ការចែករំលែកបទពិសោធន៍រវាងក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ

បាត់ដំបង ១៥ កក្កដា ២០១៣៖ យោងតាមក្របខ័ណ្ឌយុទ្ធសាស្រ្តស្តីពីការអភិវឌ្ឍសមត្ថភាព សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ទស្សនកិច្ចសិក្សាត្រូវបានចាត់ទុកថា ជាវិធីសាស្រ្តមួយយ៉ាងមានប្រសិទ្ឋភាពក្នុងចំណោមវិធីសាស្រ្តនានាសម្រាប់ការអភិវឌ្ឍសមត្ថភាព ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ…

បាត់ដំបង ១៥ កក្កដា ២០១៣៖ យោងតាមក្របខ័ណ្ឌយុទ្ធសាស្រ្តស្តីពីការអភិវឌ្ឍសមត្ថភាព សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ទស្សនកិច្ចសិក្សាត្រូវបានចាត់ទុកថា ជាវិធីសាស្រ្តមួយយ៉ាងមានប្រសិទ្ឋភាពក្នុងចំណោមវិធីសាស្រ្តនានាសម្រាប់ការអភិវឌ្ឍសមត្ថភាពដល់រដ្ឋបាលថ្នាក់ក្រោមជាតិ។ 

ជាក់ស្តែង ដោយមានការសហការ សម្របសម្រួល និងគាំទ្រពីកម្មវិធីសហភាពអឺរ៉ុបដើម្បីលើកកម្ពស់ការបំពេញការងារ គណនេយ្យភាព និងការចូលរួមរបស់ប្រជាពលរដ្ឋ  (EU-SPACE)  កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ (RED GREEN BELT) នៃអង្គការ  GIZ  និងអង្គការ VSO នៃខេត្តរតនគីរី  លេខាធិការដ្ឋាន គ.ជ.អ.ប បានរៀបចំទស្សនកិច្ចសិក្សាចំនួនពីរលើក ដែលលើកទី១រៀបចំឡើងសម្រាប់ក្រុមប្រឹក្សាមកពីខេត្តសៀមរាបទៅសិក្សារៀនសូត្រជាមួយក្រុមប្រឹក្សាស្រុកកំពង់ត្រឡាច ក្រុមប្រឹក្សាស្រុកបរិបូណ៌ និងក្រុងកំពង់ឆ្នាំងនៃខេត្តកំពង់ឆ្នាំង និងលើកទី២រៀបចំសម្រាប់ក្រុមប្រឹក្សាមកពីខេត្តរតនគិរីទៅសិក្សារៀនសូត្រជាមួយក្រុមប្រឹក្សាក្រុងកំពង់ឆ្នាំង និងក្រុមប្រឹក្សាស្រុកកំពង់ត្រឡាចនៃខេត្តកំពង់ឆ្នាំង។

ការជួបសម្តែងការគួរសមរបស់គណៈប្រតិភូខេត្តសៀមរាប ជាមួយក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង។

ដំណើរទស្សកិច្ចសិក្សា រៀនសូត្រ និងការផ្លាស់ប្តូរបទពិសោធន៍នេះផ្តោតលើប្រធានបទសំខាន់ៗមួយចំនួនដូចជា ដំណើរការរៀបចំកិច្ចប្រជុំប្រចាំខែក្រុមប្រឹក្សា និងដំណើរការនៃការធ្វើសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សា ព្រមទាំងរបៀបទំនាក់ទំនងការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិជាមួយប្រជាពលរដ្ឋផងដែរ។

នៅក្នុងដំណើរការទស្សកិច្ចសិក្សានេះ ប្រតិភូមកពីខេត្តទាំងពីរមានឱកាសក្នុងពិភាក្សា អង្កេត និងសួរសំណួរនានាពាក់ព័ន្ធនឹងការរៀបចំកិច្ចប្រជុំ ដំណើរការកិច្ចប្រជុំ និងការតាមដានការអនុវត្តបន្ទាប់ពីកិច្ចប្រជុំ ព្រមទាំងសួរសំណួរពាក់ព័ន្ធទៅនឹងរបៀបនៃការប្រមូលបញ្ហាដាក់ក្នុងរបៀបវារៈនៃកិច្ចប្រជុំ និងវិធីសាស្ត្រមួយចំនួនដើម្បីធានាថាសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាត្រូវបានអនុវត្តជាដើម។

ឆ្លើយតបចំពោះចម្ងល់ទាំងនេះ ក្រុមប្រឹក្សាក្រុង ស្រុកនៃខេត្តកំពង់ឆ្នាំង បានធ្វើការបកស្រាយ ពន្យល់ និងចែករំលែកបទពិសោធន៍ដែលខ្លួនមានជូនភ្ញៀវបានយ៉ាងក្បោះក្បាយ និងល្អិតល្អន់។ ជាមួយគ្នានេះ លោក អៀន ឈៀ ប្រធានក្រុមប្រឹក្សាស្រុកកំពង់ត្រឡាចបានគូសបញ្ជាក់បន្ថែមអំពីសារៈសំខាន់នៃការធ្វើការរួមគ្នារវាងក្រុមប្រឹក្សា និងគណៈអភិបាលដើម្បីដោះស្រាយបញ្ហានានានៅមូលដ្ឋាន។

