ការអនុវត្ត​មុខងារ​ជា​ជម្រើស​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មាន​ជីវភាព​កាន់តែ​ល្អប្រសើរ​

​ខេត្តបាត់ដំបង​៖ តំណាង​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ និង​ដៃគូ​អភិវឌ្ឍន៍​សុទ្ធតែ​មើលឃើញ​ដូចគ្នា​ថា ប្រជាពលរដ្ឋ​មាន​ជីវភាព​ល្អប្រសើរ ក្រោយ​ការអនុវត្ត​មុខងារ​ជា​ជម្រើស​ដែល​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ពួកគាត់​។​

​លោក ថាប់ សារ៉ន ប្រធាន​ក្រុមប្រឹក្សា​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​បានទទួល​ស្គាល់​ថា ការអនុវត្ត​មុខងារ​ជា​ជម្រើស​ពិតជា​ឆ្លើយតប​នឹង​តម្រូវការ​ជាក់ស្តែង​រប​ស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។

ប្រធាន​ក្រុមប្រឹក្សា​ដែល​កំពុងកាន់​តំណែង​ក្នុង​អាណត្តិ​ទី​២​របស់ខ្លួន​វ័យ ៦២​ឆ្នាំ​រូបនេះ បានឱ្យដឹងថា ប្រជាពលរដ្ឋ​រស់នៅក្នុង​មូលដ្ឋាន​ជាង ៤​ម៉ឺន​នាក់​ស្មើនឹង​ជាង ៦០​ភាគរយ​បានទទួល​ប្រយោជន៍​ពី​វិស័យ​ទេសចរណ៍ និង​ទំនាក់ទំនង​បដិសណ្ឋារកិច្ច​ក្រោយពី​អាជ្ញាធរ និង​ដៃគូ​អភិវឌ្ឍន៍​រៀបចំ​ឱ្យមាន​សហគមន៍​ទេសចរណ៍​នៅ​ស្រុក​បន្ទាយស្រី​ដែលជា​ការអនុវត្ត​មុខជា​ជម្រើស​រួចមក​។​

​លោក​មានប្រសាសន៍ថា​”…​ចាប់តាំងពី​ឆ្នាំ២០១០ដល់​២០១៧​នេះ ប្រជាពលរដ្ឋ​សហគមន៍​មូលដ្ឋាន​មាន​ជីវភាព​ប្រសើរ​។ ពួកគាត់​ចេះ​ផលិត​ផលិតផល​អនុស្សាវរីយ៍​លក់​និង​ដាំ​ដុះ​បន្លែ​ផ្លែឈើជាដើម ពិសេស​អ្នកលក់​នំ​បញ្ចុក​កើន​ពី១០​គ្រួសារ មុន​ឆ្នាំ២០១០រហូតដល់១០០​ទៅ​២០០​គ្រួសារ​នាពេល​បច្ចុប្បន្ន​។ ក្រៅពីនេះ ពួកគាត់​ក៏បាន​រៀបចំ​ឱ្យមាន​ផ្ទះ​ស្នាក់​ជា​លក្ខណៈ​បុរាណ​នៅតាម​សហគមន៍ រហូត​ដល់ផ្ទះ​ស្នាក់​លំដាប់​ប៊ូ​ទិ​ក​។ ពួកគាត់​អាច​នាំ​អ្នកទេសចរ​ដើរ​ទស្សនា​ប្រាសាទ ភូមិដ្ឋាន កសិដ្ឋាន ជិះ​រទេះគោ ជិះទូក​មើល​ទេសភាព​ធម្មជាតិ​ព្រៃព្រឹក្សា ជិះ​កង់​កម្សាន្ត​ដែល​ចេញពី​ការឡើង​ភ្នំនិង​ការ​ជិះ​កង់​ឆ្លងកាត់​ភូមិ​មួយ​ទៅ​ភូមិ​មួយទៀត​និង​ទីកន្លែង​សក្ការៈ​នានា​…”​។​

​ក្រៅពី​ការជួយ​លើកស្ទួយ​កម្រិតជីវភាព​ប្រជាពលរដ្ឋ គំនិត​ផ្តួចផ្តើម​ទេសចរណ៍​មូលដ្ឋាន​ក្នុងស្រុក​បន្ទាយស្រី​ក៏បាន​ជួយ​ចូលរួម​កាត់បន្ថយ​ការ​ចំណាកស្រុក​របស់​ប្រជាពលរដ្ឋ​ទៀតផង​។ នេះ​បើតាម​ប្រសាសន៍​របស់លោក ថាប់ សារ៉ន​។​

ជាមួយគ្នានេះដែរ លោក ឈាន តឿន ប្រធាន​ក្រុមប្រឹក្សា​ស្រុក​បាណន់ ខេត្ត​បាត​ប់​ដំបង ដែល​កំពុង​រៀបចំ​អនុវត្ត​មុខងារ​ជា​ជម្រើស​ពាក់ព័ន្ធ​នឹង​ការលើកកម្ពស់​អនាម័យ​ចំណីអាហារ និង​ភេសជ្ជៈ​នៅតាម​សាលារៀន​ផង​នោះ បានចាត់ទុក​ការអនុវត្ត​មុខងារ​នេះ​ជា​ជម្រើស​អាទិភាព​សម្រាប់​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​។​

