កិច្ច​ប្រជុំ​រវាង​ក្រសួងមហាផ្ទៃ និង​អង្គការ​សង្គម​ស៊ីវិល​ដើម្បី​ស្វែងរក​ដំណោះ​ស្រាយ​បញ្ហា​ប្រឈម​ទាក់ទង​នឹង​វិមជ្ឈការ​នៅ​ថ្នាក់​ក្រោម​ជាតិ

ភ្នំពេញ ០៥ មិថុនា ២០១៣៖ អគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋាននៃក្រសួងមហាផ្ទៃ កាលពី

ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៣ បានរៀបចំកិច្ចប្រជុំប្រចាំត្រីមាសជាមួយអង្គការមិនមែនរដ្ឋាភិបាល

នៅសាលប្រជុំនាយកដ្ឋានរដ្ឋបាលមូលដ្ឋានក្រសួងមហាផ្ទៃដើម្បីស្វែងរកដំណោះស្រាយអំពីបញ្ហា

ប្រឈមទាក់ទងនឹងវិមជ្ឈការនៅថ្នាក់ក្រោមជាតិ។

ភ្នំពេញ ០៥ មិថុនា ២០១៣៖ អគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋាននៃក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៣ បានរៀបចំ

កិច្ចប្រជុំប្រចាំត្រីមាសជាមួយអង្គការមិនមែនរដ្ឋាភិបាលនៅសាលប្រជុំនាយកដ្ឋានរដ្ឋបាលមូលដ្ឋានក្រសួងមហាផ្ទៃ ដើម្បីស្វែងរក

ដំណោះស្រាយអំពីបញ្ហាប្រឈមទាក់ទងនឹងវិមជ្ឈការនៅថ្នាក់ក្រោមជាតិ។

 

កិច្ចប្រជុំនេះប្រារព្ធធ្វើឡើងក្រោមអធិបតីភាព លោក យិន ម៉ាលីណា ប្រធាននាយកដ្ឋានរដ្ឋបាលមូលដ្ឋាននៃក្រសួងមហាផ្ទៃ

និងលោក ឡាំង សុជាតិ ប្រធានក្រុមការងារវិមជ្ឈការតាមរយៈភាពជាដៃគូ (WGPD)  ដែលមានការចូលរួមពីតំណាងលេខាធិការដ្ឋាន

គ.ជ.អ.ប សមាជិកWGPD ដែលមកពីរាជធានី ខេត្ត និងអ្នកពាក់ព័ន្ធ សរុបមានចំនួន៣៨នាក់ (ស្រ្តី១២នាក់)។

 

កិច្ចប្រជុំមានគោលបំណងដើម្បី៖ (១). បង្ហាញពីវឌ្ឍនភាព ការប្រឈម និងផែនការបន្តលើការងារវិមជ្ឈការ និងវិសហមជ្ឈការ (២).

ដោះស្រាយរួមលើបញ្ហាប្រឈមក្នុងការងារវិមជ្ឈការ និងវិសហមជ្ឈការ (៣). ការផ្លាស់ប្ដូរព័ត៌មានរវាងក្រសួងមហាផ្ទៃ និងក្រុមការងារ

វិមជ្ឈការនិងវិសហមជ្ឈការលើការបោះឆ្នោត និងការិយាល័យច្រកចេញចូលតែមួយ។

 

កិច្ចប្រជុំនេះមានរបៀបវារៈដូចជា៖ (១). បទបង្ហាញពីវឌ្ឍនភាព និងបញ្ហាប្រឈមក្នុងត្រីមាសទី៤ នៃឆ្នាំ២០១២ និងផែនការអនុវត្តបន្តក្នុង

ឆ្នាំ២០១៣  (២). បទបង្ហាញពីព័ត៌មានត្រលប់ពីប្រជាពលរដ្ឋចំនួន៣.០០០នាក់ ទៅលើសេវាច្រកចេញចូលតែមួយ (៣). បទបង្ហាញពី

វឌ្ឍនភាព និងបញ្ហាប្រឈមក្នុងត្រីមាស (៤). បទបង្ហាញសង្ខេបស្ដីពីការវាយតម្លៃពាក់កណ្ដាលអាណត្តិនៃផែនការអនុវត្តរយៈពេលបីឆ្នាំ

ដំបូង២០១១-២០១៣ (ផអ៣) (៥). ព័ត៌មានទាក់ទងនិងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៥នៅខែកក្កដា ឆ្នាំ២០១៣។ 

 

តាមរយៈកិច្ចប្រជុំនេះ សមាជិក WGPD បានលើកឡើងពីបញ្ហាប្រឈមដែលបានកើតមាននៅពេលអនុវត្តការងារជាមួយរដ្ឋបាលថ្នាក់ក្រោម

ជាតិកន្លងមក និងបានផ្ដល់អនុសាសន៍មួយចំនួនរួមមាន៖  

 

