ការ​បង្កើត​ការិយាល័យ​ច្រក​ចេញ​​ចូល​តែមួយ​ និង​ការិយាល័យ​ប្រជាពលរដ្ឋ​ជួយ​លើក​កម្ពស់​ការ​ផ្តល់​សេវា​ និង​ដោះស្រាយ​​បណ្តឹង​តវ៉ា​ទាក់ទង​នឹង​ការ​ផ្តល់​សេវាសាធារណៈ

រាជធានីភ្នំពេញ៖ អនុក្រឹត្យ និងលិខិតបទដ្ឋាន ស្តីពីការបង្កើតយន្តការច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបានប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្ត តាមរយៈសិក្ខាសាលាមួយដែលប្រព្រឹត្តិទៅនៅសាលប្រជុំក្រសួងមហាផ្ទៃ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

សិក្ខាសាលាផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តអនុក្រឹត្យ និងលិខិតបទដ្ឋានពាក់ព័ន្ធនឹងការបង្កើតយន្តការច្រកចេញចូលតែមួយសម្រាប់ការផ្តល់សេវារដ្ឋបាល និងការបង្កើតការិយាល័យប្រជាពលរដ្ឋសម្រាប់ទទួល និងសម្រុះសម្រួលដោះស្រាយបណ្តឹងតវ៉ានានារបស់ប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិដែលជាក្របខណ្ឌគតិយុត្ត និងជាឯកសារបច្ចេកទេសដ៏មានសារៈសំខាន់ ក្នុងការរួមចំណែកសម្រេចបាននូវចក្ខុវិស័យនៃគោលនយោបាយសេវាសាធារណៈរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពនៃការផ្តល់សេវារដ្ឋបាលឱ្យកាន់តែប្រសើរឡើងជូនប្រជាពលរដ្ឋ។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ក្នុងឱកាសបើកសិក្ខាសាលានេះថា “ការដាក់ចេញអនុក្រឹត្យ និងលិខិតបទដ្ឋាននានានៅពេលនេះគឺជាសមិទ្ធផលថ្មីបន្ថែមទៀតក្នុងការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការ និងសំណូមពរជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន”។

អនុក្រឹត្យ ស្តីពីការបង្កើតយន្តការច្រកចេញចូលតែមួយ មានគោលបំណងលើកកម្ពស់គុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល តម្លាភាព និងគណនេយ្យភាពនៃការផ្តល់សេវានៅរដ្ឋបាលថ្នាក់ក្រោមជាតិតាមរយៈការប្រមូលផ្តុំការផ្តល់សេវារដ្ឋបាលលើវិស័យនានានៅកន្លែងតែមួយ ដើម្បីបង្កលក្ខណៈងាយស្រួល និងឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។

អនុក្រឹត្យ ស្តីពីការបង្កើតការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ មានគោលបំណងលើកកម្ពស់អភិបាលកិច្ចល្អក្នុងការផ្តល់សេវា និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាននៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការពង្រឹងតួនាទី ភារកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការទទួលនិងការសម្រុះសម្រួលដោះស្រាយបណ្តឹងនៅក្រៅប្រព័ន្ធតុលាការដែលពាក់ព័ន្ធទៅនឹងការផ្តល់សេវាសាធារណៈ និងការគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិ ប្រកបដោយតម្លាភាព គណនេយ្យភា និងប្រសិទ្ធភាពសំដៅបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

តាំងពីមានការអនុវត្តសាកល្បងនូវការិយាល័យច្រកចេញចូលតែមួយក្នុងឆ្នាំ២០០៥ ក្រោមការសម្របសម្រួលរបស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងមានការចូលរួមពីដៃគូអភិវឌ្ឍន៍នានា ក្រសួងមហាផ្ទៃបានសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនានារៀបចំបង្កើតជាបន្តបន្ទាប់នូវការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋនៅថ្នាក់រដ្ឋបាលក្រុង ស្រុក ខណ្ឌគោលដៅមួយចំនួន ដើម្បីប្រមូលផ្តុំការផ្តល់សេវារដ្ឋបាលមួយចំនួននៅកន្លែងតែមួយ តាមរយៈការធ្វើប្រតិភូកម្មមុខងារក្នុងការផ្តល់សេវារដ្ឋបាលចំនួនប្រមាណជាង២០០ប្រភេទ ពីក្រសួង ស្ថាប័នចំនួន១០។ រហូតមកដល់ឆ្នាំ២០១៧នេះ ការិយាល័យទាំងពីរត្រូវបានបង្កើតឡើងនៅថ្នាក់រដ្ឋបាលក្រុង ស្រុក ខណ្ឌ បានចំនួន៤៦ នៃរាជធានី ខេត្តទាំង២៥ ដែលក្នុងនោះរួមមាននៅរដ្ឋបាលក្រុងចំនួន២៦ រដ្ឋបាលស្រុកចំនួន៨ និងរដ្ឋបាលខណ្ឌចំនួន១២ ស្មើនឹង២៣% នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌទូទាំងប្រទេស។

ផ្អែកតាមការវាយតម្លៃនានារួមទាំងការវាយតម្លៃផ្ទៃក្នុង និងការវាយតម្លៃពីខាងក្រៅបានបង្ហាញឱ្យឃើញថា ការផ្តល់សេវារដ្ឋបាលតាមការិយាល័យច្រកចេញចូលតែមួយ ការទទួល និងការសម្រុះសម្រួលដោះស្រាយពាក្យបណ្តឹងតវ៉ារបស់ប្រជាពលរដ្ឋជាមួយនឹងរដ្ឋបាលក្រុង ស្រុក ខណ្ឌ តាមរយៈការិយាល័យប្រជាពលរដ្ឋបានទទួលការពេញចិត្ត និងការជឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ មន្ត្រីរាជការ និងអ្នកពាក់ព័ន្ធនានាមានកម្រិតខ្ពស់គួរឱ្យកត់សម្គាល់៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់