ការ​ចុះ​ពិនិត្យ​ការ​បោះ​ទីតាំង​និង​ការ​ប្រើប្រាស់​ដី​របស់​ប្រជាជន​ទទួល​ដីសម្បទាន​សង្គមកិច្ច​នៅ​ឃុំ​ដា ស្រុក​ចិត្រ​បុរី ខេត្ត ក្រចេះ

ក្រចេះ ១១ កុម្ភៈ ២០១៣៖ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៣  ឯកឧត្ដម ជាម ប៉េអា  អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល

មូលដ្ឋានក្រសួងមហាផ្ទៃ និងជាប្រធានសម្របសម្រួលគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច  (LASED) បានដឹកនាំក្រុមការងារគម្រោងថ្នាក់ជាតិ ចុះទៅពិនិត្យការបោះទីតាំង និងការប្រើប្រាស់ដីរបស់ គ្រួសារទទួលបានដី សម្បទាន សង្គមកិច្ចនៅឃុំដារ និងឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ ដោយមានការចូលរួមពីសំណាក់លោក សួន ញ៉ាក អភិបាលស្រុកចិត្របុរី និងជាប្រធានសម្របសម្រួលគម្រោង LASED ស្រុក ក្រុមការងារថ្នាក់ខេត្ត ទីប្រឹក្សាថ្នាក់ខេត្ត មេឃុំ ស្មៀនឃុំ និងប្រជាពលរដ្ឋ ចូលរួមប្រមាណ ៣៥២នាក់ (ស្ត្រី១៣៤នាក់)។ 

ជាកិច្ចចាប់ផ្ដើម លោក សួស សុទ្ធារិទ្ធិ អនុប្រធានមន្ទីរ កសិកម្ម ខេត្តក្រចេះ និងជាសមាជិកក្រុមការងារបច្ចេកទេសខេត្ត បានធ្វើ ការរាយការណ៍ជូនឯកឧត្ដមប្រធាន និងក្រុមការងារថ្នាក់ជាតិ នូវខ្លឹមសារសំខាន់ៗដូចជា៖ វគ្គបណ្ដុះបណ្ដាល ដែលគម្រោងបាន ធ្វើការបណ្ដុះបណ្ដាលអំពីបច្ចេកទេសដាំដំណាំ និងចិញ្ចឹមសត្វ ជាដើម។ល។ លោកអនុប្រធានមន្ទីរកសិកម្ម ក៏បានជំរុញឲ្យប្រជាជន ចូលរួមក្នុងដំណើរការ របស់សហគមន៍អភិវឌ្ឍន៍កសិកម្ម និងធ្វើការ ដាំដុះដំណាំណាដែលឆាប់ ទទួលបាន ផលមានជាអាទិ៍ពពួកដំណាំ សណ្ដែកសៀងនិងពោតក្រហម។

បន្ទាប់មកលោក សួន ញ៉ាក អភិបាលស្រុកចិត្របុរីនិងជាប្រធាន សម្របសម្រួលគម្រោង LASED ថ្នាក់ស្រុក បានធ្វើការស្វាគមន៍ ក្រុមការងារថ្នាក់ជាតិ និងថ្នាក់ខេត្តនិងរាយការណ៍ អំពី ស្ថានភាព រីកចម្រើនរបស់គម្រោងនៅលើដីសម្បទានសង្គមកិច្ចនៃឃុំដារ និងឃុំថ្មី ក៏ដូចជាការរីកចម្រើនក្នុងស្រុក ចិត្របុរីទាំងមូលដែល កើតឡើងដោយសារមានការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។  

ទន្ទឹមនឹងនេះលោកអភិបាលស្រុកបានរាយការណ៍ពីភូមិសាស្ត្រដីសម្បទាននៅឃុំដារ មានផ្ទៃដីសរុបៈ ៥៧២ហិចតា ក្នុងនោះបែងចែកជា៖ ដីកសិកម្មមានទំហំ ៣៨៦ ហិចតា, ដីលំនៅឋាន ២៩៦ហិចតា (សរុបៈ ៤០២ គ្រួសារ) និងឃុំថ្មី មានផ្ទៃដីសរុបៈ ៦០៨,៤ហិចតា ដីកសិកម្មមានទំហំ ៥៥៨ ហិចតា, ដីលំនៅឋាន ៥០,៤ហិចតា (សរុបៈ ៤៣២គ្រួសារ)។ ក្នុងនោះគម្រោង LASEDបានផ្ដល់ជូននូវសម្ភារៈប្រើប្រាស់ដូចជាៈ ចបកាប់ កាំបិត ប៉ែល ភួយ មុង កូនឈើហូបផ្លែ ចង្កៀងប្រើពន្លឺព្រះអាទិត្យ បង្គន់អនាម័យ អណ្ដូងទឹកស្អាត ស្រះទឹក ប៉ុស្តិ៍សុខភាព ផ្លូវលំ និង សាលារៀន…។ល។ ជូនដល់គ្រួសារអ្នកទទួលបានដីសម្បទានប្រើប្រាស់។ 