​ចំពោះ​ការងារ​ជា​អាទិភាព​នេះ ប្រធាន​ក្រុមប្រឹក្សា​ស្រុក​បាណន់​វ័យ​៦៤​ឆ្នាំ​ដែល​កំពុង​កាន់តំណែង​ក្នុង​អាណត្តិ​ទី​២​របស់លោក​ជឿជាក់ថា សិស្សានុសិស្ស​តាម​សាលារៀន​ក្នុងស្រុក​នឹង​កាន់​តែមាន​អនាម័យ និង​សុខភាព​ល្អ​ជាង​មុន នៅពេល​ពួកគាត់​ចុះ​បញ្ជ្រាប​យុទ្ធសាស្ត្រ​អនាម័យ​នៅ​ដើមឆ្នាំ​២០១៨​ខាងមុខនេះ​។​

​លោក​មានប្រសាសន៍ថា​“​សិស្សានុសិស្ស​ជា​ទំពាំង​ស្នង​ឬ​ស្សី ដូច្នេះ​យើង​ត្រូវ​ថែរក្សា​ទំពាំង​ឱ្យបាន​ល្អ​។ សុខ​ភាពជា​រឿង​សំខាន់​ណាស់​។ ខ្ញុំ​ចង់ឃើញ​ពួកគាត់​មាន​សុខភាព​ល្អ និង​ក្លាយជា​ធនធាន​ឆ្នើម​សម្រាប់​អភិវឌ្ឍ​ខ្លួនគេ គ្រួសារ និង​ស្រុកទេស​វិញ​”​។​

​ថ្លែង​ក្នុងឱកាស​សិក្ខាសាលា​ផ្លាស់ប្តូរ​បទពិសោធន៍​ស្តីពី​ការអភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន និង​មុខងារ​ជា​ជម្រើស ដែល​ប្រព្រឹត្តិ​ឡើង​ក្នុង​ខេត្តបាត់ដំបង​កាលពី​ថ្ងៃ​ទី​៥-៦​ខែធ្នូ​លោក ជ័យ សម្បត្តិ​ផល្លា អនុប្រធាន​អង្គភាព​វិភាគ និង​អភិវឌ្ឍន៍​គោលនយោបាយ និង​ជា​តំណាង​លេខាធិការដ្ឋាន គ​.​ជ​.​អ​.​ប បាន​មានប្រសាសន៍ថា​“​ការអនុវត្ត​មុខងារ​នេះ​ធ្វើឱ្យ​ការអភិវឌ្ឍ​មាន​និរន្តរភាព ក្នុង​គោលបំណង​ធ្វើឱ្យ​ប្រសើរឡើង​ទាំង​ជីវភាព និង​គុណភាព​ជីវិត​របស់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​”​។​

​កញ្ញា ANNA Klienschroth ​ប្រធាន​គម្រោង​សហភាព​អឺរ៉ុប​សម្រាប់​គាំទ្រ​កំណែទម្រង់​វិមជ្ឈការ និង​រដ្ឋបាល (EUDAR)​បាន​ទទួលស្គាល់ថា ការអនុវត្ត​មុខងារ​ជា​ជម្រើស​ពិតជា​ឆ្លើយតប​នឹង​តម្រូវការ​ពលរដ្ឋ​។ កញ្ញា​មើលឃើញថា ទាំង​អាជ្ញាធរ ដៃគូ​អភិវឌ្ឍន៍ និង​ប្រជាពលរដ្ឋ​សុទ្ធតែ​បាន​ចូលរួម​សម្រេចចិត្តរួម​​​គ្នា​ក្នុង​​​ដំណើរ​​ការ​អភិវឌ្ឍន៍​​​ឱ្យមាន​​​និរន្តរភាព​។ ការងារ​ទាំងនោះ រួមមាន ការគ្រប់គ្រង​សំរាម​សំណង់​រឹង ការអប់រំ សេវា​សង្គម និង​ការបញ្ជ្រាប​យេនឌ័រ​ជាដើម​។ កញ្ញា​បញ្ជាក់ថា “​យើង​សង្កេតឃើញថា គ្រប់ភាគី​ទាំងអស់​មាន​ឆន្ទៈ​បំពេញការងារ​តាម​ភារកិច្ច​រៀងៗ​​​​ខ្លួន​។ យើង​នឹង​អភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន​តាម​តំបន់​ជនបទ​គ្រប់កន្លែង​នៅ​ថ្ងៃ​អនាគត​ប្រកបដោយ​ផ្លែផ្កា​”​។​

​ការអនុវត្ត​មុខជា​ជម្រើស​មាន​គោលបំណង​លើកកម្ពស់​ការទទួលខុសត្រូវ​របស់​ក្រុមប្រឹក្សា​នៃ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ក្នុងការ​ប្រើប្រាស់​នូវ​សិទ្ធិអំណាច​របស់ខ្លួន​ប្រកប ដោយ​​​គណនេយ្យភាព តម្លាភាព ប្រសិទ្ធភាព និង​សមធម៌ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​។​ ​ក្រុមប្រឹក្សា​នៃ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​អាច​ផ្តួចផ្តើម​ជ្រើសរើស​មុខងារ​ជា​ជម្រើស​មក​អនុវត្ត​ដោយ​ផ្អែកលើ​តម្រូវការ​របស់​ប្រជាពលរដ្ឋ ឬ​អាទិភាព​នៃ​មូលដ្ឋាន​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន និង​ផ្អែក​ទៅតាម​សមត្ថភាព​ផ្នែក​រដ្ឋបាល បច្ចេកទេស និង​ហិរញ្ញវត្ថុ​ដែល​ខ្លួន​មាន​។ គួររំលឹកថា រាជរដ្ឋាភិបាល​បានចេញ​អនុក្រឹត្យ​ស្តីពី​ការជ្រើសរើស ការគ្រប់គ្រង ការចាត់ចែង និង​ការអនុវត្ត​មុខងារ​ជា​ជម្រើស​ដោយ​ក្រុមប្រឹក្សា​នៃ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ កាលពី​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៤៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់