គ.ជ.អ.ប រៀបចំ​ផែនការ​សកម្មភាព​និង​ថវិកា​ឆ្នាំ​២០១៣ សម្រាប់​អនុវត្ត​កម្មវិធី​កំណែ​ទម្រង់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ

ភ្នំពេញ ២០ ធ្នូ ២០១៣៖ គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​ (គ.ជ.អ.ប) កាល​ពី​ថ្ងៃទី១១-១២ ខែ​ធ្នូ ឆ្នាំ​២០១២ ​បាន​រៀបចំ​ផែនការ​សកម្មភាព​និង​ថវិកា​ប្រចាំ​ឆ្នាំ​២០១៣​ដើម្បី​អនុវត្ត​កម្មវិធី​កំណែ​ទម្រង់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ។

ក្នុង​ឆ្នាំ​២០១៣ ថវិកា​របស់​រាជរដ្ឋាភិបាល​ដែល​បាន​វិភាជន៍​ទៅ​ឲ្យ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​នីមួយៗ រួមមាន មូលនិធិ​ឃុំ សង្កាត់​ចំនួន​ប្រមាណ ៥០,៥លាន​ដុល្លារ មូលនិធិ​ក្រុង ស្រុក​ចំនួន​ប្រមាណ១៤,៧ លាន​ដុល្លារ និង​ថវិកា​រាជធានី ខេត្ត​មាន​ចំនួន ១២៤​លាន​ដុល្លារ។  ដូច្នេះ ថវិកា​ជាតិ​ដែល​នឹង​ត្រូវ​វិភាជន៍​សម្រាប់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​សម្រាប់​ឆ្នាំ​២០១៣ នេះ មាន​ចំនួន​ប្រមាណ ១៨៩,២ លាន​ដុល្លារ​អាមេរិក។ នេះ​ជា​សេចក្ដី​រាយការណ៍​របស់​ឯកឧត្ដម សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​លេខាធិការដ្ឋាន គ.ជ.អ.ប ដែល​បាន​ថ្លែង​នៅ​ក្នុង​សិក្ខាសាលា​ជាតិ​ស្ដីពី​ការ​រៀបចំ​ផែនការ​សកម្មភាព និងថវិកាឆ្នាំ២០១៣ របស់​ គ.ជ.អ.ប កាល​ពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១២។

ឯកឧត្ដម សក់ សេដ្ឋា បាន​ថ្លែង​បន្ត​ថា ពាក់ព័ន្ធនឹងការអនុវត្តផែនការសកម្មភាព​ក្នុងឆ្នាំ​២០១៣ មាន​ថវិកា​ចំនួន​ប្រមាណ២២៧,៤លានដុល្លារ ដែល​ក្នុង​នោះ​រួមមាន​ការ​រួម​ចំណែក​ពី​ដៃគូ​អភិវឌ្ឍន៍​ចំនួន​ប្រមាណ៣៤,២​លាន​ដុល្លារ ដើម្បី​ធ្វើការ​វិភាជន៍​បែងចែក​ឲ្យ​ទៅ​ក្រសួង ស្ថាប័ន​អនុវត្ត​ផែនការ​អនុវត្ត​រយៈ​ពេល​បី​ឆ្នាំ​ដំបូង ២០១១-២០១៣ (ផអ៣) នៃ​កម្មវិធី​ជាតិ​ទាំង​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ។
