គេហទំព័រលេខាធិការដ្ឋាន គ.ជ.អ.ប បាននិងកំពុងត្រូវកែសម្រួលថ្មីឱ្យប្រសើរជាងមុន

ឯកឧត្ដម ងី ច័ន្ទ្រផល អញ្ជើញ​ជា​អធិបតីក្នុង​កម្មវិធី​ទស្សនកិច្ច​សិក្សា ស្វែងយល់​អំពី​ការ​អនុវត្ត​គណនេយ្យភាព​សង្គម ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ

វេទិកាសិក្សាស្វែងយល់ អំពីដំណើរការអនុវត្តការងារគណនេយ្យភាពសង្គមរបស់គណៈកម្មាធិការគ្រប់គ្រងការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គមនៅថ្នាក់ក្រោមជាតិ (I-SAF PSC) ត្រូវបានរៀបចំឡើងនៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧ នៅរដ្ឋបាលឃុំត្បែង ស្រុកកំពង់ស្វាយ ក្រោមអធិបតីភាព ឯកឧត្ដម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងការអនុវត្តផែនការយុទ្ធសាស្រ្តគណនេយ្យភាពសង្គមនៅថ្នាក់ក្រោមជាតិ អមដំណើរដោយឯកឧត្ដម ញ៉ឹក បានខេង អភិបាលរងខេត្តកំពង់ធំ និងមានអ្នកចូលរួមប្រមាណជិត ២០០នាក់។

លោក ជា គឹមថាន ប្រធានជាន់ខ្ពស់ប្រចាំតំបន់ព្រះវិហារ-កំពង់ធំ នៃអង្កការទស្សនៈពិភពលោកអន្តរជាតិ-កម្ពុជា បានលើកឡើងថា ផែនការគណនេយ្យភាពសង្គមថ្នាក់ក្រោមជាតិ ដែលជាតំណាងអង្គការសង្គមស៊ីវិល ក្នុងកម្មវិធីបេសកកម្មសិក្សាស្វែងយល់ការអនុវត្តន៍ផែនការគណនេយ្យភាពសង្គម គឺអនុវត្តជាក់ស្ដែង នូវបទពិសោធន៍ល្អ បញ្ហាប្រឈមនានាដែលជួបប្រទះនៅមូលដ្ឋាន និងពិភាក្សា ស្វែងរកដំណោះស្រាយ សំណូមពរ របស់ប្រជាពលរដ្ឋ ជាពិសេសជំរុញកិច្ចសហប្រតិបត្តិការរវាងអង្គការសង្គមស៊ីវិល និងអាជ្ញាធរពាក់ព័ន្ធស្របតាមយុទ្ធសាស្ត្រ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងក្របខណ្ឌលទ្ធិប្រជាធិបតេយ្យ ដើម្បីលើកទឹកចិត្តឲ្យមានការចូលរួម ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រាប់ទាំងប្រជាពលរដ្ឋ និងអាជ្ញាធរ ស្ថាប័នពាក់ព័ន្ធ រួមមាន ក្រុមប្រឹក្សាឃុំ សាលាបឋម និងមណ្ឌលសុខភាព។

ឯកឧត្តម ងី ច័ន្ទ្រផល មានប្រសាសន៍លើកឡើងថា នៅក្នុងឆ្នាំ២០១៧នេះ ការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គម និងកំពុងអនុវត្តក្នុងស្រុកគោលដៅចំនួន ៩៨ នៃខេត្តចំនួន ១៨ ដែលមានអង្គការសង្គមស៊ីវិល ចំនួន ៥ ដោយឡែកក្នុងខេត្តកំពង់ធំ កំពុងអនុវត្តទៅលើស្រុកចំនួន៦ស្រុក ក្នុងចំណោមស្រុកទាំងប្រាំបីរួមមាន ស្រុកកំពង់ស្វាយ ស្រុកសន្ទុក ស្រុកស្ទោង ស្រុកប្រាសាទបល្ល័ង្ក ស្រុកបារាយណ៍ និងស្រុកសណ្ដាន់ ទៅលើឃុំចំនួន ៦៨ឃុំ មណ្ឌលសុខភាព ចំនួន ៤៤មណ្ឌល និងសាលាបឋមសិក្សា ចំនួន ៤៦សាលា។ ឯកឧត្តមបន្ថែមទៀតថា ដើម្បីវាស់ស្ទង់អំពីគុណភាពនៃការអនុវត្តគណេយ្យភាពសង្គម ឲ្យមានប្រសិទ្ធភាព នៃការផ្ដល់សេវាសាធារណៈ ដែលឆ្លុះបញ្ចាំងប្រាំចំណុច រួមមាន៖ ១). គុណភាពព័ត៌មាន ២). ភាពងាយស្រួលក្នុងការទទួលសេវា ៣). ការយកចិត្តទុកដាក់ក្នុងការទទួលអ្នកប្រើប្រាស់សេវា ៤). សេវាផ្តល់តាមគោលការណ៍កំណត់ និងមានអភិបាលកិច្ចល្អ ៥). យន្តការទទួលព័ត៌មានត្រលប់ និងបណ្តឹងតវ៉ារបស់អ្នកប្រើប្រាស់សេវា។ ទន្ទឹមនឹងនោះដែរ ឯកឧត្ដម មានប្រសាសន៍ដោយសង្កត់ធ្ងន់ថា គណនេយ្យភាពសង្គម ដើរតួយ៉ាងសំខាន់ក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធ លទ្ធិប្រជាធិបតេយ្យហើយជាឧបករណ៍ដ៏សំខាន់ក្នុងការរួមចំណែកពង្រឹងនៃអភិបាលកិច្ចល្អ តាមបែបលទ្ធិប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន តាមរយៈការទទួលបាន និងផ្ដល់ព័ត៌មានពីប្រជាពលរដ្ឋយ៉ាងឆាប់រហ័ស ប្រជាពលរដ្ឋមានសិទ្ធិបញ្ចេញមតិយោបល់លើបញ្ហា និងការអភិវឌ្ឍ ភូមិ-ឃុំរបស់ខ្លួន ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយប្រជាពលរដ្ឋក្នុងដំណើរការពិភាក្សា ចរចា ធ្វើឲ្យមានភាពប្រសើរឡើង៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់