ការ​ពង្រឹង​សិទ្ធិ​អំណាច​ស្ត្រី​៖ ពី​បសុពេទ្យ​ក្លាយ​ជា​មេឃុំ (អង្គការ​ជីវិត​ថ្លៃថ្នូរ)

ស្ត្រីនៅតាមជនបទក្នុងប្រទេសកម្ពុជា ជាពិសេសស្ត្រីក្នុងគ្រួសារក្រីក្រមានលទ្ធភាពតិចតួច

ក្នុងការទទួលបាននូវការអប់រំខ្ពង់ខ្ពស់ដែលបានកម្រិតឱកាសរបស់ពួកគាត់ក្នុងការក្លាយខ្លួនជា..

ស្ត្រីនៅតាមជនបទក្នុងប្រទេសកម្ពុជា ជាពិសេសស្ត្រីក្នុងគ្រួសារក្រីក្រមានលទ្ធភាព

តិចតួចក្នុងការទទួលបាននូវការអប់រំខ្ពង់ខ្ពស់ដែលបានកម្រិតឱកាសរបស់ពួកគាត់ក្នុងការ

ក្លាយខ្លួនជាអ្នកដឹកនាំក្នុងតំណែងខ្ពស់នៅក្នុងសហគមន៍ អង្គការសង្គមស៊ីវិល ក្រុមហ៊ុន ឬរដ្ឋាភិបាល។

 

ដោយឡែកអ្នកស្រី ប៉ែន សុភា អាយុ៣២ឆ្នាំ នៅភូមិព្រៃញាម ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ

ខេត្តកំពង់ឆ្នាំង តំណាងឲ្យភាពជោគជ័យនៃសកម្មភាពពង្រឹងសិទ្ធអំណាចរបស់ស្ត្រីរបស់

អង្គការជីវិតថ្លៃថ្នូរក្នុងខេត្តទាំងបួន គឺ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ។

 

ក្រោមកម្មវិធីអភិវឌ្ឍន៍ជនបទចម្រុះតាមរយៈការពង្រឹងសិទ្ធិអំណាចរបស់អង្គការជីវិតថ្លៃថ្នូរ គាត់បាន

ចាប់យកឱកាសលើកដំបូងរបស់គាត់ដើម្បីក្លាយជាភ្នាក់ងារពេទ្យសត្វក្នុងភូមិរបស់គាត់ក្នុងឆ្នាំ២០០៤។

ឆ្នាំ២០០៧ អង្គការជីវិតថ្លៃថ្នូរបានគាំទ្រក្នុងការបង្កើតឲ្យមានធនាគារភូមិ តាមរយៈដំណើរការបោះឆ្នោត គាត់ត្រូវបានគេជ្រើសរើសឲ្យធ្វើជាប្រធានធនាគារភូមិប្រចាំភូមិព្រៃញាម ដែលជាឱកាសសម្រាប់គាត់ទទួលបានការបណ្ដុះបណ្ដាលអភិវឌ្ឍជំនាញ និងចំណេះដឹងផ្សេងៗបន្ថែមទៀត។ 

 

ដោយមើលឃើញសមត្ថភាព ស្នាដៃបំពេញការងារដ៏ល្អរបស់គាត់ គាត់ត្រូវបានផ្ដល់ទំនុកចិត្តខ្ពស់ពីសមាជិកធនាគារ អ្នកភូមិ និងអាជ្ញាធរមូលដ្ឋាន

ឲ្យធ្វើការជានារីឃុំទទួលបន្ទុកកិច្ចការនារី និងកុមារ ហេរញ្ញិក របស់ធនាគារឃុំនៅឆ្នាំ២០០៩ និងប្រធានសមាគមលើកកម្ពស់សុខភាពសត្វ នៅឆ្នាំ២០១០។

 

ដោយសារតំណែងជានារីឃុំមិនមែនជាតំណែងអចិន្ត្រៃយ៍ គាត់បានសម្រេចចិត្តឈរឈ្មោះជាបេក្ខជនសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំអាណត្តិទី៣ ដែលបានរៀបចំធ្វើឡើងក្នុងខែមិថុនា ឆ្នាំ២០១២។ គាត់បានមានប្រសាសន៍ថា “ដោយសារតែនេះជាតំណែងដែលមិនពេញសិទ្ធ ខ្ញុំមានបំណងចង់ក្លាយជាសមាជិកក្រុមប្រឹក្សាឃុំ ដើម្បីទទួលតំណែងជានារីឃុំពេញសិទ្ធិ”។ ប៉ុន្តែលទ្ធផលបោះឆ្នោតបានធ្វើឲ្យគាត់ភ្ញាក់ផ្អើល។ គាត់និយាយថា “ខ្ញុំរំភើបខ្លាំងណាស់ដែលបានទទួលដំណឹងថា ខ្ញុំត្រូវបានប្រជាពលរដ្ឋបោះឆ្នោតជ្រើសរើសជាប្រធានក្រុមប្រឹក្សាឃុំស្វាយជុត”។

 

ដោយសារលោកស្ត្រីមានការងារទទួលខុសត្រូវបន្ថែមកាន់តែច្រើនឡើងក្នុងមុខតំណែងរបស់គាត់ គាត់បានសម្រេចចិត្តលាលែងពីតំណែងជាប្រធានធនាគារភូមិ ហេរញ្ញិកនៃសមាគមធនាគារឃុំ និងបសុពេទ្យ។

 

ភាពជោគជ័យដ៏ធំមួយទៀតដែលគាត់ហាក់ដូចជាមើលរំលងនោះ គឺការផ្ទេរជំនាញពេទ្យសត្វទៅឲ្យប្ដីរបស់គាត់។ គាត់និយាយថា បន្ទាប់ពីគាត់ត្រូវបានគេបណ្ដុះបណ្ដាលឲ្យក្លាយទៅជាបសុពេទ្យមក គាត់ក៏បានផ្ទេរជំនាញពេទ្យសត្វរបស់គាត់ទៅឲ្យស្វាមីតាមរយៈការបង្ហាត់បង្រៀនគាត់ពីមួយថ្ងៃទៅមួយថ្ងៃ។ ក្នុងឆ្នាំ២០១២ ប្ដីរបស់គាត់បានក្លាយជាបសុពេទ្យប្រចាំភូមិបន្តវេនពីគាត់៕ 

ដកស្រង់ចេញពីរបាយការណ៍ប្រចាំឆ្នាំ២០១២ របស់អង្គការជីវិតថ្លៃថ្នូរ

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់