ដំណាំ​កៅស៊ូ​នឹង​កើន​ដល់​ជាង​៣​សែន​ហិកតារ​នៅ​ឆ្នាំ​២០១៤​ (ទស្សនាវដ្ដី​អង្គរធំ)

ប្រទេសកម្ពុជានឹងមានដំណាំកៅស៊ូធម្មជាតិកើនឡើងរហូតដល់ទៅប្រមាណជាង៣សែន

ហិកតារនៅក្នុងឆ្នាំ២០១៤ខាងមុខ ខណៈដែលប្រជាពលរដ្ឋនិងអ្នកវិនិយោគទុន

មានជំនឿចិត្តខ្លាំងទៅលើទីផ្សារ …

ប្រទេសកម្ពុជានឹងមានដំណាំកៅស៊ូធម្មជាតិកើនឡើងរហូតដល់ទៅប្រមាណជាង៣សែនហិកតារនៅក្នុងឆ្នាំ២០១៤ ខាងមុខខណៈដែលប្រជាពលរដ្ឋ

និងអ្នកវិនិយោគទុនមានជំនឿចិត្តខ្លាំងទៅលើទីផ្សារក្នុងការលក់ជ័រកៅស៊ូស្ងួតបាននាំគ្នាសម្រុកធ្វើការដាំដុះដំណាំនេះបន្ថែមមានចំនួនកាន់តែច្រើនឡើង។

 

នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការឡើងថ្លៃដ៏ខ្ពស់នៃតម្លៃជ័រកៅស៊ូស្ងួតនៅលើទីផ្សារអន្តរជាតិបានលើកទឹកចិត្តយ៉ាងខ្លាំង

ដល់អ្នកវិនិយោគនិងប្រជាពលរដ្ឋកម្ពុជាឲ្យធ្វើការដាំដុះដំណាំកៅស៊ូថ្មីៗកាន់តែមានចំនួនច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ពោលគឺពីប្រមាណជា

១៨១ពាន់ហិកតារនៅឆ្នាំ២០១០ រហូតដល់ទៅចំនួនប្រមាណជា២៨០ពាន់ហិកតារនៅក្នុងឆ្នាំ២០១៣នេះ។

 

យោងតាមការវាយតម្លៃរបស់មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា នៅឆ្នាំ២០១៤

ខាងមុខដំណាំកៅស៊ូនៅកម្ពុជានឹងមានកំណើននៃការដាំដុះកើនឡើងច្រើនបន្ថែមទៀតរហូតដល់ប្រមាណជាជាង ៣០០ ពាន់ហិកតារ

ព្រោះថាមានអ្នកវិនិយោគទុនជាច្រើនបាននឹងកំពុងតែសម្រុកចូលមកធ្វើការដាំដុះដំណាំនេះបន្ថែម។ 

 

 ឯកឧត្ដម ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា បច្ចុប្បន្ន

ប្រទេសកម្ពុជា មានដំណាំកៅស៊ូនៅលើផ្ទៃដីសរុបចំនួនប្រមាណជាង២៨ម៉ឺនហិកតារ

ហើយរំពឹងថាចំនួននេះនឹងបន្តមានការកើនឡើងច្រើនបន្ថែមទៀតរហូតដល់ទៅប្រមាណជា

ជាង ៣០ម៉ឺនហិកតារនៅក្នុងឆ្នាំ២០១៤ ខាងមុខ។

 

ឯកឧត្ដម ច័ន្ទ សារុន បានមានប្រសាសន៍បន្តទៀតថា ការកើនឡើងដ៏ច្រើននៃចំនួនដំណាំកៅស៊ូនេះ គឺទី១

ដោយសារអ្នកវិនិយោគទុនគេចូលមកធ្វើការដាំដុះដំណាំនេះច្រើន និងទី២ ដោយសារដីរបស់កម្ពុជា

មានអំណោយផលដល់ដំណាំកៅស៊ូហើយធម្មជាតិទៀតសោតក៏មានភ្លៀងធ្លាក់គ្រប់គ្រាន់ល្អសម្រាប់ធ្វើឱ្យ

កៅស៊ូមានទិន្នផលខ្ពស់។

 

ឯកឧត្ដមច័ន្ទ សារុន បានគូសបញ្ជាក់ថា “ខ្ញុំសង្ឃឹមថា នៅឆ្នាំក្រោយនេះដំណាំកៅស៊ូកម្ពុជានឹងឡើងដល់៣០ម៉ឺនហិកតារ ហើយទន្ទឹមនឹងការ

កើនឡើងនេះ ការនាំចេញជ័រកៅស៊ូស្ងួត ក៏មានកំណើនទៅតាមនោះដែរ”។

 

បច្ចុប្បន្នប្រទេសកម្ពុជាដែលមានដំណាំកៅស៊ូទាំងថ្មី និងចាស់សរុបប្រមាណជា ២៨០.៣៥៥ ហិកតារ នោះកាលពីឆ្នាំ២០១២ កន្លងទៅបានធ្វើ  នីហរណកម្មជ័រកៅស៊ូស្ងួតទៅកាន់ទីផ្សារអន្តរជាតិ បានចំនួនប្រមាណជា ៥៩.៩១៧តោន ដែលមានតម្លៃស្មើនឹងទឹកប្រាក់សរុបចំនួន១៧៤.៧៦ លានដុល្លារអាមេរិក។ 