ក្នុងដំណើរទស្សនកិច្ចសិក្សានេះ ប្រតិភូមកពីខេត្តសៀមរាប និងខេត្តរតនគិរីក៏បានជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង និងក្រុមការងាររបស់លេខាធិការដ្ឋាន គ.ជ.អ.ប ផងដែរ។

ក្នុងជំនួបនេះ លោក សុខ សុទ្ធី អនុប្រធានអង្គភាពវិភាគ និងអភិវឌ្ឍន៍គោលនយោបាយនៃលេខាធិការដ្ឋាន គ.ជ.អ.ប បានផ្តល់បទបង្ហាញមួយចំនួនពាក់ព័ន្ធនឹងការគាំទ្រនាពេលបច្ចុប្បន្នរបស់លេខាធិការដ្ឋាន គ.ជ.អ.ប ដល់ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ និងបង្ហាញពីតួនាទីរបស់មន្ត្រីសម្របសម្រួលក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង និងក្រុមប្រឹក្សាស្រុក ដែលបានជ្រើសរើស។ បទបង្ហាញរបស់លោកបានផ្តល់ឲ្យអ្នកចូលរួមយល់កាន់តែច្បាស់ជាងមុនទាក់ទងនឹងយន្តការអភិវឌ្ឍ សមត្ថភាពរយៈពេលវែងសម្រាប់ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះលោក សុខ សុទ្ធី ក៏បានបកស្រាយពន្យល់បញ្ជាក់បន្ថែមនូវបញ្ហាមួយចំនួនដែលបានលើកឡើងដោយអ្នកចូលរួមផងដែរ។

បទបង្ហាញរបស់លោក សុខ សុទ្ធី អនុប្រធានអង្គភាពវិភាគ និងអភិវឌ្ឍគោលនយោបាយនៃ លេខាធិការដ្ឋាន គ.ជ.អ.ប។

ជាផ្នែកមួយនៃទស្សនកិច្ចនេះ ការជួបពិភាក្សាជាមួយក្រុមប្រឹក្សាជាស្រ្តីក៏ត្រូវបានរៀបចំឡើងផងដែរ។ ក្រុមប្រឹក្សាជាស្ត្រីក្នុងខេត្តកំពង់ឆ្នាំង បានជម្រាបជូនភ្ញៀវអំពីភាពចាំបាច់នៃការអភិវឌ្ឍសមត្ថភាព ដែលខ្លួនបានទទួលពីលេខាធិការដ្ឋាន គ.ជ.អ.ប និងកម្មវិធី EU-SPACE ដើម្បីពង្រឹងសមត្ថភាពផ្ទាល់ខ្លួន ក៏ដូចជាជំនាញផ្នែកគោលនយោបាយ និងការចងក្រងបណ្តាញទំនាក់ទំនងដើម្បីពង្រឹងទំនុកចិត្ត និងសមត្ថភាពជួយគ្នាទៅវិញទៅមក។

លោកស្រី គិត សោភ័ណ សមាជិកក្រុមប្រឹក្សាស្រុកបរិបូរណ៌។

អំឡុងពេលនៃការពិភាក្សាជាមួយអ្នកចូលរួមក្នុងទស្សនកិច្ចសិក្សា ក្រុមប្រឹក្សាជាស្ត្រីបានរៀបរាប់អំពីការអភិវឌ្ឍសមត្ថភាពរបស់ក្រុមប្រឹក្សាជាស្ត្រីម្នាក់ៗក្នុងរយៈពេលពីរឆ្នាំកន្លងមក ដោយការចាប់ផ្តើមពីស្ថានភាពមួយដែលខ្លួនគ្រាន់តែជាអ្នកចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាទៅជាអ្នកដែលអាចមានសមត្ថភាពក្នុងការពិភាក្សា វែកញែក និងការតស៊ូមតិបានសកម្មជាងមុនលើបញ្ហានានានៅក្នុងកិច្ចប្រជុំគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ក៏ដូចជាក្នុងកិច្ចប្រជុំក្រុមប្រឹក្សា។

ជារួម ការរៀបចំទស្សនកិច្ចសិក្សានេះផ្តល់នូវមេរៀន និងបទពិសោធយ៉ាងល្អសម្រាប់ទាំងក្រុមប្រឹក្សាជាភ្ញៀវ និងក្រុមប្រឹក្សាជាម្ចាស់ផ្ទះ។ ក្រុមប្រឹក្សាមកពីខេត្តសៀមរាប និងរតនគិរីបានយល់ដឹងកាន់តែច្រើនពីការរៀបចំកិច្ចប្រជុំ ការពិភាក្សា មុនពេលធ្វើសេចក្តីសម្រេច ការតាមដានការអនុវត្តសេចក្តីសម្រេច និងការទំនាក់ទំនងជាមួយប្រជាពលរដ្ឋ។ លើសពីនេះ ក្រុមប្រឹក្សាមកពីខេត្តទាំងពីរនេះបង្ហាញនូវឆន្ទៈក្នុងការយកចំណេះដឹង និងបទពិសោធន៍ដែលទទួលបានទៅអនុវត្តសាកល្បងនៅក្នុងរដ្ឋបាលរបស់ខ្លួននីមួយៗទៀតផង៕

 

គណៈប្រតិភូមកពីខេត្តរតនគីរី។

គណៈប្រតិភូមកពីខេត្តសៀមរាប។

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់