គេហទំព័រលេខាធិការដ្ឋាន គ.ជ.អ.ប បាននិងកំពុងត្រូវកែសម្រួលថ្មីឱ្យប្រសើរជាងមុន

ឯកឧត្តម សក់ សេដ្ឋា អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​បើក​កិច្ចប្រជុំ​លើក​ទី​៣​របស់​គណៈកម្មការ​គ្រប់គ្រង​គម្រោង EU-DAR

​រាជធានី​ភ្នំពេញ​៖ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មាធិកា​រ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ (​គ​.​ជ​.​អ​.​ប​)​ និង​ជា​ប្រធាន​គណៈកម្មការ​គ្រប់គ្រង​គម្រោង​សហភាព​អឺរ៉ុប​សម្រាប់​គាំទ្រ​ដល់​កំណែទម្រង់​វិមជ្ឈការ និង​រដ្ឋបាល (EU-DAR)​ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​បើក​កិច្ចប្រជុំ​លើក​ទី​៣ នៃ​គណៈកម្មការ​គ្រប់គ្រងគម្រោង EU-DAR​ និង​មាន​អ្នកចូលរួម​ពីតំណាង​លេខាធិការដ្ឋាន​គ​.​ជ​.​អ​.​ប ​ក្រសួង​មុខងារសាធារណៈ ​រដ្ឋបាល​ខេត្តបាត់ដំបង និង​រដ្ឋបាល​ខេត្តកណ្តាល ​ព្រមទាំង​តំណាង​ភាគី​ផ្តល់ជំនួយ BMZ នៃ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ តំណាង GIZ ដែលជា​ភ្នាក់ងារ​អនុវត្ត​កម្មវិធី EU-DAR ​និង​តំណាង​សហភាព​អឺរ៉ុប​ដែលជា​សហ​ភាគី​ផ្តល់​មូលនិធិ​ដល់​កម្មវិធី EU-DAR​ ​ដើម្បី​ពិនិត្យ និង​ពិភាក្សា​លើ​កិច្ចការ​មួយចំនួន​ពាក់ព័ន្ធ​នឹង​គម្រោង​​។​

​សេចក្តីព្រាង​របៀបវារៈ​ដែល​បានកំណត់​ក្នុង​កិច្ចប្រជុំ​ដែល​ប្រព្រឹត្តឡើង​ក្នុង​សាលប្រជុំ​លេខាធិការដ្ឋាន គ​.​ជ​.​អ​.​ប កាល​ពីព្រឹក​ថ្ងៃទី​១៧ ខែវិច្ឆិកា​ឆ្នាំ​២០១៧ រួមមាន ១. ពិនិត្យ​របាយការណ៍​រីកចម្រើន​របស់​គម្រោង EU-DAR​ពី​ខែមេសា​ឆ្នាំ​២០១៧​ដល់​ខែតុលា​ឆ្នាំ​២០១៧​។ ២.​លទ្ធផល​សម្រេចបាន និង​បញ្ហា​ប្រឈម​ក្នុងការ​អនុវត្ត​គម្រោង EU-DAR និង​កិច្ចការ​ពិភាក្សា​រវាង​តំណាង​រាជរដ្ឋាភិបាល​ជាមួយ​ម្ចាស់ជំនួយ (​ស្ថានទូត​អាល្លឺម៉ង​និង​ប្រតិភូ​របស់​សហភាព​អឺរ៉ុប​)​។ ៣.​ផែនការ​បន្ទាប់ និង​៤.​កិច្ចការ​ផ្សេងៗ​។​

​ឯកឧត្តម សក់ សេដ្ឋា បានបញ្ជាក់​ទៅកាន់​ឯកឧត្តម លោកជំទាវ លោក លោកស្រី​ទាំង​អស់ពី​គោលបំណង​កម្មវិធី​ EU-DAR ថា EU-DAR ផ្តោត​ជា​ចម្បង​លើ​ការអនុវត្ត​សកម្មភាព​នានា​ដែល​រួមចំណែក​ដល់​ការសម្រេចបាន​នូវ​គោលបំណង​មួយចំនួន​នៃ​កម្មវិធី​កំណែទម្រង់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​ និង​កម្មវិធី​កំណែទម្រង់រដ្ឋបាល​សាធារណៈ​នៅ​ថ្នាក់ក្រុង ស្រុក​។ ឯកឧត្តម​បាន បន្ថែមថា តាមរយៈ​សកម្មភាព​ទាំងនេះ ​កម្មវិធី EU-DAR នឹង​នាំយក​គោលនយោបាយ​លិខិតបទដ្ឋាន​គតិយុត្ត និង​គោលការណ៍​ណែនាំ​នានា​ដែល​បានរៀបចំ​នៅក្នុង​ក្របខណ្ឌ​នៃ​កម្មវិធី​ជាតិ​កំណែទម្រង់​ទាំងពីរ ទៅ​អនុវត្ត​ជាក់ស្តែង​ជាមួយ​រដ្ឋបាល​ក្រុង​ ស្រុក​។​