សិក្ខាសាលា​ជាតិ​រយៈ​ពេល​ពីរ​ថ្ងៃ​នេះ​ ថ្ងៃទី​១១-១២ ខែ​ធ្នូ ឆ្នាំ​២០១២ ​ប្រព្រឹត្តិ​ទៅ​ក្រោម​អធិបតី​ភាព​ ឯកឧត្ដម គាត ឈន់ ឧប​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​អនុ​ប្រធាន គ.ជ.អ.ប និង​ឯកឧត្ដម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន គ.ជ.អ.ប ដោយ​មាន​អ្នក​ចូលរួម​ចំនួន ៤២១ នាក់  (ស្ត្រី​៦៧​នាក់) ដែល​មាន​សមាស​ភាព​មកពី​តំណាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​នៅ​ថ្នាក់​ជាតិ សម្ព័ន្ធ​ភាព​ជាតិ​ឃុំ សង្កាត់ ដៃគូ​អភិវឌ្ឍន៍ អង្គការ​សង្គម​ស៊ីវិល និង​សមាស​ភាព​មកពី​តំណាង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ។ សិក្ខាសាលា​នេះ​មាន​គោលបំណង៖
–    ឆ្លុះបញ្ចាំង​ពី​វឌ្ឍនភាព និង​បញ្ហា​ប្រឈម​នានា​នៃ​ការ​អនុវត្ត​ផែនការ​សកម្មភាព និង​ថវិកា ឆ្នាំ​២០១២។
–    បង្ហាញ​អំពី​សេចក្ដី​ព្រាង​នៃ​ការ​វិភាជន៍​មូលនិធិ​ដល់​ស្ថាប័ន​អនុវត្ត​អនុ​កម្មវិធី​ទាំង​៦​ និង​រាជធានី ខេត្ត​ទាំង​២៤ ដើម្បី​រៀបចំ​ជា​ផែនការ​សកម្មភាព និង​ថវិកា​សម្រាប់​ឆ្នាំ២០១៣។
–    ពិភាក្សា និង​អនុម័ត​លើ​​សេចក្ដីព្រាង​នៃ​លទ្ធផល​រំពឹង​ទុក និង​សកម្មភាព សម្រាប់​​​​​​​​ឆ្នាំ​​​​​​២០១៣ ដែល​បាន​រៀបចំ​ឡើង​ដោយ​ស្ថាប័ន​អនុវត្ត​នានា​របស់​ គ.ជ.អ.ប. និង​ជា​ពិសេស​សកម្មភាព​នានា​ដែល​ត្រូវ​​ទទួល​ខុស​ត្រូវ​អនុវត្ត​ដោយ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​។
–    ពិភាក្សា​ដើម្បី​ស្វែង​រក​ការ​កែ​លម្អ និង​ដំណោះស្រាយ​លើ​បញ្ហា​ពាក់ព័ន្ធ​នឹង​ការងារ​គ្រប់​គ្រង និង​ការ​អនុវត្ត​កម្មវិធី​ជាតិ។
ថ្លែង​ក្នុង​ពិធី​បើក​សិក្ខាសាលា ឯកឧត្ដម គាត ឈន់ បាន​មាន​ប្រសាសន៍​ថា ការ​អនុវត្ត​នូវ​រចនាសម្ព័ន្ធ និង​ប្រព័ន្ធ​អភិបាលកិច្ច​ថ្មី​នៃ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​តាម​គោល​ការណ៍​នៃ​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​តម្រូវ​ឲ្យ​មាន​ការ​រៀបចំ​អភិវឌ្ឍ ​និង​ការអនុវត្ត​យុទ្ធសាស្ត្រ​វិមជ្ឈការ​ហិរញ្ញវត្ថុ​ដ៏​មាន​លក្ខណៈ​ច្បាស់លាស់ និង​ប្រទាក់​ក្រឡា​គ្នា​មួយ ដែល​ត្រូវ​ផ្អែក​លើ​មូលដ្ឋាន​សំខាន់​ចំនួន​បី៖ទី១-ការ​ផ្ទេរ​មុខងារ និង​ការ​ផ្តល់​សេវា​សាធារណៈ​ឲ្យ​ទៅ​ដល់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ទី២-ការ​រៀបចំ​ឲ្យ​មាន​ចំណូល​សមស្រប​សម្រាប់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ និងទី៣-ការ​រៀបចំ និង​អនុវត្ត​នូវ​យន្តការ​ផ្ទេរ​ហិរញ្ញ​វត្ថុ​អន្តរ​រដ្ឋបាល​ដ៏​សមស្រប​មួយ​ដើម្បី​ធានា​ ថា​ រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ទទួល​បាន​ការ​ផ្ទេរ​ធនធាន​ហិរញ្ញវត្ថុ​ពី​ថវិកា​ជាតិ។
