ក្រុមការងារ​អន្តរក្រសួង​ប្រជុំ​ពិនិត្យ​សេចក្តីព្រាង​របាយការណ៍​ស្តីពី​ការសិក្សា​លើ​ការប្រើប្រាស់​ធនធាន​សមា​សភាគ​អភិវឌ្ឍន៍​មូលដ្ឋាន​របស់​មូលនិធិ​ក្រុង​ ស្រុក​

​រាជធានី​ភ្នំពេញ​៖​ ក្រុមការងារ​អន្តរក្រសួង​សិក្សា​រួមគ្នា​លើ​ការ​ពិនិត្យមើល​ឡើងវិញ​អំពី ​ការប្រើប្រាស់​ធនធាន​សមា​សភាគ​អភិវឌ្ឍន៍​មូលដ្ឋាន​របស់​មូលនិធិ​ក្រុង​ស្រុក បានរៀបចំ​កិច្ចប្រជុំ​រួមគ្នា​ពិនិត្យ​លើ​សេចក្តីព្រាង​របាយការណ៍​ស្ដីពី ការសិក្សា​លើ​ការប្រើប្រាស់​ធនធាន​សមា​សភាគ​អភិវឌ្ឍន៍​មូលដ្ឋាន​របស់​មូលនិធិ​ក្រុង ​ស្រុក​ កាលពីព្រឹក​​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ ក្នុង​សាលប្រជុំ​អគារ​រដ្ឋបាល​ក្រុង ស្រុក ឃុំ សង្កាត់​នៃ​ក្រសួងមហាផ្ទៃ​។​

​សមាសភាព​ក្រុមការងារ​អន្តរក្រសួង​ដែលមាន​វត្តមាន​ក្នុង​កិច្ចប្រជុំ​មាន​ចំនួន​១៨​រូប ក្នុងនោះ រួមមាន ​​​ឯកឧត្តម​​ អនុប្រធាន​​លេខាធិការដ្ឋាន គ.ជ.អ.ប ​​លោក លោកស្រី ប្រធាន​នាយកដ្ឋាន អនុប្រធាននាយកដ្ឋាន​ អនុប្រធាន​អង្គភាព ប្រធានការិយាល័យ ទីប្រឹក្សា​គម្រោង ​និង​មន្ត្រី​ជំនាញ​មកពី​ក្រសួងមហាផ្ទៃ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​អគ្គនាយកដ្ឋាន​រតនាគា​រ​ជាតិ លេខាធិការដ្ឋាន គ​.​ជ​.​អ​.​ប និង​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​។​

​កិច្ចប្រជុំ​មាន​គោលបំណង​ពិនិត្យ​ និង​ពិភាក្សា​រួមគ្នា​លើ​សេចក្តីព្រាង​របាយការណ៍​ស្ដីពី ការសិក្សា​លើ​ការប្រើប្រាស់​ធនធាន​សមា​សភាគ​អភិវឌ្ឍន៍​មូលដ្ឋាន​របស់​មូលនិធិ​ក្រុង​ស្រុក​ដែល​រដ្ឋបាល​ក្រុង​ស្រុក​គោលដៅ​បាន​ប្រើប្រាស់​ធនធាន​សម្រាប់​ការអភិវឌ្ឍន៍​មូលដ្ឋាន​ក្នុង​ឆ្នាំ​២០១៥ និង​ឆ្នាំ ២០១៦ កន្លងទៅ ដើម្បី​អភិវឌ្ឍ​មូលដ្ឋាន​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​ថែមទៀត​។​

​សេចក្តីព្រាង​របាយការណ៍​សង្ខេប​ដែលមាន​កម្រាស់​ជាង ២០​ទំព័រ បានបង្ហាញ​ពី​ឱកាស​អភិវឌ្ឍ និង​បញ្ហា​ប្រឈម​ដែល​ក្រុមការងារ​អន្តរក្រសួង​បាន​រកឃើញ​ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​ធនធាន​សមា​សភាគ​អភិវឌ្ឍន៍​មូលដ្ឋាន​របស់​មូលនិធិ​ក្រុង​ស្រុក​ក្នុងនោះ យន្តការ​គាំទ្រ និង​ការសម្របសម្រួល​ថ្នាក់​ខេត្ត ការគ្រប់គ្រង​ចាត់ចែង និង​ការប្រើប្រាស់​ធនធាន​សមា​សភាគ​អភិវឌ្ឍ​មូលដ្ឋាន ការរៀបចំ​ថវិកា ការអនុវត្ត​ថវិកា ការរៀបចំ​គម្រោង និង​កិច្ចលទ្ធកម្ម​គម្រោង​ក្រុង ស្រុក ជាដើម​។​

​ក្រោយពី​ពិនិត្យ​ពិភាក្សា​ខ្លឹមសារ​តាម​ទំព័រ​មួយចំនួន​ក្នុង​សេចក្តីព្រាង​របាយការណ៍​រួច​ ក្រុមការងារ​អន្តរក្រសួង​បានសម្រេច​កែសម្រួល​ពាក្យពេចន៍ និង​ឃ្លាឃ្លោង​មួយចំនួន ព្រមទាំង​បានកំណត់​ថ្ងៃ​បន្ត​ប្រជុំ​នៅ​សប្តាហ៍​ក្រោយ​ទៀត​។​ ក្រុមការងារ​អន្តរក្រសួង​នឹងដាក់​របាយការណ៍​ជូន​ថ្នាក់ដឹកនាំ​លេខាធិការដ្ឋាន គ​.​ជ​.​អ​.​ប ដើម្បី​ពិនិត្យ​សម្រេច និង​ដោះស្រាយ​នាពេលខាងមុខ​។​

​សូមបញ្ជាក់ថា លេខាធិការដ្ឋាន គ​.​ជ​.​អ​.​ប​ បានសម្រេច​បង្កើត​ក្រុមការងារ​សិក្សា​រួមគ្នា​ក្នុងការ​ពិនិត្យមើល​ឡើងវិញ​អំពី​ ការប្រើប្រាស់​ធនធាន​សមា​សភាគ អភិវឌ្ឍន៍​មូលដ្ឋាន​របស់​មូលនិធិ​ក្រុង​ស្រុក តាមរយៈ​សេចក្ដីសម្រេច​លេខ ០៧៥ សសរ​/​គ​.​ជ​.​អ​.​ប​ ចុះ​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៧​។​ មូលនិធិ​ក្រុង ស្រុក​ ត្រូវបាន​បង្កើតឡើង​តាមរយៈ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ ៣៦​អនក្រ​.​បក ចុះ​ថ្ងៃទី​០៧ ខែមីនា ឆ្នាំ​២០១២ ស្ដីពី ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​មូលនិធិ​ក្រុង ស្រុក​៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់