 

កាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០១៣ កន្លងទៅ លោកឧកញ៉ា ម៉ក់ គឹមហុង ប្រធានសមាគម កៅស៊ូកម្ពុជាបានឱ្យដឹងថា នៅឆ្នាំ២០១៣នេះ បរិមាណជ័រកៅស៊ូស្ងួតនាំចេញរបស់កម្ពុជា នឹងមានចំនួនកើនឡើងយ៉ាងខ្ពស់លើសឆ្នាំណាៗទាំងអស់ ដោយហេតុថាកៅស៊ូដែលដាំនៅលើដី សម្បទានសេដ្ឋកិច្ចដែលរាជរដ្ឋាភិបាលបានផ្ដល់ឱ្យក្រុមហ៊ុនឯកជនធ្វើការវិនិយោគកាលពីពេលមុនមួយចំនួននិងកៅស៊ូគ្រួសារផងនោះឈានដល់

ដំណាក់កាលនៃការចៀរយកជ័របាន បន្ថែមពីលើកៅស៊ូដែលធ្លាប់ចៀរយកជ័រកាលពីពេលមុន។

 

លោកឧកញ៉ា ម៉ក់ គឹមហុង បានឱ្យដឹងបន្តទៀតថា តាមការប៉ាន់ស្មាននៅឆ្នាំនេះ មានកៅស៊ូដែលដាំដុះថ្មីនៅក្នុងប្រទេសទាំងកៅស៊ូរបស់ក្រុមហ៊ុន វិនិយោគនិងកៅស៊ូគ្រួសាររបស់ប្រជាពលរដ្ឋសរុបប្រមាណជា ២ម៉ឺនហិកតារបន្ថែមទៀត នឹងត្រូវគេចៀរយកជ័រធ្វើអាជីវកម្មបាន ដែលចំនួននេះមានបរិមាណស្មើនឹងជ័រកៅស៊ូស្ងួតសម្រាប់ធ្វើការនាំចេញសរុប រហូតដល់ទៅប្រមាណជា៣ម៉ឺនតោនឯណោះ។

 

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ ការឡើងថ្លៃជ័រកៅស៊ូស្ងួតនៅលើទីផ្សារអន្តរជាតិ បានលើកទឹកចិត្តឱ្យអ្នកវិនិយោគទុន និងប្រជាពលរដ្ឋកម្ពុជាធ្វើការអភិវឌ្ឍការដាំដុះដំណាំកៅស៊ូថ្មីៗ ជាច្រើននៅក្នុងប្រទេស។ មានកៅស៊ូដាំថ្មីចន្លោះចាប់ពី២ ម៉ឺន ទៅ ៤ម៉ឺនហិកតារត្រូវបានវាយតម្លៃថាដាំដោយអ្នកវិនិយោគមកពីក្រៅប្រទេស និងកសិករនៅក្នុងស្រុកនៅក្នុងអំឡុងឆ្នាំ២០១៤ ខាងមុខ។

 

គួររម្លឹកឲ្យដឹងផងដែរថា ចាប់តាំងពីជ័រកៅស៊ូស្ងួតលក់បានថ្លៃរហូតដល់ទៅប្រមាណជា ៥.៦០០ ដុល្លារអាមេរិកក្នុង១តោននៅក្នុងឆ្នាំ២០១០មក ការដាំដុះកៅស៊ូថ្មី ត្រូវបានក្រសួងកសិកម្មរាយការណ៍ថាមានការកើនឡើងគួរឱ្យកត់សម្គាល់ ពោលគឺមានចំនួនប្រមាណ២ ទៅ ៣ម៉ឺនហិកតារ ក្នុងមួយឆ្នាំៗជារៀងរាល់ឆ្នាំដែលក្នុងចំនួននោះមានប្រមាណជា២ ម៉ឺនហិកតារ គឺជាកៅស៊ូគ្រួសាររបស់ប្រជាពលរដ្ឋ។

 

កាលពីខែតុលា ឆ្នាំ២០១២ កន្លងទៅ មានកៅស៊ូដែលដាំនៅលើដីសម្បទានសេដ្ឋកិច្ច មួយចំនួននាអំឡុងពេល៥ឆ្នាំ ឬ៦ឆ្នាំមុន បានចាប់ផ្ដើមឱ្យផលជាលើកដំបូង ហើយការផ្ដល់ផលនេះ នាំឱ្យមានក្ដីសង្ឃឹមថាអាចនឹងធ្វើឱ្យបរិមាណនៃការនាំចេញជ័រកៅស៊ូស្ងួតនៅឆ្នាំនេះ និងបណ្ដាឆ្នាំខាងមុខកាន់តែមានចំនួនច្រើនឡើងជាលំដាប់ លើសបរិមាណនៃការនាំចេញដែលកំពុងតែមាននាពេលបច្ចុប្បន្ន។