ឯកឧត្ដម គាត ឈន់ បាន​ថ្លែង​ថា ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត​ក្របខ័ណ្ឌ​ការងារ​វិមជ្ឈការ​ហិរញ្ញវត្ថុ​ វា​អាស្រ័យ​ជា​សំខាន់​ទៅ​លើ​ប្រព័ន្ធ និង​នីតិវិធី​នានា​នៃ​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ ដើម្បី​ធានា​ឲ្យ​បាន​ថា ធនធាន និង​ទ្រព្យ​សម្បត្តិ ​​​​​របស់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ត្រូវ​បាន​ប្រើប្រាស់​ដោយ​អនុលោម​ទៅ​តាម​ច្បាប់​ស្តីពី​របប​ហិរញ្ញវត្ថុ​និង​ការ​គ្រប់គ្រង​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ។
«បច្ចុប្បន្ន​នេះ​យើង​បាន​អនុវត្ត​មូលនិធិ​ផ្ទេរ​ឲ្យ​ឃុំ សង្កាត់​ចំនួន ២.៨០% នៃ​ចំណូល​ថវិកា​ចរន្ត​នៃ​ថវិកា​ជាតិ ហើយ​មូលនិធិ​ក្រុង ស្រុក​ត្រូវ​បាន​បង្កើត មាន​ប្រមាណ ០.៨០%​ សម្រាប់​​បី​ឆ្នាំ​ដំបូង​២០១២ ២០១៣ និង ២០១៤។ មូលនិធិ​ផ្ទេរ​ឲ្យ​ឃុំ​សង្កាត់ និង​ក្រុង ស្រុក នេះ​មិន​​​​​មែន​​​សម្រាប់​​​​ការ​ផ្ទេរ​​​មុខងារ​រណា​មួយ​​​​នៅ​​​​​ឡើយ​ទេ គឺ​គ្រាន់តែ​ជា​មូលនិធិ​ផ្ទេរ​គ្មាន​ភ្ជាប់​លក្ខ​ខណ្ឌ​សម្រាប់​​​​​​​​​ប្រើ​​​ប្រាស់​តាម​ឆន្ទានុសិទ្ធិ ឬ​​​​​​​​​ក្នុង​អាណត្តិ​កិច្ច​របស់​ក្រុម​ប្រឹក្សា​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​​​​​​​​​​​​​​​​​​​​ប៉ុណ្ណោះ។ ក្រៅពី​​​មូល​និធិ​​​ក្រុង ស្រុក​ និង​ឃុំ​សង្កាត់ នៅ​ក្នុង​រយៈ​ពេល​១០ឆ្នាំ​នៃ​ការ​អនុវត្ត​កម្មវិធី​ជាតិ​ ប្រព័ន្ធ​អន្តរ​រដ្ឋបាល​នៅ​មាន​ការ​រៀបចំ​បង្កើត​យន្តការ​ផ្តល់​ហិរញ្ញប្បទាន​មួយ​ចំនួន​ថែម​ទៀត​សម្រាប់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ»។
ថ្លែង​ក្នុង​ពិធី​បិទ​សិក្ខាសាលា ឯកឧត្តម ស ខេង បាន​មាន​ប្រសាសន៍​ដោយ​លើក​ឡើង​នូវ​សមិទ្ធផល​សំខាន់ៗ​ជាច្រើន​ដែល​យើង​សម្រេច​បាន​ក្នុង​ឆ្នាំ២០១២ ​​ក្នុង​នោះ​រួមមាន៖ សមិទ្ធផល​ពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឍន៍​គោលន​យោបាយ​និង​លិខិត​បទដ្ឋាន​គតិយុត្តការ​រៀបចំ​ឡើង​វិញ និងការពង្រឹង​​នូវ​រចនា​សម្ព័ន្ធសា្ថប័ននៃ​រដ្ឋបាលថ្នាក់​ក្រោម​ជាតិ,ការរៀបចំយន្តការ និងការផ្តល់​អន្តរាគមន៍​សម្រាប់​ការ​​អភិវឌ្ឍន៍​សមត្ថភាពដល់​​រដ្ឋបាល​​ថ្នាក់​ក្រោម​ជាតិ, ការរៀប​ចំ​កិច្ចដំណើរការ​​​ផ្ទេរ​មុខ​ងារ និងធន​ធាន​​ទៅ​ឲ្យ​ដល់​​រដ្ឋបាល​​ថ្នាក់​ក្រោម​ជាតិ, ការបង្កើតមូលនិធិ និងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុក្រុង ស្រុក,ការពង្រឹង​យន្ដការ​នៃ​ការ​បញ្ជ្រាប​យេនឌ័រ​នៅ​ក្នុង​កិច្ច​ដំណើរការ​កំណែ​ទម្រង់ និងការពង្រឹងសមត្ថភាព និង​យន្តការ​គណ​នេយ្យភាព​របស់ក្រុមប្រឹក្សានៃរដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ចំពោះ​ប្រជាពលរដ្ឋ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន។
ឯកឧត្តម ស ខេង បាន​ថ្លែង​បន្ត​ថា ទន្ទឹមនឹងការ​សម្រេចបាន​នូវវឌ្ឍនភាពគួរជាទីមោទនៈនេះ ក៏នៅមាន​កិច្ចការ និងបញ្ហាប្រឈម​ជា​ច្រើនដែល​​ត្រូវផ្តល់អាទិភាព និងផ្តោត​ការយកចិត្ត​ទុកដាក់ដោះស្រាយ​តាមរយៈ​ផែនការ​សកម្មភាព និង​ថវិកាឆ្នាំ២០១៣ ដើម្បីធានាដល់ការជំរុញ​ឲ្យ​កិច្ចដំណើរ​ការ​កំណែទម្រង់​សម្រេច​បាននូវ​គោលដៅ​រយៈ​ពេលមធ្យម ដែលបានកំណត់នៅក្នុងផអ៣ និងឈានទៅសម្រេច​បាននូវ​គោលដៅ​រយៈ​ពេល​វែង​ ដែល​បាន​កំណត់​នៅក្នុង​កម្មវិធីជាតិ​ និងច្បាប់រៀបចំ​អង្គការ។​
ឯកឧត្តម ស ខេង បាន​គូសបញ្ជាក់នូវបញ្ហាគន្លឹះមួយចំនួនដែលត្រូវបន្ត​យកចិត្ត​ទុក​ដាក់អនុវត្ត និងដោះស្រាយនៅ​ក្នុង​ឆ្នាំ២០១៣​ដែល​រួម​មាន៖
•    ការពង្រឹងភាពជាម្ចាស់ និងការទទួលខុសត្រូវលើកម្មវិធីកំណែទម្រង់
•    ការៀបចំប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
•    ការផ្ទេរមុខងារ និងធនធានទៅឲ្យដល់រដ្ឋបាលថ្នាក់ក្រោមជាតិ
•    ការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស និងអភិវឌ្ឍស្ថាប័ន
•    ការពង្រឹងក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ
•    ការរៀបចំប្រព័ន្ធគ្រប់គ្រងបុគ្គលិករបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
•    ការពង្រឹងប្រព័ន្ធកសាងផែនការថ្នាក់ក្រោមជាតិ
•    ការបញ្ជ្រាបយែនឌ័រ
•    ការពង្រឹងយនុ្តការត្រូតពិនិត្យ​ការបំពេញការងារ និងនិត្យានុកូលភាពរបស់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ
