បូកសរុប​ការ​អនុវត្ត​គម្រោង​រដ្ឋបាល​មូលដ្ឋាន និង​ការ​ប្រែប្រួល​អាកាស​ធាតុ​ និង​លើក​ទិសដៅ​បន្ត​

តាកែវ ៥ មេសា ២០១៣៖ ក្រុមការងារគម្រោងរដ្ឋបាលមូលដ្ឋាន និងការប្រែប្រួលអាកាសធាតុ (LGCC) កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៣ បានធ្វើការបូកសរុប និងវាយតម្លៃការអនុវត្តគម្រោងរដ្ឋបាលមូលដ្ឋាន និងការប្រែប្រួលអាកាសធាតុឆ្នាំ២០១២…

តាកែវ ៥ មេសា ២០១៣៖ ក្រុមការងារគម្រោងរដ្ឋបាលមូលដ្ឋាន និងការប្រែប្រួលអាកាសធាតុ (LGCC) កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៣ បានធ្វើការបូកសរុប និងវាយតម្លៃការអនុវត្តគម្រោងរដ្ឋបាលមូលដ្ឋាន និងការប្រែប្រួលអាកាសធាតុឆ្នាំ២០១២ ជំហានទី១ (LGCC I) និងលើកទិសដៅសកម្មភាពបន្តដើម្បីអនុវត្តជំហានទី២ ឆ្នាំ២០១៣ (LGCC II) នៅខេត្តតាកែវ។

ឯកឧត្ដម អ៊ិត សុខ អភិបាលរងខេត្តតាកែវ បានលើកឡើងអំពីផលប៉ះពាល់អវិជ្ជមានដោយផ្ទាល់និងប្រយោលពីការប្រែប្រួលអាកាសធាតុ ជាពិសេសលើជីវភាពប្រជាពលរដ្ឋដែលធ្វើឲ្យស្រទាប់អូសូនមានភាពសឹករិចរិល ដែលបណ្ដាលឲ្យភពផែនដីឡើងកម្ដៅ ទឹកសមុទ្រកើនកម្ពស់ ហើយរដូវកាល និងរបបទឹកភ្លៀងមិនទៀងទាត់។ គ្រោះធម្មជាតិកើតឡើងញឹកញាប់ ដែលបណ្ដាលអោយខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងផលដំណាំ។ មនុស្ស និងសត្វកើតមានជំងឺថ្មីៗ និងប្លែកៗ។ មនុស្សធ្វើចំណាកស្រុក និងបាត់បង់អាយុជីវិតយ៉ាងច្រើនសន្ធឹកសន្ធាប់។

ឯកឧត្ដម អ៊ិត សុខ បានថ្លែងនៅក្នុងសិក្ខាសាលាបូកសរុប វាយតម្លៃ និងលើកទិសដៅបន្តនៃការអនុវត្តគម្រោងនេះកាលពីថ្ងៃទី ០២ ខែមេសា ឆ្នាំ២០១៣ នៅខេត្តតាកែវ ដោយមានការចូលរួមពីមន្ត្រីគម្រោង LGCC ថ្នាក់ជាតិ ដៃគូអភិវឌ្ឍន៍ មន្ត្រីគម្រោង LGCC ថ្នាក់ខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ ប្រជាពលរដ្ឋ តំណាងអ្នកទទួលផល មន្ត្រីស្រុកគោលដៅថ្មីមកពីខេត្តបាត់ដំបង និងអ្នកពាក់ព័ន្ធសរុបចំនួន ១៧៤នាក់ (ស្រី ២៣នាក់)។

ឯកឧត្ដម អ៊ិត សុខ បានថ្លែងថា៖ «ក្នុងគោលដៅរួមចំណែកកាត់បន្ថយការរងគ្រោះ និងដើម្បីបន្សុំាទៅនឹងការប្រែប្រួលអាកាសធាតុ នៅឆ្នាំ២០១២ ខេត្តតាកែវ បានអនុវត្តសាកល្បងនូវគម្រោង រដ្ឋបាលមូលដ្ឋាន និងការប្រែប្រួលអាកាសធាតុ (LGCC) ដែលគាំទ្រថវិកាដោយ CCA-Trust Fund និង UNCDF ដោយបានជ្រើសរើសក្រុង ស្រុកចំនួនបីគឺ៖ (ក្រុងដូនកែវ ស្រុកបូរីជលសារ និងស្រុកបាទី) សម្រាប់អនុវត្តគម្រោងសេវាកម្ម និងឃុំ សង្កាត់ចំនួន៩ ក្នុងក្រុង ស្រុកទាំងបីនេះជាឃុំ សង្កាត់គោលដៅអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដែលគម្រោងទាំងអស់នោះបានបញ្ជាប់ការអនុវត្ត ១០០% និងធ្វើការវាយតម្លៃរួចរាល់ហើយ»។

សិក្ខាសាលានេះមានគោលបំណងដើម្បី៖ (១).បញ្ជ្រាបទស្សនៈទានការបន្ស៊ាំ និងការប្រែប្រួលអាកាសធាតុទៅក្នុងសកម្មភាព និងដំណើរការកសាងផែនការអភិវឌ្ឍន៍ប្រចាំឆ្នាំរបស់ក្រុង ស្រុក និងឃុំ សង្កាត់ (២). បង្ហាញពីលទ្ធផល និងធ្វើការបូកសរុបបញ្ចប់ការអនុវត្តគម្រោងឆ្នាំ២០១២ (LGCC I) និងសកម្មភាពបន្ត (LGCC II) ឆ្នាំ២០១៣ (៣). ចែករំលែកបទពិសោធន៍ការអនុវត្តគម្រោង (LGCC) ដល់អ្នកពាក់ព័ន្ធ (៤). បង្ហាញអំពីការវាយតម្លៃគម្រោង (LGCC) ដោយមានការចូលរួមពីប្រជាពលរដ្ឋ (៥). ចង់ឲ្យប្រជាពលរដ្ឋជាអ្នកទទួលផល យល់ដឹងអំពីការចូលរួមអនុវត្តគម្រោង និងចូលរួមធ្វើបទបង្ហាញលទ្ធផលគម្រោង (៦). អ្នកពាក់ព័ន្ធបានដឹងទីតាំងគម្រោង ទំហំគម្រោង ចំនួនថវិកាដែលត្រូវអនុវត្តឆ្នាំ២០១៣។

គួបញ្ជាក់ថា ក្នុងខេត្តតាកែវ ក្នុងឆ្នាំ២០១៣ នេះ ជាឆ្នាំបន្តសកម្មភាពអនុវត្តគម្រោងជំហានទី២ (LGCC II) ជាយុទ្ធសាស្ត្រ និងជាជំហានៗ។ មកដល់ពេលបច្ចុប្បន្ននេះ គម្រោងបានរៀបចំសិក្ខាសាលាចាត់អាទិភាពគម្រោងរួចរាល់ហើយ។ គម្រោងសេវាកម្មដែលត្រូវអនុវត្តមានចំនួន ០៥គម្រោង និងគម្រោងហេដ្ឋារចនាសម្ព័ន្ធមានចំនួន១៥គម្រោង៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់