ការគាំទ្រដល់ក្រុមប្រឹក្សាជាស្ត្រីនៅក្នុងខេត្តកំពង់ឆ្នាំង និងខេត្តបាត់ដំបង “ការពង្រឹងក្រុមប្រឹក្សាជាស្ត្រីដែលជាប់ឆ្នោត ជួយឲ្យសម្លេងរបស់ពួកគាត់ត្រូវបានគេឮ”

ភ្នំពេញ ១៥ កក្កដា ២០១៣៖ ប្រជាពលរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដោយផ្ទាល់ចាប់តាំងពីឆ្នាំ២០០២មក។ នៅខែឧសភា ឆ្នាំ ២០០៩ ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ក៏ត្រូវបានបង្កើតឡើងផងដែរតាមរយៈការបោះឆ្នោតអសកល…

ភ្នំពេញ ១៥ កក្កដា ២០១៣

សាវតា
ប្រជាពលរដ្ឋនៃព្រះរាជាណាចក្រកម្ពុជាបានចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដោយផ្ទាល់ចាប់តាំងពីឆ្នាំ២០០២មក។ នៅខែឧសភា ឆ្នាំ ២០០៩ ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ក៏ត្រូវបានបង្កើតឡើងផងដែរតាមរយៈការបោះឆ្នោតអសកល។ សមាជិកក្រុមប្រឹក្សាជាស្ត្រីនៅមានចំនួនតិចតួចនៅឡើយក្នុងក្រុមប្រឹក្សានៅគ្រប់កម្រិត ហើយពួកគាត់ក៏ជួបឧបសគ្គជាច្រើនផងដែរ។ ពួកគេមានតួនាទីទាប ដោយសារកង្វះបទពិសោធន៍ក្នុងការបង្ហាញមុខជាសាធារណៈ និងមានបន្ទុកការងារជាច្រើនរួមទាំងការរើសអើងខ្លះក្នុងរូបភាពផ្សេងៗគ្នាពីសំណាក់ក្រុមប្រឹក្សាជាបុរស ពីបុគ្គលិករដ្ឋបាល និងពីប្រជាពលរដ្ឋ ដែលជាកត្តារារាំងដល់ការបំពេញការងាររបស់ក្រុមប្រឹក្សាជាស្ត្រីទាំងនោះ។ លើសពីនេះទៅទៀត នៅពេលដែលពួកគាត់ចូលរួមក្នុងដំណើរការសម្រេចចិត្តខាងនយោបាយ ពួកគាត់ច្រើនគិតតែលើបញ្ហារបស់ស្ត្រី ដូចជាការថែទាំកុមារ សុខភាពស្រី្ត និងកុមារ ការអប់រំកុមារ កិច្ចការពារដោយមិនសូវពាក់ព័ន្ធនឹងប្រធានបទដូចជា ថវិកា និងហេដ្ឋារចនាសម្ព័ន្ធនោះឡើយ។ 

ជាលទ្ធផល សម្លេង ទស្សនៈ និងចំណាប់អារម្មណ៍របស់ក្រុមប្រឹក្សាជាស្ត្រី គឺនៅតែមានកម្រិតនៅឡើយ ហើយគោលដៅដែលចង់ឲ្យក្រុមប្រឹក្សាជាស្ត្រីចូលរួមយ៉ាងសកម្មនៅក្នុងការធ្វើសម្រេចចិត្តផ្នែកនយោបាយនោះ គឺបានក្លាយជាការពិតតែមួយផ្នែកប៉ុណ្ណោះ។

ជាផ្នែកមួយនៃកំណែទម្រង់សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដែលកំពុងបន្តអនុវត្តនៅប្រទេសកម្ពុជា លេខាធិការដ្ឋាន គ.ជ.អ.ប បានសហការជាមួយនិងកម្មវិធីសហភាពអឺរ៉ុបដើម្បីលើកកម្ពស់ការបំពេញការងារ គណនេយ្យភាព និងការចូលរួមរបស់ប្រជាពលរដ្ឋ ដែលអនុវត្តដោយ GIZ ក្នុងការអភិវឌ្ឍសមត្ថភាពក្រុមប្រឹក្សាជាស្ត្រី ក្នុងខេត្តបាត់ដំបង និងកំពង់ឆ្នាំង ដើម្បីស្វែងរកដំណោះស្រាយចំពោះឧបសគ្គទាំងនេះ។ ក្នុងកិច្ចការនេះដែរ វិធីសាស្ត្រមួយត្រូវបានបង្កើតឡើង និងសាកល្បង ក្នុងគោលបំណងជួយពង្រឹងជំនាញបច្ចេកទេស និងការផ្លាស់ប្តូរឥរិយាបថរបស់ស្ត្រីទាំងនេះ និងបង្កើតបណ្តាញទំនាក់ទំនង ក្នុងការកសាងទំនុកចិត្ត និងសមត្ថភាពក្នុងការជួយខ្លួនឯង។