•    ការបន្តការគាំទ្រដល់ឃុំ សង្កាត់ និង​
•    ការបន្ត​ពង្រឹង​ភាព​ជា​ដៃគូ។

ឯកឧត្ដម ស ខេង ក៏​បាន​លើក​ឡើង​នូវ​ប្រសាសន៍​របស់​ឯកឧត្តម គាត ឈន់ ដែល​បាន​ថ្លែង​ក្នុង​ពិធី​បើក​សិក្ខាសាលា​ថា ក្នុងឆ្នាំ២០១៣នេះ ត្រូវផ្តល់អាទិភាពខ្ពស់ និងផ្តោតការយកចិត្ត​ទុកដាក់ជាសំខាន់ ទៅលើការរៀបចំនិងដាក់ឲ្យអនុវត្តនូវប្រព័ន្ធមូលនិធិ និងប្រព័ន្ធគ្រប់​គ្រង​ហិរញ្ញវត្ថុក្រុងស្រុក ដែលក្នុង​នោះយើងត្រូវតែធានាឲ្យបានថា លិខិតបទដ្ឋានគតិយុត្ត និងសេចក្តីណែនាំពាក់ព័ន្ធនានា​សម្រាប់​ការអនុវត្ត​​ប្រព័ន្ធនេះ នឹងត្រូវរៀបចំបញ្ចប់ឲ្យ​បានរួចរាល់​យ៉ាងយូរបំផុតនៅក្នុងត្រីមាសទី១នៃឆ្នាំ២០១៣។
លើសពីនេះ យន្តការ​គាំទ្រផ្នែកបច្ចេកទេសដល់រដ្ឋបាលក្រុង ស្រុក​ ត្រូវតែបានពង្រឹងឡើងវិញ ដើម្បីធានាឲ្យបាននូវការទទួលខុស​ត្រូវតាមខ្សែ​គណនេយ្យភាព​ច្បាស់លាស់​ ព្រមទាំង​ធានា​បាន​នូវ​ប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធិនៃការចាប់ផ្តើមអនុវត្តប្រព័ន្ធមូលនិធិ និងប្រព័ន្ធ​គ្រប់គ្រងហិរញ្ញ​វត្ថុ​ក្រុង ស្រុកនៅក្នុងឆ្នាំ២០១៣ខាងមុខនេះហើយកិច្ចការ​នេះ ត្រូវតែ​បាន​កំណត់​ជា​អាទិភាព​ខ្ពស់​បំផុត​នៅក្នុងផែនការសកម្មភាព​ និងថវិកាឆ្នាំ២០១៣។
លោកស្រី Kristina Kühnel ប្រធានតំណាងទី​ភ្នាក់ងារ​សហប្រតិបត្តិការអភិវឌ្ឍន៍ស៊ុយអែដ (SIDA) ប្រចាំ​នៅ​កម្ពុជា បាន​ថ្លែង​ថា ភាពជោគជ័យនៃកិច្ចដំណើរការ វិមជ្ឈការ​អាចនាំឱ្យមានការផ្លាស់ប្ដូរ និងការ​លើក​កម្ពស់​ជីវិភាពរស់នៅរបស់ប្រជាពលរដ្ឋ ទាំងក្នុង​ក្របខ័ណ្ឌ​​នៃ​សេវាកម្ម​ដែល​ត្រូវ​បាន​​ធ្វើ​ឱ្យកាន់តែ​ប្រសើរ​ឡើង និង​តាមរយៈ​លទ្ធិប្រជាធិបតេយ្យ​នៅថ្នាក់​មូលដ្ឋាន​ដែល​ត្រូវ​បាន​លើកកម្ពស់។ «ខ្ញុំក៏មានការ​ជឿជាក់​ដែរថា យើង​ទាំង​អស់​គ្នាទទួល​ស្គាល់ពីភាព​ស្មុគស្មាញ និងភាព​ទូលំទូលាយ​នៃកំណែទម្រង់របស់យើង។ អាស្រ័យ​ហេតុនេះ វា​ជា​ការ​លើកទឹកចិត្ត​ក្រៃលែង ដែល​យើង​ទាំងអស់​គ្នា​បាន​មើលឃើញ​ពី​វឌ្ឍនភាព​ដែល​យើង​សម្រេច​បាន​ចាប់​តាំង​ពី​ពេល​ចាប់​ផ្ដើម ផែនការ​អនុវត្ត​រយៈ​ពេល​បី​ដំបូង ២០១១-២០១៣ (ផអ៣) នៃ​កម្មវិធី​ជាតិ​ មក​ម្ល៉េះ»៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់