គណៈ​ប្រតិភូ SIDA ធ្វើទស្សនកិច្ច​សិក្សា​​គម្រោង​រដ្ឋបាល​មូលដ្ឋាន​និង​ការប្រែប្រួល​អាកាសធាតុ (LGCC) នៅ​ឃុំ​លំពង់ និង​ឃុំ​ត្នោត ស្រុកបាទី ខេត្ត​តាកែវ

តាកែវ ៣០ មេសា ២០១៣៖ អគ្គរាជទូតស៊ុយអែតប្រចាំប្រទេសកម្ពុជា អមដំណើរដោយគណៈប្រតិភូដៃគូអភិវឌ្ឍន៍ SIDA កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៣ បានធ្វើទស្សនកិច្ចសិក្សាដើម្បីពិនិត្យមើលសមិទ្ធផលនៃការអនុវត្ត គម្រោង…

តាកែវ ៣០ មេសា ២០១៣៖ អគ្គរាជទូតស៊ុយអែតប្រចាំប្រទេសកម្ពុជា អមដំណើរដោយគណៈប្រតិភូដៃគូអភិវឌ្ឍន៍ SIDA កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៣ បានធ្វើទស្សនកិច្ចសិក្សាដើម្បីពិនិត្យមើលសមិទ្ធផលនៃការអនុវត្តគម្រោងរដ្ឋបាលមូលដ្ឋាននិងការប្រែប្រួលអាកាសធាតុ (LGCC) នៅឃុំលំពង់ និងឃុំត្នោត ស្រុកបាទី ខេត្តតាកែវ។

 

ដំណើរទស្សនកិច្ចសិក្សានេះមានការចូលរួមពីទីប្រឹក្សាផែនការនៃគម្រោង LGCC/NCDDS មន្ត្រីសម្របសម្រួល LGCC/NCDDS  ក្រុមការងារUNCDF/ LGCC/ NCDDS  ប្រធានគម្រោង ផអ៣ ទីប្រឹក្សាគម្រោងថ្នាក់ខេត្ត និងក្រុមការងារអនុវត្តគម្រោងLGCC ថ្នាក់ខេត្ត។

 

នៅទីតាំងគម្រោងមានការចូលរួមពីក្រុមការងារថ្នាក់ស្រុក ក្រុមការងារថ្នាក់ឃុំ មេភូមិ ជំនួយការភូមិ និងប្រជាពលរដ្ឋអ្នកទទួលបានផលពីគម្រោងLGCC នៃឃុំលំពង់ និងឃុំត្នោត ស្រុកបាទី ខេត្តតាកែវ។

ការចុះពិនិត្យមើលលទ្ធផលនៃការអនុវត្តគម្រោងរដ្ឋបាលមូលដ្ឋាននិងការប្រែប្រួលអាកាសធាតុមានគោលបំណង៖ (១).ចុះទស្សនកិច្ចនិងពិនិត្យមើលទីតាំងលទ្ធផលគម្រោងផ្ទាល់នៅមូលដ្ឋាន(២).ស្វែងយល់អំពីដំណើរការកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគប្រចាំឆ្នាំនៃរដ្ឋបាលថ្នាក់ក្រោមជាតិ (៣).សិក្សាពីដំណើរការបញ្ជ្រាបការប្រែប្រួលអាកាសធាតុទៅក្នុងដំណើរការកសាងផែនការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ (៤). សិក្សាពីទំនាក់ទំនងនៃការប្រែប្រួលអាកាសធាតុទៅនឹងអភិបាលកិច្ចល្អ។

 

ក្រុមការងាររបស់លេខាធិការដ្ឋាន និងក្រុមការងាររបស់ UNCDF/CCA និងគណៈប្រតិភូ SIDA បានចុះទៅដល់ទីតាំងគម្រោងផ្ទាល់ដូចជា៖

