គេហទំព័រលេខាធិការដ្ឋាន គ.ជ.អ.ប បាននិងកំពុងត្រូវកែសម្រួលថ្មីឱ្យប្រសើរជាងមុន

ឯកឧត្តម ងី ច័ន្ទ្រផល អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៤ របស់ គ.គ.អ.ស

រាជធានីភ្នំពេញ៖ ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការ​គ្រប់គ្រងការអនុវត្តផែនការយុទ្ធសាស្រ្តគណនេយ្យភាពសង្គម (គ.គ.អ.ស) បានអញ្ជើញជាអធិបតីដ៏​ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំលើកទី៤ របស់ គ.គ.អ.ស ដើម្បីពិនិត្យពិភាក្សា និងអនុម័តការងារអនុវត្តតាម​របៀប​វារៈ​កំណត់​ចំនួន ៥​ ។

របៀបវារៈទាំង ៥ ដែលបានកំណត់ក្នុងកិច្ចប្រជុំនៅព្រឹកថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ រួមមាន​ ១). ការពិនិត្យ និងពិភាក្សាអំពីរបាយការណ៍ វឌ្ឍនភាព បញ្ហាប្រឈម រយៈពេល ៩ខែដើមឆ្នាំ ២០១៧ និងទិសដៅអនុវត្តបន្ត។ ២). ការពិនិត្យ និងអនុម័តលើការកំណត់ស្រុកគោលដៅ​សម្រាប់​អនុវត្តការងារគណនេយ្យភាពសង្គមឆ្នាំ ២០១៨ ព្រមទាំងពិភាក្សាអំពីផែនការសកម្មភាព និងថវិកា​សម្រាប់អនុវត្តការងារគណនេយ្យភាពសង្គមឆ្នាំ ២០១៨។ ៣). បទបង្ហាញសង្ខេបស្តីពី របកគំហើញ​នៃដំណើរការអនុវត្តការងារគណនេយ្យភាពសង្គម ៤). បញ្ហាផ្សេងៗ និង៥). មតិបូកសរុប និងបិទកិច្ចប្រជុំ។

ថ្លែងបើកកិច្ចប្រជុំដែលប្រព្រឹត្តឡើងនៅក្នុងសាលប្រជុំអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ឯកឧត្តម ងី ច័ន្ទ្រផល បានកត់សម្គាល់ទៅកាន់ឯកឧត្តម លោកជំទាវ លោក លោកស្រីជាប្រធាន​អនុប្រធាន សមាជិករបស់ គ.គ.អ.ស តំណាងអង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ថា ការអនុវត្ត​ផែនការគណនេយ្យភាពសង្គម គឹជាផែនការសំខាន់មួយក្នុងកិច្ចដំណើរការកំណែទម្រង់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅថ្នាក់ក្រោមជាតិ។

ឯកឧត្តមមានប្រសាសន៍បញ្ជាក់ថា ផែនការនេះមានគោលបំណងចម្បងលើកកម្ពស់គុណភាព ប្រសិទ្ធភាព តម្លាភាព សមធម៌សង្គម និងគណនេយ្យភាពនៃការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍ​សេដ្ឋកិច្ច​​មូលដ្ឋាន ឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។

«សំខាន់បំផុតគឺការលើកកម្ពស់គុណភាព ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍ​សេដ្ឋកិច្ច​នៅក្នុងមូលដ្ឋាន។ នេះជាកត្តាគន្លឹះពីរសំខាន់ៗដែលជំរុញប្រទេសយើងឲ្យ​ក្លាយទៅជា​ប្រទេស​មាន​លទ្ធិប្រជាធិបតេយ្យដ៏រឹងមាំ»។ ឯកឧត្តម ងី ច័ន្ទ្រផល បញ្ជាក់ពីឆន្ទៈរបស់រាជរដ្ឋាភិបាល​ក្នុងការពង្រឹង​លទ្ធិប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដែលបានកំណត់តាមជំហាននីមួយៗ។

ជាមួយគ្នាដែរ ឯកឧត្តមបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់​ឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ដែលខិតខំអនុវត្តសេចក្តីសម្រេចចិត្ត និងការឯកភាព​នានា​ទាំងផ្នែកផ្គត់ផ្គង់ និងផ្នែកតម្រូវការ ក្នុងកិច្ចប្រជុំលើកទី៣ របស់ គ.គ.អ.ស ក្នុងឆ្នាំ២០១៦​កន្លងទៅ ស្របតាមតួនាទីរៀងៗខ្លួន។ បន្ថែមលើសពីនេះ ឯកឧត្តមបានវាយតម្លៃថា ការអនុវត្ត និងការផ្តល់សេវាសាធារណៈ​នៅ​រដ្ឋបាល​ថ្នាក់ក្រោមជាតិបានទទួលលទ្ធផលល្អប្រសើរជាងមុន ក្រោយពីការអនុវត្តផែនការគណនេយ្យភាព​សង្គម (I-SAF)​រួចមក។​

ជាថ្មីម្តងទៀត ឯកឧត្តមបានលើកទឹកចិត្តថ្នាក់ដឹកនាំក្រសួង ស្ថាប័ន អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ទាំ​ងអស់​​ឲ្យ​បន្តចូលរួម​ខិតខំ​អនុវត្តដំណើរការអនុវត្តការងារគណនេយ្យភាពសង្គម​របស់​គណៈ​កម្មាធិការគ្រប់គ្រងការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គម​នៅ​ថ្នាក់ក្រោមជាតិ (I-SAF PSC)ពីបច្ចុប្បន្ន ទៅថ្ងៃអនាគតឲ្យកាន់តែប្រសើរឡើងថែមទៀត។

សូមបញ្ជាក់ថា ​គណនេយ្យភាពសង្គមក្នុងកិច្ចដំណើរការកំណែទម្រង់ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅថ្នាក់ក្រោមជាតិ មានគោលបំណងផ្តល់នូវសិទ្ធិអំណាចដល់ប្រជាពលរដ្ឋ សហគមន៍មូលដ្ឋាន ជាពិសេស ក្រុមតំណាងផលប្រយោជន៍របស់ស្ត្រី យុវវ័យ និងក្រុមជនងាយ​រងគ្រោះនានា ក្នុងការចូលរួមពង្រឹងការចាត់ចែង ការប្រើប្រាស់ថវិកា និងការផ្តល់សេវាសាធារណៈ​នៅមូលដ្ឋាន តាមរយៈការលើកកម្ពស់នូវភាពងាយទទួលបានព័ត៌មាន និងការចូលរួមពិនិត្យតាមដាន​លើការងារថវិកា និងការបំពេញការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់