង​រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង

កំពង់ឆ្នាំង ២៨ មករា ២០១៣៖ ប្រតិភូ​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​មូលដ្ឋាន​​ក្រសួងមហាផ្ទៃ សហការ​ជា​មួយ​លេខាធិការដ្ឋាន គ.ជ.អ.ប បាន​ចុះ​ធ្វើការ​សិក្សា​វាយតម្លៃ​អំពី​ស្ថានភាព​ការ​គ្រប់គ្រង​ និង​ដំណើរការ​ទូទៅ​របស់​រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង​ រយៈ​ពេល​៤ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​២១-២៤ខែ​មករា ឆ្នាំ​២០១៣។

KPC1នេះ​គឺ​ជា​ការ​សិក្សា​វាយតម្លៃ​ដែល​មាន​លក្ខណៈ​ស៊ីជម្រៅ​ដោយ​ផ្ដោត​សំខាន់​លើ​​រចនា​សម្ព័ន្ធ​គ្រប់គ្រង ប្រព័ន្ធ​គណនេយ្យ​ភាព ​របៀប​របប​ការងារ ការ​អនុវត្ត​តួនាទី​និង​ភារកិច្ច ការ​គ្រប់គ្រង​បុគ្គលិក ការ​គ្រប់គ្រង​ថវិកា ស្ថានភាព​ការិយាល័យ​ធ្វើ​ការងារ និង​បរិក្ខារ​ ការ​គាំទ្រ​បច្ចេកទេស និង​ការ​អនុវត្ត​សកម្មភាព​ផែនការ​អនុវត្ត​រយៈ​ពេល​បី​ឆ្នាំ​ដំបូង ២០១១-២០១៣ (ផអ៣) នៃ​កម្មវិធី​ជាតិ​រយៈ​ពេល​១០​ឆ្នាំ (២០១០-២០១៩) សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​។

 

គណៈប្រតិភូ​ដែល​ចុះ​ធ្វើការ​សិក្សា​វាយតម្លៃ​នេះ​ដឹកនាំ​ដោយ ឯកឧត្ដម សួស ប្រាថ្នា អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​មូលដ្ឋាន​ក្រសួង​មហាផ្ទៃ សមាជិក​ក្រុមការងារ​​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​មូលដ្ឋាន និង​មន្ត្រី​លេខាធិការដ្ឋាន​គ.ជ.អ.ប​ បាន​ជួប​ជាមួយ​ក្រុមប្រឹក្សា​ខេត្ត កំពង់ឆ្នាំង​ គណៈ​អភិបាលខេត្ត គណៈកម្មាធិការ​សម្របសម្រួល​បច្ចេកទេស គណៈកម្មាធិការ​ពិគ្រោះ​យោបល់​ស្ត្រី​និង​កុមារ នាយក​រដ្ឋបាល និង​ទីចាត់ការ​ទាំង​ប្រាំ​របស់​រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង និង​ជ្រើសរើស​យក​ស្រុក​មួយ​ដើម្បី​ធ្វើការ​សម្ភាសន៍​ទាក់ទង​នឹង​ស្ថានភាព​គ្រប់គ្រង និង​ការ​បំពេញ​តួនាទី​ភារកិច្ច​របស់​រដ្ឋបាល​ស្រុក​ផង​ដែរ។

 

ឯក​ឧត្ដម សួស ប្រាថ្នា អគ្គ​នាយក​រង​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​មូលដ្ឋាន​ក្រសួង​មហាផ្ទៃ​បាន​ថ្លែង​នៅ​ក្នុង​ពិធី​ជួប​ជាមួយ​រដ្ឋបាល​ខេត្ត​ និង​ស្រុក​ថា ការ​សិក្សា​វាយតម្លៃ​នេះ​មាន​គោលបំណង​ដើម្បី​ពិនិត្យ​មើល​ឡើងវិញ​អំពី​រចនាសម្ព័ន្ធ​គ្រប់គ្រង​និង​របៀបរបប​ធ្វើ​ការងារ​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ដែល​រចនាសម្ព័ន្ធ​គ្រប់គ្រង​និង​របៀបរបប​ធ្វើ​ការងារ​ថ្មី​នេះ ​រាជរដ្ឋាភិបាល​បាន​ដាក់​ឲ្យ​អនុវត្ត​​ចាប់តាំង​ពីក្រោយ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ ខេត្ត​ ក្រុង ស្រុក ខណ្ឌ​ឆ្នាំ២០០៩ កន្លង​មក។

 

ឯកឧត្ដម​បន្ត​ថា៖ «ការ​សិក្សា​វាយតម្លៃ​នេះ​ដើម្បី​ស្វែងយល់​ពី​តម្រូវការ ​សំណូមពរ​ផ្សេងៗ​របស់​រដ្ឋបាល​ខេត្ត ស្រុក​ដែល​កំពុង​អនុវត្ត​ការងារ​ប្រចាំ​ថ្ងៃ​ ដើម្បី​ពិនិត្យមើល​និង​រៀបចំ​លិខិត​បទដ្ឋាន​គតិយុត្តិ​សម្រាប់​អនុវត្ត​និង​ឆ្លើយតប​តម្រូវការ​ជាក់ស្ដែង​នៅ​ពេល​ខាងមុខ​ដែល​ថ្នាក់​ជាតិ​នឹង​ធ្វើការ​ផ្ទេរ​មុខងារ​ក៏​ដូចជា​ធនធាន​ ​ប្រគល់​សិទ្ធិ​អំណាច​ជា​បណ្ដើរ​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​អនុវត្ត​ក្នុង​នាម​រាជរដ្ឋាភិបាល»។

 

KPC2បន្ទាប់​មក​ប្រតិភូ​បាន​ចុះ​សិក្សា​វាយ​តម្លៃ​រដ្ឋបាល​ស្រុក​កំពង់ត្រឡាច ដោយ​បាន​ចុះ​ជួប​សម្ភាសន៍​ក្រុមប្រឹក្សា​ស្រុក គណៈ​អភិបាល​ស្រុក គណៈកម្មាធិការ​សម្របសម្រួល​បច្ចេកទេស គណៈកម្មាធិការ​ពិគ្រោះ​យោបល់​ស្ត្រី​និង​កុមារ នាយក​រដ្ឋបាល ប្រធាន​ការិយាល័យ និង​មន្ត្រី​ការិយាល័យ​ផែនការ​និង​គាំទ្រ​ឃុំ សង្កាត់ ការិយាល័យ​រដ្ឋបាល​និង​ហិរញ្ញវត្ថុ និង​ការិយាល័យ​អន្តរ​វិស័យ​នៃ​ស្រុក​កំពង់ត្រឡាច ​ទាក់ទង​នឹង​ការ​អនុវត្ត​តួនាទី ភារកិច្ច​របស់​រដ្ឋបាល​ស្រុក​នោះ​ផង​ដែរ។

 

គួរ​បញ្ជាក់​ថា ការសិក្សា​វាយតម្លៃ​នេះ​នឹង​ធ្វើ​នៅ​គ្រប់​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​ទាំងអស់​នៅ​ទូទាំង​ប្រទេស​កម្ពុជា។ ក្រុង ស្រុក ខណ្ឌ ដែល​នៅ​សល់​និង​ត្រូវ​វាយតម្លៃ​ដោយ​ក្រុម​ការងារ​វាយតម្លៃ​របស់​សាលា​រាជធានី ខេត្ត​សាមី​បន្ទាប់​ពី​ក្រុម​ការងារ​សិក្សា​វាយតម្លៃ​ថ្នាក់​ជាតិ​ត្រូវ​បាន​បញ្ចប់​៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់