  • គម្រោងជីកស្រះ១កន្លែង ៦០មx៣៤ម តម្លៃ ១៥.៣០០.០០រៀល នៅឃុំលំពង់ ស្រុកបាទី
  • គម្រោងជីកស្រះ១កន្លែង ៤២មx៤២ម តម្លៃ ២០.៤០០.០០០រៀល និងស្ដារប្រឡាយ១ខ្សែ ដាក់លូ៣កន្លែងប្រវែង១៤៥០ម៉ែត្រ តម្លៃ៥១.៤៦៧.០៩០រៀលនៅឃុំត្នោត ស្រុកបាទី។

បន្ទាប់មកគណៈប្រតិភូបានធ្វើការសាកសួរ និងសិក្សាស្វែងយល់អំពីដំណើរការអនុវត្តគម្រោង LGCC ទៅដល់ក្រុមប្រឹក្សាឃុំ និងអ្នកទទួលផលផ្ទាល់ពីគម្រោងដូចជាៈ ការបញ្ជ្រាបការប្រែប្រួលអាកាសធាតុទៅក្នុងដំណើរការកសាងផែនការនិងកម្មវិធីវិនិយោគរបស់ឃុំ លំហូរថវិកា របស់គម្រោងទម្លាក់ឲ្យឃុំដើម្បីអនុវត្ត ការសហការ និងការគាំទ្ររបស់ថ្នាក់ស្រុកមកដល់ឃុំ និងផលប្រយោជន៍ពីគម្រោងទៅដល់អ្នកទទួលផល។

 

ក្រុមប្រឹក្សាឃុំ ដែលជាអ្នកទទួលអនុវត្តគម្រោងដោយផ្ទាល់បានជម្រាបដល់ក្រុមគណៈប្រតិភូអំពីដំណើរការ និងនីតិវិធីនៃការអនុវត្តគម្រោងតាំងពីចាត់គម្រោងជាអាទិភាព និងមូលហេតុដែលលើកគម្រោងឡើង ដោយសារវាជាតំបន់មួយដែលទទួលរងផលប៉ះពាល់ពីអាកាសធាតុប្រែប្រួល គឺជួបគ្រោះរាំងស្ងួតដែលបណ្ដាលឲ្យខ្វះទឹកប្រើប្រាស់ ស្រោចស្រពស្រូវនិងដំណាំកសិកម្មរបស់ប្រជាពលរដ្ឋ។

 

គម្រោងនេះគឺបានការគាំទ្រនិងការសហការយ៉ាងជិតស្និទ្ធពីថ្នាក់ស្រុកដែលធ្វើឲ្យការអនុវត្តគម្រោងនេះប្រកបដោយជោគជ័យ រីឯលំហូរថវិកា គឺបានទម្លាក់ថវិកាបានទាន់ពេលវេលា ដែលមិនធ្វើឲ្យមានការរាំងស្ទះដល់ដំណើរការនៃការអនុវត្តគម្រោង។
    សម្រាប់ប្រជាពលរដ្ឋដែលជាអ្នកទទួលផលដោយផ្ទាល់អំពីគម្រោងមានភាពសប្បាយរីករាយដោយមានទឹកសម្រាប់ប្រើប្រាស់ក្នុងការស្រោចស្រពស្រូវ និងដាំដំណាំកសិកម្មផ្សេងៗ។

ដំណើរទស្សនកិច្ចសិក្សានេះទទួលបានលទ្ធផល និងការផ្លាស់ប្ដូរបទពិសោធន៍ដូចជា៖

  • បានស្វែងយល់ពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ មកលើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនិងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងស្រុកបាទី ខេត្តតាកែវ
  • បានស្វែងយល់ពីការអនុវត្តគម្រោងពីការចាប់ផ្ដើមអនុវត្តគម្រោងរហូតដល់បញ្ចប់គម្រោង នៅក្នុងខេត្តតាកែវ
  • បានស្វែងយល់ទំនាក់ទំនងរវាងគម្រោងLGCC និងអភិបាលកិច្ចល្អនៅក្នុងខេត្តតាកែវ
  • បានស្វែងយល់ពីលទ្ធផលដែលសម្រេចបាននៃការអនុវត្តLGCC1 នៅក្នុងខេត្តតាកែវ

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់