កិច្ចប្រជុំការងារគ្រប់គ្រងផែនការអនុវត្តរយៈពេលបីឆ្នាំដំបូង (ផអ៣) នៃកម្មវិធីជាតិ

ភ្នំពេញ ១០ ឧសភា ២០១៣៖ លេខាធិការដ្ឋាន គ.ជ.អ.ប នៅថ្ងៃទី៩-១០ ខែឧសភា ឆ្នាំ២០១៣ បានរៀបចំកិច្ចប្រជុំការងារគ្រប់គ្រងផែនការអនុវត្តរយៈពេលបីឆ្នាំ ដំបូង (ផអ៣) នៃកម្មវិធីជាតិ…

ភ្នំពេញ ១០ ឧសភា ២០១៣៖ លេខាធិការដ្ឋាន គ.ជ.អ.ប នៅថ្ងៃទី៩-១០ ខែឧសភា ឆ្នាំ២០១៣ បានរៀបចំកិច្ចប្រជុំការងារគ្រប់គ្រងផែនការអនុវត្តរយៈពេលបីឆ្នាំដំបូង (ផអ៣) នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ នៅសាលប្រជុំក្រសួងមហាផ្ទៃ។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បីធ្វើបច្ចុប្បន្នភាពអំពីវឌ្ឍនភាពផអ៣ ការចែករំលែកបទពិសោធន៍ និងពិនិត្យមើលបញ្ហាប្រឈមនានាក្នុងការអនុវត្តផអ៣នៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងមានការចូលរួមពីមន្ត្រី ទីប្រឹក្សានៃលេខាធិការដ្ឋាន គ.ជ.អ.ប តំណាងអនុកម្មវិធីទាំង៦ នៃផអ៣ ប្រធានគម្រោងផអ៣ថ្នាក់រាជធានី ខេត្ត នាយករដ្ឋបាលថ្នាក់រាជធានី ខេត្ត និងទីប្រឹក្សាគ្រប់គ្រងកម្មវិធីជាតិថ្នាក់រាជធានី ខេត្តដែលមានចំនួនសរុប៨៥ នាក់(ស្រី ១០នាក់)។

មានមតិបើកកិច្ចប្រជុំ ឯកឧត្ដម ង៉ាន់ ចំរើន អនុប្រធានប្រតិបត្តិនៃលេខាធិការដ្ឋាន គ.ជ.អ.ប បានមានប្រសាសន៍លើកឡើងពីសារៈសំខាន់នៃកិច្ចប្រជុំរយៈពេល២ថ្ងៃនេះគឺដើម្បីធ្វើការពិភាក្សារកដំណោះស្រាយនូវបញ្ហាជាក់ស្ដែងមួយចំនួន ដែលពាក់ព័ន្ធទៅនឹងការអនុវត្ត ផអ៣ ក៏ដូចជាការអនុវត្តនូវគោលនយោបាយនានាដែលពាក់ព័ន្ធទៅនឹងកំណែទម្រង់តាមបែបវិមជ្ឈការ និងវិសហមជ្ឈការ ប្រៀបធៀបទៅនឹងផែនការសកម្មភាពនិងថវិកាឆ្នាំ២០១៣ ដែលបានអនុម័តកន្លងមក។

ឯកឧត្ដមមានប្រសាសន៍បន្តទៀតថា បញ្ហាជាក់ស្ដែងទាំងនោះរួមមាន៖ ការអនុវត្តសេចក្ដីសម្រេចរួមរបស់រាជធានី ខេត្ត បញ្ហាហិរញ្ញវត្ថុនិងការគ្រប់គ្រងធនធានមនុស្ស ការងារត្រួតពិនិត្យ វាយតម្លៃ ដែលក្នុងនោះពាក់ព័ន្ធដល់ការផ្សព្វផ្សាយព័ត៌មាន ឲ្យកាន់តែទូលំទូលាយទៅដល់អ្នកពាក់ព័ន្ធទាំងអស់ បញ្ហាការអនុវត្តមូលនិធិឃុំ សង្កាត់ ដែលតួនាទីរបស់រដ្ឋបាលរាជធានី ខេត្តនៅតែមានសារសំខាន់ក្នុងការបន្តគាំទ្រដល់ឃុំ សង្កាត់ និងបញ្ហាពាក់ព័ន្ធការត្រួតពិនិត្យឡើងវិញនូវប្រតិទិននៃកិច្ចដំណើរការរៀបចំផែនការ សកម្មភាព និងថវិកាឃុំ សង្កាត់។

ឯកឧត្ដមថ្លែងដា៖ « កន្លងមកពិតមែនតែការអនុវត្តមូលនិធិឃុំ សង្កាត់ផ្អែកតាមច្បាប់និងបទពិសោធន៍ជាក់ស្ដែងមានភាពរលូនអស់រយៈពេលជាង២អាណត្តិ តែបច្ចុប្បន្នប្រហែលជាត្រូវមានការត្រួតពិនិត្យឡើងវិញ ថាតើប្រតិទិននៃកិច្ចដំណើរការរៀបចំផែនការសកម្មភាព និងថវិកាឃុំ សង្កាត់គួរគប្បីធ្វើការកែសម្រួលឫយ៉ាងណា?»។