ការផ្តូចផ្តើម
នៅក្នុងខេត្តទាំងពីរនេះ ក្រុមប្រឹក្សាជាស្ត្រីទាំងអស់ពីក្រុមប្រឹក្សាខេត្ត  ក្រុមប្រឹក្សាក្រុង និងក្រុមប្រឹក្សាស្រុក បានចូលរួមក្នុងសកម្មភាព ដោយសហការជាមួយលេខាធិការដ្ឋាន គ.ជ.អ.ប និង EU-SPACE នេះដែរ ដែលសរុបមានចំនួន ១៧នាក់ នៅក្នុងខេត្តកំពង់ឆ្នាំង និង២៧នាក់នៅក្នុងខេត្តបាត់ដំបង។ ក្នុងនោះសមាសភាគសំខាន់ៗមានចំនួនដូចជា៖

  • វគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស (ការសម្រេចចិត្តដោយមានព័ត៌មានគ្រប់គ្រាន់ ការរៀបចំសំណើ) និងជំនាញក្នុងការផ្លាស់ប្តូរឥរិយាបថ (ការតស៊ូមតិ ការនិយាយជាសាធារណៈ ការសម្របសម្រួល)។ វគ្គបណ្តុះបណ្តាលទាំងនេះមានគោលដៅពង្រឹងសមត្ថភាព និងចំណេះដឹងរបស់ពួកគាត់ដើម្បីដោះស្រាយបញ្ហា និងបញ្ចេញនូវចំណាប់អារម្មណ៍របស់ពួកគាត់។ ឧទាហរណ៍ នៅក្នុងកិច្ចប្រជុំប្រចាំខែរបស់ក្រុមប្រឹក្សាជាដើម និងចែករំលែកព័ត៌មាន ចំំណេះដឹង និងបទពិសោធន៍ជាក់ស្តែងក្នុងចំណោមក្រុមប្រឹក្សាជាស្ត្រីគ្នាឯង។
  • សិក្ខាសាលានានា ដែលជួយពួកគាត់ក្នុងការវិភាគស្ថានភាពរបស់ពួកគាត់ និងមើលឲ្យឃើញនូវសក្តានុពល និងសារៈប្រយោជន៍នៃការកសាងបណ្តាញ និងការសហការដែលប្រសើរជាងមុន។

ផលប៉ះពាល់
ក្នុងចំណោមក្រុមប្រឹក្សាជាស្ត្រីដែលជាក្រុមគោលដៅទាំងអស់ មានការកើនឡើងនូវទំនុកចិត្តលើខ្លួនឯង និងការបំពេញតួនាទីរបស់ពួកគាត់ក្នុងនាមជាអ្នកតំណាងរបស់ប្រជាពលរដ្ឋ ។ នេះជាការសង្តេតឃើញដោយក្រុមប្រឹក្សាជាស្ត្រីខ្លួនឯងផ្ទាល់  ក្រុមប្រឹក្សាជាបុរសដែលធ្វើការជាមួយ និងមនុស្សជាច្រើនទៀតដែលនៅជុំវិញពួកគាត់ រួមទាំងគ្រួសារគាត់ផងដែរ។ ការអភិវឌ្ឍសមត្ថភាពរបស់ស្ត្រីទាំង ៤៤នាក់នេះ មានសក្តានុពល ក្នុងការចូលរួមចំណែកយ៉ាងសំខាន់ដល់សមភាពយែនឌ័រ និងការអភិវឌ្ឍទូទៅនៅក្នុងខេត្តគោលដៅទាំងពីរនេះ។

តាមរយៈការវាយតម្លៃខ្លួនឯងរបស់អ្នកចូលរួមក្នុងសិក្ខាសាលាមួយកាលពីខែ វិច្ឆិកា/ធ្នូ ឆ្នាំ២០១២ បានបង្ហាញថា៖