លោកអភិបាលក៏បានធ្វើការណែនាំដល់គ្រួសារទទួលបានដីសម្បទានសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ទាំងអស់ ត្រូវខិតខំប្រកបមុខរបររកស៊ី ពិសេសខិតខំដាំដុះដំណាំនៅលើដីបងប្អូន ដែលរាជរដ្ឋាភិបាលបានប្រគល់ជូន។ «សូមបងប្អូនត្រូវយកដីទាំងនេះទៅប្រើប្រាស់ឲ្យបានចំគោលដៅ ដើម្បីបង្កើនជីវភាពរស់នៅឲ្យបានប្រសើរឡើង»។

 

ជាទីបញ្ចប់ឯកឧត្ដម ជាម ប៉េអា  អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋានក្រសួងមហាផ្ទៃនិងជាប្រធានសម្របសម្រួល គម្រោង LASED បានពាំនាំនូវការផ្ដាំសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋទាំងអស់ពីសំណាក់ ឯកឧត្ដម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ឯកឧត្ដមបានចង្អុលបង្ហាញក្នុងការបង្កើតគម្រោង LASEDនេះ កើតឡើងដោយសារការខិតខំប្រឹងប្រែង ពីរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលសម្ដេចជានិច្ចជាកាលតែងតែ ខិតខំ ស្វះស្វែងទំនាក់ទំនងជាមួយដៃគូអភិវឌ្ឍន៍ (IDA) ដើម្បីជួយដល់ប្រជាពលរដ្ឋដែលគ្មានដីនិងមានដីតិចតួចដើម្បីការអភិវឌ្ឍ ដើម្បីការរីកចម្រើននៃជីវភាពរស់នៅ របស់ប្រជាជនដូចដែលពួកគាត់បានឃើញតាមរយៈវេទិកាប្រជុំអាស៊ានថ្មីៗនេះ។ 

 

បន្ទាប់មក ឯកឧត្ដម បានបង្ហាញដល់ប្រជាពលរដ្ឋនូវសក្ដានុពលនៃដីសម្បទានសង្គមកិច្ច ដោយលើកឧទាហរណ៍ពីចំណូលដែលនឹងកើតមានឡើងពីការដាំដំឡូងមី។ តែទោះបីយ៉ាងណាក៏ឯកឧត្ដមបានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ឲ្យចេះដាំដំណាំឆ្លាស់រដូវដើម្បីការពារនិងគ្រប់គ្រងជីវជាតិដី ហើយត្រូវខិតខំធ្វើការដាំដុះប្រើប្រាស់ដីរយៈពេល០៥ឆ្នាំ ដែលគម្រោងបានផ្ដល់ជូនស្របច្បាប់ទើបពួកគាត់ក្លាយជាម្ចាស់កម្មសិទ្ធិដីនោះបាន។

 

ឯកឧត្ដមប្រធានក៏បានជំរុញឲ្យប្រជាពលរដ្ឋទាំងអស់ចូលរួមការងារសហគមន៍អភិវឌ្ឍន៍កសិកម្ម ពីព្រោះសហគមន៍មាន រចនាសម្ព័ន្ធសព្វគ្រប់ក្នុងការជួយធានាដល់ការរកទីផ្សារសម្រាប់លក់ដូរផលិតផលរបស់សមាជិកសហគមន៍របស់ខ្លួនហើយ ជួយធានាដល់សិទ្ធិរបស់សមាជិកដោយមិនរើសអើងពីជីវភាពឬកម្រិតយល់ដឹងឡើយ។ ក្នុងនោះឯកឧត្ដម ក៏បានជំរុញឲ្យប្រជាជន និងអាជ្ញាធរមូលដ្ឋានចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលនៅតាមដីសម្បទានសង្គមកិច្ចនីមួយៗផងដែរ៕ អត្ថបទៈ ក្រុមការងារគម្រោង  LASED

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់