 

ឯកឧត្ដម ច័ន្ទ សារុន បានមានប្រសាសន៍ឱ្យដឹងថានៅឆ្នាំ២០១៣ នេះ ការធ្វើនីហរណកម្មកៅស៊ូទៅកាន់ទីផ្សារអន្តរជាតិ អាចកើនដល់ទៅចំនួនជាង៦ ម៉ឺនតោន ច្រើនជាងការនាំចេញកាលពីឆ្នាំមុន ហើយចំនួននេះនឹងបន្តមានការកើនឡើងកាន់តែច្រើនបន្ថែមទៀតនៅឆ្នាំខាងមុខ ព្រោះថាកៅស៊ូដែលដាំថ្មីៗជាច្រើនចាប់ផ្ដើមដល់ពេលឱ្យផលជាបន្តបន្ទាប់។

 

ឯកឧត្ដម ច័ន្ទ សារុន បានមានប្រសាសន៍ឱ្យដឹងបន្តទៀតថា ” នៅពេលនេះ កៅស៊ូនាំចេញមានថ្លៃតែប្រមាណជា ២.៣០០ ដុល្លារអាមេរិកប៉ុណ្ណោះ

ក្នុង១តោន ប៉ុន្តែតម្លៃនេះនៅតែជួយឲ្យអ្នកដាំស្វែងរកប្រាក់ចំណេញបានពុំមានការខាតបង់អ្វីទេ។ ខ្ញុំគិតថា បើតម្លៃកៅស៊ូចុះមកនៅត្រឹម១.៥០០ ដុល្លារអាមេរិកក្នុងមួយតោន នោះទើបអ្នកដាំជួបការលំបាក។ តែបើបានថ្លៃដូចជាបច្ចុប្បន្ននេះ ពួកគេនៅតែអាចដាំបានដដែល

មិនមានបញ្ហាចោទអ្វីឡើយ។”

 

កៅស៊ូធម្មជាតិគឺជាដំណាំឧស្សាហកម្មរយៈពេលវែងមួយយ៉ាងសំខាន់ដែលមិនត្រឹមតែផ្ដល់ផលប្រយោជន៍ដល់ផ្នែកបរិស្ថាន និងអ្នកដាំប៉ុណ្ណោះទេ តែវាក៏ជួយរួមចំណែកដល់ការអភិវឌ្ឍន៍សង្គមនិងសេដ្ឋកិច្ចជាតិទាំងមូលជងដែរ។

 

 

តាមការប៉ាន់ប្រមាណនៅឆ្នាំ២០២០ ប្រទេសកម្ពុជានឹងមានផ្ទៃដីកៅស៊ូដាំដុះសរុបទាំងរបស់ ក្រុមហ៊ុនវិនិយោគឯកជន ទាំងកៅស៊ូគ្រួសារ និងទាំងចម្ការកៅស៊ូដែលមានស្រាប់ពីមុនរហូតដល់ទៅចំនួនប្រមាណជា៤ សែនហិកតារ ព្រោះថា ជ័រកៅស៊ូមានតម្លៃខ្ពស់ ទីផ្សារល្អ និងតម្រូវការច្រើន ដែលជាការលើកទឹកចិត្តឲ្យមានការដាំថ្មីបន្តទៀត។

 

យោងតាមការពិនិត្យមើលទៅលើទិដ្ឋភាពជាក់ស្ដែង បច្ចុប្បន្នមិនថាតែអ្នកដែលមានដីទំនេរ ធំទេ ដែលធ្វើចម្ការដាំកៅស៊ូថ្មី សូម្បីតែអ្នកដែលមានដីកន្លះហិកតារឡើងទៅ ក៏គេចូលរួមនៅក្នុងការដាំដំណាំនេះដែរ ពីព្រោះពួកគេគិតថាដំណាំនេះមានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ និងមានប្រាក់ចំណូលច្រើនអាចជួយផ្គត់ផ្គង់ដល់ជីវភាពគ្រួសារបានមិនជួបការលំបាកទៅថ្ងៃក្រោយ។

 

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៣ ថ្លែងក្នុងពិធីដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវរោងចក្រកែច្នៃជ័រកៅស៊ូ របស់ក្រុមហ៊ុនសុភក្តនីកា អ៊ីនវេសមេន ដែលមានមូលដ្ឋាននៅខេត្តស្ទឹងត្រែង សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា កាដាំដុះដំណាំកៅស៊ូនៅកម្ពុជាអាចនឹងបន្តមានការរីកចម្រើនកាន់តែច្រើនឡើងថែមទៀត ពោលគឺអាចច្រើនជាងប្រទេសវៀតណាម ដែលនៅក្បែរខាង ពីព្រោះថា ប្រទេសកម្ពុជានៅមានលទ្ធភាពសល់ដីទំនេរច្រើន៕ 

ដកស្រង់ចេញពីទស្សនាវដ្ដី អង្គរធំ ច្បាប់ ៤៤០ ឆ្នាំទី១៤ ថ្ងៃទី ០២-០៨ កញ្ញា ២០១៣។

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់