បញ្ហាប្រឈម 

១. ក្រុមប្រឹក្សាឃុំ សង្កាត់ជាច្រើនមិនសូវបានផ្ដល់ព័ត៌មានទូលំទូលាយដល់ប្រជាពលរដ្ឋ និងអង្គការមិនមែនរដ្ឋាភិបាលអំពីកិច្ចប្រជុំរបស់

ក្រុមប្រឹក្សាឃុំ សង្កាត់។

២. ក្រុមប្រឹក្សាឃុំ សង្កាត់មួយចំនួនមិនបានបើកចំហអោយអង្គការមិនមែនរដ្ឋាភិបាលចូលរួមក្នុងដំណើរការធ្វើផែនការ និងថវិកាឃុំ សង្កាត់។

៣. អង្គការមិនមែនរដ្ឋាភិបាលមិនត្រូវបានអញ្ជើញអោយចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលទាក់ទងទៅនឹងវិមជ្ឈការ និងវិសហមជ្ឈការដែលរៀបចំ

ធ្វើឡើងដោយរដ្ឋបាលថ្នាក់ខេត្ត។ 

៤. ក្រុមប្រឹក្សាឃុំ សង្កាត់មួយចំនួននៅតែមិនសហការជាមួយអង្គការមិនមែនរដ្ឋាភិបាល។ ពួកគេថែមទាំងមិនបានចែករំលែករបាយការណ៍

ព័ត៌មានពីក្រុមប្រឹក្សាឃុំ សង្កាត់ហើយនៅតែមានការរើសអើងផ្នែកនយោបាយនៅថ្នាក់មូលដ្ឋាន។ 

៥. បញ្ហាដីធ្លី បញ្ហាសិទ្ធិមនុស្សនៅតែជាផ្នែកមួយនៃបញ្ហាដែលមិនអាចត្រូវបានដោះស្រាយបានដោយក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន។

 

អនុសាសន៍ 

១. សូមស្នើអោយក្រុមការងារគណនេយ្យភាពខេត្តគ្រប់ខេត្តដែលមិនដំណើរការ ឲ្យដំណើរការការងាររបស់ខ្លួនឡើងវិញ។ 

២. សូមស្នើអោយក្រុមប្រឹក្សាធ្វើការប្រជុំឲ្យបានទៀងទាត់ដោយមានការចូលរួមពីប្រជាពលរដ្ឋ និង អង្គការមិនមែនរដ្ឋាភិបាល។

៣. សូមស្នើអោយក្រុមប្រឹក្សាចែករំលែកព័ត៌មានពីផែនការសកម្មភាព ការអនុវត្តគម្រោងថវិកា កិច្ចប្រជុំ និងរបាយការណ៍ដល់អង្គការមិនមែន

រដ្ឋាភិបាល។

៤. សូមអោយ គ.ជ.អ.ប ជំរុញអោយរដ្ឋបាលថ្នាក់ក្រោមជាតិសហការជាមួយអង្គការមិនមែនរដ្ឋាភិបាលអោយបានទូលំទូលាយជាពិសេសក្នុង

យុទ្ធនាការបោះឆ្នោតជាតិ។

៥. សូមឲ្យក្រសួងមហាផ្ទៃធានាឲ្យមានការរៀបចំផែនការយុទ្ធសាស្ត្រជាតិឆ្នាំ២០១៤ -២០១៨។

៦. សូមជួយពង្រឹងសមត្ថភាពដល់ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិដើម្បីអាចធ្វើការងារជាដៃគូជាមួយអង្គការមិនមែនរដ្ឋាភិបាល។ 

 

ក្នុងមតិបូកសរុបកិច្ចប្រជុំ លោក យិន ម៉ាលីណា  ប្រធាននាយកដ្ឋានរដ្ឋបាលមូលដ្ឋាននៃក្រសួងមហាផ្ទៃ

បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចប្រជុំនេះ ដោយបានចាត់ទុកថាវាជាការចែករំលែកព័ត៌មានដ៏មានសារៈសំខាន់

រវាងអង្គការសង្គមស៊ីវិល ជាមួយក្រសួងមហាផ្ទៃដើម្បីស្វែងរកដំណោះស្រាយរួមក្នុងការបន្តអនុវត្តការងារតាម

បែបវិមជ្ឈការ និងវិសហមជ្ឈការ។

 

លោក យិន ម៉ាលីណា បានទទួលយកបញ្ហាប្រឈម និងអនុសាសន៍ទាំងអស់ដែលលើកឡើងក្នុងកិច្ចប្រជុំ ដោយ

នឹងធ្វើរបាយការណ៍ដាក់ជូនថ្នាក់ដឹកនាំក្រសួងពិនិត្យពិនិត្យនិងសម្រេច។ ចំពោះឃុំ សង្កាត់ដែលមានបញ្ហាឬ

មិនសហការជាមួយអង្គការមិនមែនរដ្ឋាភិបាល លោកបានស្នើឲ្យអង្គការសង្គមស៊ីវិលផ្ដល់នូវឈ្មោះជាក់លាក់ដើម្បីក្រសួងងាយស្រួលក្នុងការរកដំណោះស្រាយ៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់