«​ចក្ខុវិស័យ​របស់​កម្ម​វិធី EU-DAR គឺ​ធ្វើយ៉ាងណា​ឱ្យ​រដ្ឋបាល​ក្រុង ស្រុក​ផ្តល់​សេវា​ល្អប្រសើរ​ដល់​ប្រជាពលរដ្ឋ​ ដើម្បី​សម្រេចបាន​នូវ​ចក្ខុ​វិស័យនេះ​កម្មវិធី​បានកំណត់​នូវ​គោលបំណង​រួម​គឺ​រដ្ឋបាល​ក្រុង ស្រុក ​និង​ការិយាល័យ​ជំនាញ​នានា​ (​នៅ​ស្រុក​ដៃគូ​) ផ្តល់​សេវាសាធារណៈ​ប្រកបដោយ​គណនេយ្យភាព​ភាពឆ្លើយតប​នឹង​សុខដុម​នីយកម្ម​»​។​ ឯកឧត្តម សក់ សេដ្ឋា បញ្ជាក់​ពី​កម្មវិធី EU-DAR ដែល​បាន​រៀបចំឡើង​ស្របទៅតាម​កម្មវិធី​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ ២០១០- ២០១៩ ហើយ​ដែល​ត្រូវ​ពន្យារពេល​រហូតដល់​ឆ្នាំ​២០២០(​ជាពិសេស​ផអ​៣​ដំណាក់កាល​ទី​២​និង​ទី​៣) និង​កម្មវិធី​ជាតិ​កំណែទម្រង់រដ្ឋបាល​សាធារណៈ (២០១៥-២០១៨)​។

​សូមបញ្ជា​ក់ថា កម្មវិធី​EU-DAR មាន​លទ្ធផល​រំពឹងទុក​សំខាន់ៗ​ចំនួន​៤​ក្នុងនោះ រួមមាន លទ្ធផល​រំពឹងទុក​ទី​១ គឺ​ផ្តោតជាសំខាន់​លើ​ការអនុវត្ត​ឧបករណ៍​គ្រប់គ្រង​ និង​អភិវឌ្ឍ​ធនធានមនុស្ស ដែលជា​ប្រធានបទ​មួយ​ដ៏​សំខាន់​នៅក្នុង​កម្មវិធី​ជាតិ​កំណែទម្រង់រដ្ឋបាល​សាធារណៈ ដែល​ដឹកនាំ​អនុវត្ត​ដោយ​ក្រសួង​មុខងារសាធារណៈ​។​លទ្ធផល​រំពឹងទុក​ទី​២​ ផ្តោតលើ​ការអនុវត្ត​យន្ត​ការផ្តល់​សេវាសាធារណៈ​ដូចជា​១) ការអនុវត្ត​មុខងារ​ជា​កាតព្វកិច្ច​និង​មុខងារ​ជា​ជម្រើស​(​មុខងារ​ជា​អាណត្តិ​ទូទៅ​)​ដែលជា​មុខងារ​ដ៏​សំខាន់​របស់​ក្រុមប្រឹក្សា​នៃ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​សម្រាប់​ដោះស្រាយ​សេចក្តីត្រូវការ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​។ ២) ការអនុវត្ត​យន្តការ​ច្រកចេញចូល​តែមួយ​និង ៣) ការអនុវត្ត​យន្តការ​សេវា​ផ្សេងៗ​ទៀត (​ដូចជា​ស្តង់ដារ​សេវាសាធារណៈ​) ដើម្បី​ធានា​ដល់​គុណភាព​នៃ​ការផ្តល់សេវា​ជាដើម​។ លទ្ធផល​រំពឹងទុក​ទី​៣​ផ្តោតលើ​ការអនុវត្ត​ការផ្ទេរ​មុខងារ​ជាពិសេស​ក្នុង​វិស័យ​អប់រំ​និង​សុខាភិបាល​។​ចំពោះ​លទ្ធផល​រំពឹងទុក​ទី​៤ ដែលជា​លទ្ធផល​រំពឹងទុក​ចុងក្រោយ គឺ​ផ្តោតជាសំខាន់​លើ​ការអនុវត្ត​សាកល្បង​គោលនយោបាយ​នានា​ (Policy Experimentation) ចែករំលែក​បទពិសោធ​ជាមួយ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ដូចគ្នា​សម្រាប់​យកទៅអនុវត្ត​ និង​ការចែករំលែក​បទពិសោធ​ជាមួយ​ថ្នាក់ជាតិ​ ដើម្បី​ប្រមែប្រមូល​ធាតុ​ចូល​សម្រាប់​កែសម្រួល​ និង​រៀបចំ​គោលនយោបាយ​ និង​លិខិតបទដ្ឋាន​គតិយុត្ត​ថ្មីៗ​បន្ថែមទៀត​ ហើយក៏​ជា​មេរៀន​បទពិសោធ​សម្រាប់​ធ្វើជា​មូលដ្ឋាន​ក្នុងការ​ពង្រីក​វិសាលភាព​អនុវត្ត​ទៅ​ថ្នាក់រដ្ឋបាល​ក្រោម​ជាតិ​ផ្សេងៗ​ទៀតផង​ដែរ​៕

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់