គណៈកម្មការមួយក្រុមចុះត្រួតពិនិត្យការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ខេត្តរនគិរី

រតនគិរី ១១ មីនា ២០១៣៖ កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៣ គណៈកម្មការមួយក្រុមបានចុះទៅពិនិត្យការអនុវត្តសកម្មភាពគម្រោងចំនួន៣កន្លែង ដែលមាននៅក្នុងស្រុកអូរយ៉ាដាវ និងស្រុកលំផាត់ ខេត្តរតនគិរី…

រតនគិរី ១១ មីនា ២០១៣៖ កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៣ គណៈកម្មការមួយក្រុមបានចុះទៅពិនិត្យការអនុវត្តសកម្មភាពគម្រោងចំនួន៣កន្លែង ដែលមាននៅក្នុងស្រុកអូរយ៉ាដាវ និងស្រុកលំផាត់ ខេត្តរតនគិរី។

គណៈកម្មការមានសមាសភាព៖ ប្រធានគម្រោង  មន្រ្តីត្រួតពិនិត្យ និងវាយតម្លៃនៃផែនការអនុវត្តរយៈពេលបីឆ្នាំដំបូង ២០១១-២០១៣ (ផអ៣) នៃកម្មវិធីជាតិ និងមន្រ្តីគាំទ្របច្ចេកទេស (TSO)។

ការអនុវត្តគម្រោងរួមមាន៖ការសាងសង់ផ្លូវលំក្រាលគ្រួសក្រហមមួយខែ្ស និងលូកាត់ផ្លូវចំនួន ០២កន្លែង នៅឃុំល្បាំង២ ក្នុងស្រុកលំផាត់ និងកាសាងសង់សាលារៀនចំនួន២កន្លែង នៅឃុំប៉ាតេ និងឃុំលំជ័រ ក្នុងស្រុកអូរយ៉ាដាវ ដែលបានចំណាយថវិកាចំនួន ២៨៦.៧១២.៤០០ (៧១.៦៧៨ ដុល្លារ)។

បន្ទាប់មក គណៈកម្មការបានចុះទៅពិនិត្យការសាងសង់ផ្លូវលំក្រាលគ្រួសក្រហម១ខ្សែ ដែលមានបណ្តោយប្រវែង១.២គីឡូម៉ែត្រ និងទទឹងប្រវែង៤ម៉ែត្រ ក្នុងឃុំល្បាំង២ ដែលចំណាយថវិកាចំនួន ៦២.៧០០.០០០ រៀល (១៥.៦៧៥ ដុល្លារ) អនុវត្តដោយក្រុមហ៊ុន គី សារឿន។

ក្នុងថ្ងៃដដែលនេះដែរ ក្រុមការងារបានបន្តដំណើរទៅត្រួតពិនិត្យគម្រោងនៅក្នុងស្រុកអូរយ៉ាដាវចំនួន ២កន្លែងផ្សេងទៀត រួមមាន៖ សាលារៀនដែលទើបនឹងសាងសង់មាន២បន្ទប់ធ្វើអំពីថ្ម ប្រក់ស័ង្កសី ដែលមានបណ្តោយប្រវែង១៦ម៉ែត្រ ទទឹងប្រវែង៩ម៉ែត្រ  ស្ថិតនៅឃុំប៉ាតេ ដែលចំណាយថវិកាចំនួន ១១១.៨១២.៤០០ រៀល (២៧.៩៥៣ ដុល្លារ) ដែលសាងសង់ដោយក្រុមហ៊ុន ចាត់ តាក់ ។

ជាមួយគ្នានោះដែរ ក្រុមការងារបានបន្តដំណើរទៅពិនិត្យមើលការសាងសង់សាលារៀនមួយខ្នងទៀតដែលមាន២បន្ទប់ ធ្វើអំពីថ្ម ប្រកស័ង្កសី ដែលមានបណ្តោយប្រវែង១៦ម៉ែត្រ និងទទឹងប្រវែង ៩ម៉ែត្រ ស្ថិតនៅឃុំលំជ័រ ដែលចំណាយថវិកាអស់ចំនួន ១១២.២០០.០០០ រៀល (២៨.០៥០ ដុល្លារ) សាងសង់ដោយក្រុមហ៊ុន ឆាយ ប៊ុនណា។

លោក គុន សំបឿន មន្រ្តីគាំទ្របច្ចេកទេស (TSO) បានឲ្យដឹងថា សាលារៀន២ខ្នងដែលមាន៤បន្ទប់ ស្ថិតនៅក្នុងឃុំប៉ាតេ និងឃុំលំជ័រ ស្រុកអូរយ៉ាដាវ ធ្វើអំពីថ្មប្រក់ស័ង្កសី ចាក់បេតុងដែលមានបណ្តោយប្រវែង ១៦ម៉ែត្រ និងទទឹងប្រវែង ៩ម៉ែត្រនេះ អាចទទួលសិស្សឲ្យចូលរៀនបានចំនួន ១៦០នាក់។

លោកបានបន្តទៀតថា គម្រោងសាងសង់នេះគឺជាតម្រូវការរបស់ប្រជាពលរដ្ឋដែលបានជ្រើសរើសចេញពីគ្រោងអាទិភាពឆ្នាំ២០១២ ដែលគម្រោងនេះនិងប្រើប្រាស់ជាប្រយោជន៍ជូនដល់ប្រជាពលរដ្ឋនៅក្នុងឃុំទាំងមូល។ ទន្ទឹមនិងនោះដែរ លោកក៏បានណែនាំដល់អ្នកទទួលការទាំងអស់ធ្វើយ៉ាងណាត្រូវអនុវត្តតាមគំរូប្លង់បច្ចេកទេសដែលមានស្រាប់ សំដៅធានាឲ្យបានទាំងបរិមាណ និងគុណភាពជូនដល់ប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់ឲ្យបានយូរអង្វែងទៅថ្ងៃអនាគត៕ ដោយៈ ទូច លក្ខិណា ទីប្រឹក្សាត្រួតពិនិត្យថ្នាក់ខេត្ត

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់