បើក​វគ្គ​ពង្រឹង​សមត្ថភាព​ស្ដីពី​ ការរៀបចំ​ផែនការ សេចក្ដី​សម្រេចចិត្ត​រួម កិច្ច​ព្រមព្រៀង​វិសោធនកម្ម របាយការណ៍​បញ្ចប់ និង​ការ​បញ្ចូល​ទិន្នន័យ​ប្រព័ន្ធNAD

រាជធានី​ភ្នំពេញ ២៨ មករា ២០១៣៖ លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ (គ.ជ.អ.ប) បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​ពង្រឹង​សមត្ថភាព​ស្ដីពី​ការរៀបចំ​ផែនការ សេចក្ដី​សម្រេច​ចិត្ត​រួម កិច្ច​ព្រមព្រៀង​វិសោធនកម្ម

របាយការណ៍​បញ្ចប់ និង​ការ​បញ្ចូល​ទិន្នន័យ​ប្រព័ន្ធ​​ទិន្នន័យ ផែនការ​សកម្មភាព​ប្រចាំ​ឆ្នាំ (NAD) ដល់​មន្ត្រី​ពាក់ព័ន្ធ​ទូទាំង​ប្រទេស​រយៈ​ពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៣-២៤ ខែ​មករា ឆ្នាំ២០១៣ នៅ​សាល​ប្រជុំ​ក្រសួង​មហាផ្ទៃ។

NAD1កិច្ច​ប្រជុំ​ប្រារព្ធ​ឡើង​ក្រោម​អធិបតីភាព ឯកឧត្ដម ង៉ាន់ ចំរើន អនុប្រធាន​ប្រតិបត្តិ​នៃ​លេខាធិការដ្ឋាន​ គ.ជ.អ.ប ដោយ​មាន​ការ​ចូលរួម​ពី​មន្ត្រី​ទីចាត់ការ​ផែនការ ​និង​វិនិយោគ​នៅ​ថ្នាក់​រាជធានី​ខេត្ត មន្ត្រី​ទីចាត់ការ​ហិរញ្ញវត្ថុ ដែល​ទទួល​បន្ទុក​សម្របសម្រួល​កិច្ច​ព្រមព្រៀង​និង​ប្រព័ន្ធ​ទិន្នន័យ NAD​នៅ​ថ្នាក់​រាជធានី ខេត្ត​ ទីប្រឹក្សា​តាមដាន​កម្មវិធី​ជាតិ​ថ្នាក់​រាជធានី ខេត្ត​ ទីប្រឹក្សា​ហិរញ្ញវត្ថុ​ថ្នាក់​រាជធានី ខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​ពី​អនុ​កម្មវិធី​ទាំង​៦​របស់​ផែនការ​អនុវត្ត​រយៈ​ពេល​បី​ឆ្នាំ​ដំបូង ២០១១-២០១៣ (ផអ៣) នៃ​កម្មវិធី​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​ដែល​មាន​ចំនួន​សរុប​ប្រមាណ​១០០នាក់។

មាន​មតិ​សំណេះសំណាល​និង​បើក​វគ្គ​បណ្ដុះបណ្ដាល ឯកឧត្ដម ង៉ាន់ ចំរើន អនុប្រធាន​ប្រតិបត្តិ​នៃ​លេខាធិការដ្ឋាន​ គ.ជ.អ.ប បាន​មាន​ប្រសាសន៍​អំពី​សារៈសំខាន់​នៃ​វគ្គ​បណ្ដុះបណ្ដាល​ដែល​តម្រូវ​ឱ្យ​មាន​ការ​ចូលរួម​ពី​អ្នក​​ពាក់ព័ន្ធ​ផ្ទាល់​ដើម្បី​ទទួល​បាន​ការ​យល់ដឹង​បន្ថែម​ ដោយសារ​ប្រព័ន្ធ​របាយការណ៍​ក្នុង​ឆ្នាំ​២០១៣​នឹង​មាន​ការ​ខុស​ប្លែក​គ្នា​ខ្លះ​ពី​របៀប​អនុវត្ត​កន្លង​មក។

ឯកឧត្ដម ង៉ាន់ ចំរើន បាន​ស្នើ​ឲ្យ​មាន​ការ​ខិតខំ​បញ្ជាប់​សេចក្ដី​សម្រេច​រួម​រវាង​ គ.ជ.អ.ប និង រាជធានី ខេត្តទាំង២៣ និង​អនុ​កម្ម​វិធី​ទាំង​៦ ស្ដីពី​ការ​អនុវត្ត​ផែនការ​សកម្មភាព​ និង​ថវិកា​ឆ្នាំ​២០១៣ សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​ ឲ្យ​បាន​មុន​ដំណាច់​ខែ​កុម្ភៈ ឆ្នាំ​២០១៣។

NAD2របៀបវារៈ​សំខាន់​ៗនៃ​កិច្ចប្រជុំ​រួមមាន៖ (១). គោលការណ៍​ណែនាំ​នៃ​ការរៀបចំ​ផែនការ​សកម្មភាព​ និង​ថវិកា​ឆ្នាំ​២០១៣ (២). ការ​បង្ហាញ និង​ពិភាក្សា​អំពី​ការ​រៀបចំ​ទម្រង់ ​សេចក្ដី​សម្រេច​រួម និង​កិច្ច​ព្រមព្រៀង​ឆ្នាំ​២០១៣ (៣). ការ​បង្ហាញ និង​ពិភាក្សា​អំពី​របាយការណ៍​បញ្ចប់ ​ទម្រង់​សេចក្ដី​សម្រេច​រួម និង​កិច្ច​ព្រមព្រៀង​ឆ្នាំ​២០១២ (៤). ការ​បង្ហាញ​ពី​ប្រព័ន្ធ​NAD ដែល​កែសម្រួល​ថ្មី​ឆ្នាំ​២០១៣ (៥). ការ​បង្ហាញ​ពី​ចំណុច​ខ្វះខាត ការ​រៀបចំ​កិច្ចសន្យា​ឆ្នាំ​២០១២។

គួរ​បញ្ជាក់​ថា ដើម្បី​សម្រួល​ដល់​ការ​រៀបចំ​ផែនការ​សកម្មភាព​របស់​ភ្នាក់ងារ​អនុវត្តន៍​ដូចជា​ការ​ត្រួតពិនិត្យ អនុម័ត និង​ការ​តាមដាន​វឌ្ឍនភាព​នៃ​ផែនការ​សកម្មភាព លេខាធិការដ្ឋាន គ.ជ.អ.ប បាន​កសាង​ប្រព័ន្ធ​ទិន្នន័យ ផែនការ​សកម្មភាព​ប្រចាំ​ឆ្នាំ NAD (National Annual Workplan and Budget Database) ។ ​ប្រព័ន្ធ​ទិន្នន័យ​នេះ​គឺជា​ឧបករណ៍​មាន​លក្ខណៈ​សាមញ្ញ​​ ដែល​ដំណើរការ​តាម​ប្រព័ន្ធ Internet ហើយ​ជួយ​សម្រួល​ដល់​កិច្ចការ​បូកសរុប​ទិន្នន័យ និង​សម្របសម្រួល​បច្ចេកទេស​ពី​ក្រុម​ការងារ​ថ្នាក់​ជាតិ​ដោយ​កាត់​បន្ថយ​ចំណាយ​ក្នុង​ការ​គាំទ្រ​ប្រតិបត្តិការ​ប្រព័ន្ធ​នៅ​ថ្នាក់​ក្រោម​ជាតិ៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់