ប្រធានបទសំខាន់នៅក្នុងកិច្ចប្រជុំរួមមាន៖ (១). ការអនុវត្តមូលនិធិក្រុង ស្រុក និងការប្រឈម (២). ផែនការអភិវឌ្ឍសមត្ថភាព និងក្របខ័ណ្ឌអភិវឌ្ឍសមត្ថភាព (៣). ផែនការសកម្មភាពនិងថវិកាឆ្នាំ២០១៣ (ការបិទ និងការរៀបចំសេចក្ដីសម្រេចរួម ការប្រឈមនានាក្នុងការអនុវត្តផែនការសកម្មភាពនិងថវិកា ឆ្នាំ២០១៣ (ផ.ស.ថ) សកម្មភាពសេវាសង្គម ផ.ស.ថ ឆ្នាំ២០១៣ដែលគាំទ្រដោយ EU (៤). របាយការណ៍របស់សវនករផ្ទៃក្នុងនៃលេខាធិការដ្ឋាន គ.ជ.អ.ប (៥). ការត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មានវិទ្យា( សង្ខេបលទ្ធផលនៃការវាយតម្លៃ (MTR) ស្ថានភាពរបាយការណ៍ផអ៣ កិច្ចការព័ត៌មានវិទ្យា និងប្រព័ន្ធទិន្នន័យផែនការសកម្មភាពនិងថវិកា (NAD) ការផ្សព្វផ្សាយ និងទំនាក់ទំនងព័ត៌មាន (៦). កិច្ចការមូលនិធិឃុំ សង្កាត់និងការប្រឈម (វឌ្ឍនភាពនៃការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ សុវត្ថិភាពដីធ្លី បរិស្ថាន និងជនជាតិដើមភាគតិច បញ្ជីឈ្មោះអ្នកទទួលការឆ្នាំ២០១៣) (៧). ការកែសម្រួលប្រតិទិននៃការរៀបចំផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគឃុំ សង្កាត់តម្រូវនឹងប្រតិទិននៃការរៀបចំថវិការដ្ឋបាលថ្នាក់ក្រោមជាតិ (៨). កិច្ចការរដ្ឋបាល និងហិរញ្ញវត្ថុនិងការប្រឈម(កិច្ចការហិរញ្ញវត្ថុ លទ្ធកម្ម កិច្ចការបុគ្គលិក របាយការណ៍សវនកម្មឯករាជ្យ) (៩). កិច្ចការយេនឌ័រ។

មានមតិសំណេះសំណាល និងបិទកិច្ចប្រជុំ ឯកឧត្ដម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប បានលើកឡើងពីសមិទ្ធផលចម្បងៗជាច្រើនដែលសម្រេចបានក្នុងរយៈពេលនៃការអនុវត្ត ផអ៣ ដែលរួមមាន៖

  • ខិតខំរៀបចំរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រងនៅថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនិងបង្កើតលិខិតបទដ្ឋានគតិយុត្តិនានាដើម្បីគាំទ្រដល់រចនាសម្ព័ន្ធថ្មីនេះ
  • មន្ត្រីរាជការនានាតាមសាលារាជធានី ខេត្ត បានធ្វើសមាហរណកម្មបញ្ចូលទៅក្នុងរចនាសម្ព័ន្ធថ្មី
  • បណ្ដុះបណ្ដាល និងកសាងសមត្ថភាពដោយបានខិតខំប្រឹងប្រែងជាច្រើននៅក្នុងការកសាងសមត្ថភាពទាំងមន្ត្រីជាប់ឆ្នោត គណៈអភិបាល នាយក នាយករងរដ្ឋបាលនិងមន្ត្រីនានាទាំងនៅថ្នាក់រាជធានី ខេត្ត និងថ្នាក់ក្រុង ស្រុក
  • បង្កើតមូលនិធិក្រុង ស្រុក។ល។

ឯកឧត្ដមប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប ក៏បានមានប្រសាសន៍បំភ្លឺលើបញ្ហាដែលមិនទាន់មានភាពច្បាស់លាស់ និងបានស្នើឲ្យមានការប្រជុំជាបន្ទាន់ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានាដើម្បីពិនិត្យ កែសម្រួល ដោះស្រាយបញ្ហាដែលកើតមាន និងជំរុញលិខិតបទដ្ឋាននានាដែលនៅសេសសល់ឲ្យបានឆាប់រហ័ស។

ដោយឆ្នាំ២០១៣នេះជាឆ្នាំមានការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៥ ឯកឧត្ដម សក់ សេដ្ឋា បានរំលឹកឲ្យមន្ត្រីរាជការ បុគ្គលិកទាំងអស់ត្រូវ៖

១. ខិតខំប្រឹងប្រែងពុះពារដើម្បីសម្រេចឲ្យបាននូវសមិទ្ធផលរំពឹងទុក និងផែនការសកម្មភាពដែលបានកំណត់ក្នុងផអ៣
២. ត្រូវមានមន្ត្រីធ្វើការជាប្រចាំ
៣. ធានាថាមធ្យោបាយ ម៉ោងពេល សម្ភារៈផ្សេងៗមិនត្រូវបានប្រើប្រាស់សម្រាប់សកម្មភាពរបស់គណបក្សនយោបាយ
៤. ស្នើឲ្យមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការគ្រប់គ្រង និងថែរក្សាសម្ភារៈទាំងឡាយដែលមាន៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់