  • «ឥឡូវខ្ញុំអាចធ្វើឲ្យសម្លេងរបស់ខ្ញុំត្រូវបានគេឮក្នុងកិច្ចប្រជុំនានា ហើយខ្ញុំអាចលើកទឹកចិត្តដល់សមាជិកដទៃទៀតឲ្យចែករំលែកគំនិតរបស់ពួកគេ»។
  • «ឥឡូវខ្ញុំអាចរៀបចំសុន្ទរកថាបាន។ បន្ថែមពីនេះទៀត ខ្ញុំអាចរៀបចំសំណើសម្រាប់ឲ្យសមាជិកក្រុមប្រឹក្សាពិភាក្សាក្នុងកិច្ចប្រជុំក្រុមប្រឹក្សា»។
  • «ឥឡូវខ្ញុំមានការចេះដឹងជាងមុន ហើយអាចបញ្ចុះបញ្ចូលក្រុមប្រឹក្សាជាបុរសឲ្យទទួលស្គាល់នូវសមត្ថភាពរបស់ក្រុមប្រឹក្សាជាស្ត្រី»។
  • «ខ្ញុំធ្លាប់ជាមនុស្សឆាប់ខឹង និងមិនទទួលគំនិតរបស់អ្នកដទៃ ប៉ុន្តែឡូវខ្ញុំបានសង្កេតឃើញថាខ្លួនឯងបើកចំហរជាងមុន និងយល់ពីអារម្មណ៍របស់អ្នកដទៃ។ ជាងនេះទៅទៀត ខ្ញុំដឹងថាត្រូវតស៊ូមតិរបស់ខ្ញុំដោយវិធីណា ហើយមានទំនុកចិត្តច្រើនជាងមុនក្នុងការធ្វើសុន្ទរកថាជាសាធារណៈ»។
  • «នៅមុនពេលចូលរួមសិក្ខាសាលា ខ្ញុំមានការភ័យខ្លាចក្នុងការសម្របសម្រួលកិច្ចប្រជុំរបស់គណៈកម្មាធិការពិគ្រោះយោបល់ស្ត្រី និងកុមារ ពីព្រោះខ្ញុំគិតថាអ្នកចូលរួមជាអ្នកទទួលបានការអប់រំ និងមានបទពិសោធន៍ច្រើនជាងខ្ញុំ។ ឥឡូវនេះ បន្ទាប់ពីសិក្ខាសាលាមក ខ្ញុំមានទំនុកចិត្តជាងមុនក្នុងការសម្របសម្រួលកិច្ចប្រជុំរបស់ គ.ក.ស.ក»។

សកម្មភាពដែលគាំទ្រដល់ក្រុមប្រឹក្សាជាស្រ្តីក្នុងខេត្តកំពង់ឆ្នាំង និងខេត្តបាត់ដំបងមានតមៃ្លយ៉ាងខ្លាំងនៅក្នុងកម្មវិធីកំណែរទម្រង់សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតយ្យនៅថ្នាក់ក្រោមជាតិ ដើម្បីរួមចំណែកដល់ការសម្រេចគោលដៅនៃសមភាពយេនឌ័រ។
ការសិក្សាពីផលប៉ះពាល់គឺស្ថិតក្នុងដំណើរការរៀបចំ ហើយលទ្ឋផលដំបូង នឹងត្រូវបានរៀបចំឡើងនៅខែកញ្ញា ឆ្នាំ២០១៣។ ការសិក្សានេះនឹងបង្ហាញពីតម្រូវការរៀនសូត្របន្ថែមទៀតទាក់ទងនឹងការពង្រឹងតួនាទីបន្ថែមរបស់ស្រ្តីនៅក្នុងវិស័យនយេបាយ និងការលើកកម្ពស់សមភាពយែនឌ័រ។ ការសិក្សានេះក៏អាចផ្តល់នូវវិធីសាស្រ្តសម្រាប់ការអនុវត្តដែលអាចកើតមានឡើងនៅកន្លែងផេ្សងៗទៀតដែរ។ រៀបចំដោយៈ GIZ/EU-SPACE

ការកសាងបណ្តាញក្រុមប្រឹក្សាជាស្ត្រីមួយក្រុមក្នុងខេត្តបាត់ដំបងកំពុងចែករំលែក

បទពិសោធន៍ការងារ (ប្រភព៖ GIZ/EU SPACE)

ធ្វើឲ្យសម្លេងរបស់អ្នកត្រូវបានគេឮ ក្រុមប្រឹក្សាជាស្ត្រីមួយក្រុម

កំពុងអនុវត្តការនិយាយជាសាធារណៈ (ប្រភព៖ GIZ/EU SPACE)

ក្រុមប្រឹក្សាជាស្ត្រីកំពុងបង្ហាញខ្លួនដោយមានទំនុកចិត្តហើយគាត់ជាសមាជិក

ជាស្រ្តីតែម្នាក់គត់ក្នុងក្រុមប្រឹក្សាស្រុកនេះ (ប្រភព៖ GIZ/EU SPACE)

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់